ជាតិ
៤ខែ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារពីការនាំចេញផលិតផលកៅស៊ូ
28, May 2022 , 9:56 am        
រូបភាព
រូបពី Ya Rathanak
រូបពី Ya Rathanak
ភ្នំពេញ៖ រយៈពេល ៤ខែដើមឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារពីការលក់ផលិតផលកៅស៊ូ។​ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។


 
ចាប់តាំងពីដើមឆ្នាំ ដល់ខែមេសា កម្ពុជា ផលិតជ័រកៅស៊ូបានចំនួន ៧៨ ០៧១តោន និងឈើកៅស៊ូ ៧០៣៣ម៉ែត្រគួប។ ក្នុងនោះ បាននាំចេញជ័រកៅស៊ូប្រមាណ ៧៩ ៣៥៨តោន កើនឡើង ២ ២២៣តោន ស្មើ ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ និងការលក់ឈើកៅស៊ូ សម្រេចបាន ៦៦៣៨ ម៉ែត្រគូប។  
 
បើតាមរបាយការណ៍ដដែល សម្រាប់ខែមេសា កម្ពុជា ទទួលបានចំណូលជាង ២៩លានដុល្លារ ពីការនាំចេញផលិតផលកៅស៊ូ ១៧១២៣តោន កើនឡើង ៥២០៩តោន ស្មើនឹង ៤៤ភាគរយ ធៀបនឹងខែមីនា និងកើនឡើង ២៤៥តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បច្ចុប្បន្ន ជ័រកៅស៊ូ មានតម្លៃ ១៦៤៤ដុល្លារក្នុងមួយតោន កើនឡើង ១៧ដុល្លារ ធៀបនឹងខែមីនា។   ​
 
គិត​ត្រឹម​ឆ្នាំ​២០២១ កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​ជាង​ ៤០​ម៉ឺន​ហិកតា ក្នុងនោះ​ឧស្សាហកម្ម​កៅស៊ូ​មាន​ជាង ២៤​ហិកតា និង​កៅស៊ូ​គ្រួសារ​ជាង​១៦​ម៉ឺន​ហិកតា​។ កម្ពុ​ជា មាន​រោងចក្រ សិប្បកម្ម​កែច្នៃ​កៅស៊ូ ១៦៨​កន្លែង ស្ថិតក្នុង​ខេត្ត​ចំនួន​១១ ដែលមាន​លទ្ធភាព​នាំចេញ​ផលិតផល​កៅស៊ូ​បាន​ជាង ៣៧​ម៉ឺន​តោន ដោយ​ទទួលបាន​ចំណូល​ចំនួន ៦១០​លាន​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ​បាន​ជាង ១,៥​លាន​ដុល្លារ​៕
 

Tag:
 កៅស៊ូ
  ការនាំចេញជ័រកៅស៊ូ
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com