អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ជំរុញឱ្យអាម៉េរិកចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក​វិញ
27, May 2022 , 9:29 am        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីន អាឌើន ។ រូបថត Xinhua
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីន អាឌើន ។ រូបថត Xinhua
ដោយ:
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន នៅថ្ងៃទី២៦ ខែឧសភាជំរុញឱ្យអាម៉េរិកត្រលប់មកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) វិញ ប្រសិនអាម៉េរិកចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អាម៉េរិកចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះកាលពីឆ្នាំ២០១៧ ។

 
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន កំពុងដឹកនាំប្រតិភូទៅអាម៉េរិកដែលជាដំណើរទស្សនកិច្ចដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មេដឹកនាំក្រុងវែលីងតោននៅថ្ងៃទី២៦ ខែឧសភា បានជំរុញឱ្យក្រុងវ៉ាស៊ីនតោនត្រលប់មកចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ឡើងវិញ។ អាម៉េរិកបានដើរចេញពីកិច្ចព្រមព្រៀងនេះអំឡុងអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ។ 
 
«ប្រសិនបើអាម៉េរិកកំពុងមានគម្រោងចូលរួមផ្នែកសេដ្ឋកិច្ចក្នុងតំបន់យើង នោះវាគឺជាកន្លែងដែលត្រូវធ្វើហើយ»។ នាយករដ្ឋមន្រ្តីនូវែលសេឡង់ថ្លែងបែបនេះពីក្រុងវ៉ាស៊ីនតោន ដោយសំដៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP។ បើតាមលោកស្រី អាឌើន CPTPP ជាស្តង់ដារមាសសម្រាប់លើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។ 
 
ពាក់ព័ន្ធនឹងរឿងនេះ រដ្ឋបាលលោក បៃដិន ស្ទាក់ស្ទើរនឹងដើរចូលកិច្ចព្រមព្រៀង CPTPP វិញ ដោយសារបារម្ភពីផលប៉ះពាល់ទៅលើទីផ្សារការងាររបស់អាម៉េរិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ត្រូវបានចុះហត្ថលេខាដោយបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១១ ក្នុងឆ្នាំ២០១៨ ហើយគ្រប់ដណ្តប់១៣ភាគរយនៃសេដ្ឋកិច្ចពិភពលោក។
 
ការអត្ថាធិប្បាយរបស់លោកស្រី អាឌើន ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានសម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែលជាគំនិតផ្ដួចផ្ដើមថ្មីមានសមាជិក១៣ប្រទេសរួមមាននូវែលសេឡង់ដែរ ហើយគ្របដណ្ដប់ទំហំសេដ្ឋកិច្ចពិភពលោក៤០ភាគរយ។ គំនិតផ្តួចផ្តើមនៃកិច្ចព្រមព្រៀង IPEE អាចនឹងមិនរួមបញ្ចូលការកាត់បន្ថយពន្ធនាំចូលទេ។ ចំណុចនេះធ្វើឱ្យ IPEE រងការរិះគន់ជាខ្លាំង ខណៈកិច្ចព្រមព្រៀងនេះត្រូវបានមើលឃើញថាបង្កើតឡើងដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់ទៅវិញ។ 
 
មេដឹកនាំនូវែលសេឡង់សាទរជាខ្លាំងចំពោះឱកាសពាណិជ្ជកម្មថ្មីនេះ ប៉ុន្តែលោកស្រីក៏បានបង្ហាញពីការព្រួយបារម្ភជុំវិញការចូលទៅកាន់ទីផ្សារអាម៉េរិកដែរ។ 
 
បន្ទាប់ពីទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន មេដឹកនាំនូវែលសេឡង់នឹងចេញទៅក្រុងបួនទៀតនៅអាម៉េរិកដូចជា New York, Boston, San Francisco និង Seattle។ លោកស្រីនឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយកប្រតិបត្តិក្រុមហ៊ុន Twitter, Amazon និង Microsoft៕
 
 
 
 
 
 
 
 

Tag:
 នូវែលសេឡង់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com