ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន ហើយក្នុងពិភពលោក តើអ្នកណាមិនចង់ឱ្យកូនក្លាយជាអ្នកធំ?
27, May 2022 , 3:28 pm        
រូបភាព
ភ្នំពេញ៖ «បើកូនខ្ញុំមិនសាកសម ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀត ក៏មិនសម្រេចតែងតាំងឱ្យធ្វើជាបេក្ខជនបន្តវេននោះដែរ»។ នេះជាការបកស្រាយរបស់សម្ដេច ហ៊ុន សែន ឆ្លើយតបនឹងសំនួរអំពី សមាសភាពលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនបន្តវេននាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅថ្ងៃទី២៧ ឧសភា។


សម្ដេច ហ៊ុន សែន បានអះអាងថា កូនប្រុសច្បងលោក ហ៊ុន ម៉ាណែត ជាមនុស្សមានសមត្ថភាព ដែលអាចបន្តវេនជានាយករដ្ឋមន្រ្តី ជំនួសសម្ដេចបាន។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា បើសិន ហ៊ុន ម៉ាណែត អសមត្ថភាពវិញនោះ សម្ដេចក៏មិនដាក់មកជាបេក្ខជនបន្តវេន ដែលនាំឱ្យបំផ្លាញគណបក្សប្រជាជន ដែលសម្ដេច ក៏ដូចជាថ្នាក់ដឹកនាំបក្សគ្រប់ជំនាន់ ខំកសាងឡើងមកឡើយ។
 
និយាយពីរឿងគាំទ្រឱ្យលោក ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេននាយករដ្ឋមន្រ្តីនេះ សម្ដេច ហ៊ុន សែន ហាក់មិនខ្វល់ពីពាក្យរិះគន់របស់សាធារណជនឡើយ ព្រោះសម្ដេចយល់ថា ស្នងតំណែងណាមួយ ពីឪពុកម្ដាយ ទៅកូន គឺវាកើតមាននៅទូទាំងពិភពលោកហើយ។
 
ឆ្លើយសំណួរជុំវិញបេក្ខភាពលោក ហ៊ុន ម៉ាណែត នៅក្នុងវេទិកាស្តីពីអនាគតរបស់អាស៊ី ប្រមុខរដ្ឋាភិបាលកម្ពុជា​ បានបកស្រាយថា៖«សម្រាប់អ្នកដែលទិតៀន សូមបន្តទិតៀនបន្តទៀតចុះ ព្រោះយើងខ្ញុំនៅទីណា ប្រើប្រាស់ការបោះឆ្នោត (ជ្រើសរើសបក្សនយោបាយ និងនាយករដ្ឋមន្រ្តី)។ បើសិនគណបក្សប្រជាជន ចាញ់ឆ្នោត វាមិនមែន បាត់តែ ហ៊ុន ម៉ាណែត ទេ វាបាត់ទាំង ហ៊ុន សែន (ធ្លាក់ចេញពីតំណែង) តែម្ដង។ ដូច្នេះបើប្រើវិធីបោះឆ្នោត វាមានអ្វីដែរខុស។ ខ្ញុំបណ្ដុះបណ្ដាលកូនរបស់ខ្ញុំ មិនមែនបណ្ដុះបណ្ដាលយកមកឱ្យធ្វើមេចោរទេ ។ នៅលើពិភពលោកនេះ តើមានអ្នកណាចង់ឱ្យកូនខ្លួន មិនចង់ឱ្យមាន ឱ្យបាន មិនចង់ឱ្យធ្វើអ្នកធំ»។

 

សម្ដេច ហ៊ុន សែន ព្យាយាមបកស្រាយថា បើកម្ពុជាគ្មានការបោះឆ្នោតជ្រើសរើសបក្សនយោបាយ ហើយសម្ដេចផ្ទេរតំណែងឱ្យកូនខ្លួននោះ ទើបជារឿងខុសឆ្គង។ ប៉ុន្តែបើកម្ពុជា មានការបោះឆ្នោតត្រឹមត្រូវបែបនេះ ការសម្រេចដាក់លោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន គឺគ្មានខុសឡើយ។ «(ហ៊ុន ម៉ាណែត) ការបន្តវេន ឬមិនបន្តវេន វាអាស្រ័យលើប្រជាជនបោះឆ្នោតឱ្យ(គណបក្សប្រជាជន) ឬអត់។ បើសិនជាប្រជាជនបោះឆ្នោតឱ្យ គឺបញ្ហានេះ មិនមែនជាបញ្ហាការផ្ទេរតំណែងដោយចិត្តឯងនោះទេ គឺប្រជាជនជាអ្នកគាំទ្រ។

អ៊ីចឹងការបោះឆ្នោតខាងមុខ បើប្រជាជន ដែលមាន ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី ហើយ ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន គឺបានសេចក្តីថា ប្រជាជនយល់ស្របឱ្យគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែន ហើយបន្ទាប់ទៅ ដោយ ហ៊ុន ម៉ាណែត»។ នេះបើតាមសម្ដេច ហ៊ុន សែន ដោយបន្ថែមថា បេក្ខភាពនាយករដ្ឋមន្រ្តី នៃគណបក្សប្រជាជនកម្ពុជា សម្រាប់អាណតិទី៧ នៅតែជាសម្ដេច ហ៊ុន សែន ។
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com