ជាតិ
រថយន្ត
សេដ្ឋកិច្ច
អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា​ កើនដល់៨០០ភាគរយ នាពេល៥ខែមកនេះ
27, May 2022 , 7:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​។ រូបថត៖ MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​។ រូបថត៖ MPWT
ភ្នំពេញ៖ ៥ខែមកនេះ មានរថយន្តអគ្គិសនី( EV) ជាង៨០គ្រឿង ត្រូវបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ចំនួនរថយន្តអគ្គិសនីដែលអ្នកប្រើប្រាស់យកមកចុះបញ្ជីនេះ គឺកើនរហូតដល់ជាង៨០០ភាគរយ បើធៀបរយៈពេលដូចគ្នា កាលឆ្នាំ២០២១។

 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ មានរថយន្តអគ្គិសនីចំនួន៨៤គ្រឿង ត្រូវបានបញ្ជីដើម្បីប្រើប្រាស់។ តួលេខ គឺបានកើនដល់៨០០ភាគរយ បើនឹងឆ្នាំ២០២១ មានរថយន្តអគ្គិសនីត្រឹម៩គ្រឿងប៉ុណ្ណោះ។
 
«កំណើននេះ គឺជាចរន្តមួយដែលធ្វើឱ្យប្រជាពលរដ្ឋយើង មានការចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយឧស្ម័នបំពុលនៅកម្ពុជា ក៏ដូចនៅលើពិភពលោកផងដែរ»។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បែបនេះនៅក្នុងកម្មវិធី MPWT LIVE SHOW នាព្រឹកថ្ងៃទី២៧ឧសភា ខណៈមកទល់បច្ចុប្បន្ន មានរថយន្តអគ្គិសនីសរុប ១៤៨គ្រឿង ដែលត្រូវបានយកមកចុះបញ្ជី។  
 
បើតាម លោក ស៊ុន ចាន់ថុល អ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះ មិនត្រឹមជួយសម្អាត ឬជួយកាត់ការបំពុលបរិស្ថានដោយប្រេងឥន្ធនៈទេ តែថែមទាំងចំណេញថវិកាបានច្រើនទៀត។​ លោកបន្តរៀបរាប់ថា អ្នកប្រើប្រាស់រថយន្តអគ្គិសនី គឺចំណេញពន្ធលើការនាំចូល​ ដោយរដ្ឋបានបញ្ចុះអត្រាពន្ធនេះ នៅត្រឹម៦៣ភាគរយ​ប៉ុណ្ណោះ ខណៈការនាំចូលរថយន្តដែលប្រើប្រាស់ឥន្ធនៈវិញ មានអត្រាពន្ធដល់១២០ភាគរយ។  ក្រៅពីនេះ អ្នកប្រើប្រាស់ក៏នឹងចំ​ណេញ លើការចំណាយនៃថ្លៃអគ្គិសនី​ ដែលមានតម្លៃអាចនឹងថោកជាង ៣ដង បើធៀបនឹងការប្រើប្រាស់រថយន្តដំណើរការដោយប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ការចំណាយសម្ភារ ឬគ្រឿងបង្គុំរថយន្តអគ្គិសនី ក៏មានតម្លៃតិចជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈដែរ។​
 
កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ក្នុងការបញ្ចេញឧស្ម័នពុល ឱ្យស្មើនឹងសូន្យ  ហើយនឹងជំរុញនូវការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបាន៤០ភាគរយ និងម៉ូតូអគ្គិសនីឱ្យបាន៧០ភាគរយ នៅឆ្នាំ២០៥០៕ 
 
 
 

Tag:
 យានយន្ត
 រថយន្តអគ្គិសនី
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com