ជាតិ
សម្ដេច ហ៊ុន សែន សម្រេចកែសម្រួលផ្ទៃដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់ពលរដ្ឋ
27, May 2022 , 10:58 am        
រូបភាព
រដ្ឋាភិបាល សម្រេចកែសម្រួលផ្ទៃដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់ប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសាររស់នៅ និងបង្កបង្កើនអាស្រ័យផលស្រែចម្ការ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារពិសេសស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ឧសភានេះ។


សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កែតម្រូវព្រំប្រទល់តំបន់៣ និងតំបន់២ ជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប។ ក្នុងនោះរដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដី១០០១៤ហិកតា ចេញពីតំបន់២ បញ្ចូលទៅតំបន់១ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋ ៩១៤៤គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ៦៣៦៥ហិកតា ស្មើនឹង២០២៥ក្បាលដី ចេញពីតំបន់៣ បញ្ជូលមកតំបន់២ សម្រាប់ផ្ដល់ឱ្យប្រជាពលរដ្ឋ ១៧៤៩គ្រួសារ នៅខេត្តកំពង់ធំ ។
 
ក្រៅពីនេះរដ្ឋាភិបាល ក៏កែសម្រួលផ្ទៃដី ៥៨ហិកតា និង១៦អា ចេញពីតំបន់៣ បញ្ចូលទៅតំបន់២ ជូន​ប្រជាពលរដ្ឋ ២២គ្រួសារ នៅខេត្តបន្ទាយមានជ័យ។ ចំណែកខេត្តពោធិ៍សាត់វិញ រដ្ឋាភិបាលសម្រេចឆ្វៀលដី ៣៤៤៨ហិកតា ចេញពីតំបន់៣ មកតំបន់២ សម្រាប់ប្រជាពលរដ្ឋ១៦៥៨គ្រួសារ។ នេះបើតាមនាយករដ្ឋមន្រ្តី ដែលប្រាប់ឱ្យលោក ជា សុផារ៉ា បន្តពិនិត្យលើស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់នោះ ដោយថ្លឹងថ្លែងជាមួយកត្តាប្រវត្តិសាស្ដ្រ ជីវភាពប្រជាពលរដ្ឋ និងការអភិរក្សតំបន់។
 
បើតាមប្រមុខរដ្ឋាភិបាល បញ្ហាតំបន់បឹងទន្លេសាបនេះ តម្រូវឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណា ដោយផ្អែកលើស្ថានភាពជាក់ស្ដែង នៃភូមិសាស្ត្រនីមួយៗ ក្នុងការកាត់ឆ្វៀលចេញពីតំបន់២ ឬតំបន់៣ សម្រាប់ទីតាំងមានប្រជាជនរស់នៅ ដែលបានបង្កើតជាភូមិ ឃុំ ស្រុក មានទីវត្តអារ៉ាម ខណៈភូមិខ្លះ បានកើតមានជាយូរណាស់មកហើយ ។ 
 
«បញ្ហានេះត្រូវតែបានគិត ហើយដែលយើងមិនត្រូវងាប់ក្រឡា ទោះបីវានៅក្នុងតំបន់៣ ឬនៅក្នុងតំបន់២ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា (ប្រជាពលរដ្ឋរស់នៅ)តំបន់នេះ គឺជាតំបន់ដែលកើតមាន មុនពេលដែលយើងកំណត់ក្របខណ្ឌ តំបន់១ តំបន់២ តំបន៣ ទៅទៀត»។ នេះបើតាមសម្ដេច ហ៊ុន សែន។ 

ក្រោយប្រកាសទទួលស្គាល់នេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីដែនដី និងអាជ្ញាធរពាក់ព័ន្ធ ក្នុងខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាប ដែលទទួលខុសត្រូវលើកិច្ចការងារនេះ ត្រូវឆ្វៀលដីឱ្យប្រជាពលរដ្ឋ តាមការសម្រេចរបស់រដ្ឋាភិបាល។ បើតាមសម្ដេច ហ៊ុន សែន ប្រជាពលរដ្ឋ ដែលមានសិទ្ធិទទួលដីពីរដ្ឋាភិបាល លុះតែពួកគេរស់នៅ និងបង្កបង្កើនអាស្រ័យផលនៅទីនោះ ចាប់ពីរយៈពេល១០ឆ្នាំឡើងទៅ។ ចំណែកពលរដ្ឋដែលទើបកាប់ទន្ទ្រានដីព្រៃលិចទឹកថ្មីៗ ដើម្បីធ្វើជាកម្មសិទ្ធិខ្លួននោះ រដ្ឋាភិបាល រឹបអូសយកវិញហើយ មិនប្រគល់ឱ្យពួកគេឡើយ។ សម្រាប់ដីដែលរដ្ឋរឹបអូសពីការទន្ទ្រាននេះ អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដាំដើមឈើឡើងវិញផងដែរ។
 
«ត្រូវតែឆ្វៀល(ដី)ចេញ តំបន់២ក្តី តំបន់៣ក្តី ដែលប្រជាជនបានរស់នៅ ជាភូមិករណ៍ មានសាលារៀនមានទាំងវត្តអារ៉ាម ជាយូរយាណាស់មកហើយ ហើយមិនអាចចាត់ទុកតំបន់៣ ត្រូវតែបោសសម្អាតប្រជាជន ហើយយកប្រជាជនចេញពីតំបន់នោះទេ។ នេះជាបទបញ្ជា ដែលព្រះករុណាខ្ញុំធ្វើ ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយ ទាក់ទងនឹងការបណ្ដេញចេញ ឬយកចេញប្រជាជនដែលរស់នៅក្នុងតំបន់៣ ទៅតាមផែនទី ដែលយើងបានកំណត់នោះដែរ។ ចំណុចនេះ ជាចំណុចដែលត្រូវចៀសវាង» ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលត្រៀមកែសម្រួលរៀបចំព្រំប្រទល់តំបន់បឹងទន្លេសាបឡើងវិញ។ 
 
តំបន់បឹងទន្លេសាប បែងចែកជាបី គឺតំបន់រស់នៅរបស់ប្រជាជន ដែលអាចចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិកាន់កាប់ដល់ប្រជាពលរដ្ឋ។ ឯតំបន់មួយទៀត ដែលរដ្ឋាភិបាលបានកំណត់ជាតំបន់១ តំបន់២ និងតំបន់៣ ដែលទុកសម្រាប់ប្រជាពលរដ្ឋចូលទៅអាស្រ័យផល ប៉ុន្តែជាកម្មសិទ្ធិរបស់រដ្ឋ។ ដោយឡែកតំបន់ចុងក្រោយ គឺជាតំបន់ព្រៃលិចទឹក ដែលត្រូវតែការពារ និងអភិរក្សដាច់ខាត។
 
តំបន់ព្រៃលិចទឹកនេះ តែងតែមានការកាប់ទន្ទ្រានជាហូហែរ រហូតដល់ប្រមុខរដ្ឋាភិបាលចេញបញ្ជាឱ្យចុះបង្ក្រាប និងទប់ស្កាត់ឱ្យទាន់ពេលវេលា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក។ប្រតិបត្តិការបង្ក្រាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់នេះ អាជ្ញាធរបានរឹបអូសដីពីពលរដ្ឋវិញ ជិត ៩ម៉ឺន ហិកតា ស្ថិតក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប រួមមានកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ៕
 

Tag:
 ហ៊ុន សែន
  បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com