ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មិន ពៅ អ្នកកាសែតអាជីព ទៅឈរឈ្មោះបេក្ខជនមេឃុំ ដើម្បីចូលរួមដោះស្រាយបញ្ហាមូលដ្ឋាន
29, May 2022 , 9:00 am        
រូបភាព
លោក មិន ពៅ បេក្ខជនឈរឈ្មោះមេឃុំ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចុះឃោសនានយោបាយទៅពលរដ្ឋនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល  ។ (រូបពីលោក មិន ពៅ)
លោក មិន ពៅ បេក្ខជនឈរឈ្មោះមេឃុំ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចុះឃោសនានយោបាយទៅពលរដ្ឋនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ (រូបពីលោក មិន ពៅ)
លោក មិន ពៅ ជាអតីតការីនិពន្ធព័ត៌មាន នៃស្ថាប័នឯករាជ្យមួយ បានចូលរួមសកម្មនយោបាយជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដោយឈរឈ្មោះ​ជា​បេក្ខជន​មេឃុំ នៅ​ឃុំ​ព្រែកស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។ លោក មិន ពៅ សម្រេចប្រឡូកនយោបាយ ដោយសារចង់ចូលរួមដោះស្រាយបញ្ហាមូលដ្ឋាន។



លោក មិន ពៅ បានលាឈប់ពីតួនាទីការីនិពន្ធព័ត៌មាន ប្រមាណ១ឆ្នាំហើយ ដើម្បីធ្វើការងារក្នុងសហគមន៍ ដោយចុះជួយបណ្ដុះបណ្ដាល និងអប់រំផ្នត់គំនិតពលរដ្ឋ ជាពិសេសយុវជន។ ទន្ទឹមនឹងបំពេញការងារនេះ លោក ពៅ ដែលធ្លាប់ជាអ្នកសារព័ត៌មាន ផលិតអត្ថបទទាក់ទងនឹងបញ្ហាសង្គមផងនោះ ក៏ងាកមកចាប់អារម្មណ៍នឹងសកម្មភាពនយោបាយមួយទៀត ហើយក៏សម្រេចចូលរួមសកម្មនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
 
សូមស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក មិន ពៅ បេក្ខជនឈរឈ្មោះមេឃុំ នៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដូចតទៅ៖


 

 
តាមពិតទៅលោក មិន ពៅ មានស្រុកកំណើតនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល តែម្ដង ។ ចំពោះការឈរឈ្មោះមេឃុំនៅទីនោះ ដោយសារតែលោក បានឃើញបញ្ហាគ្រឿងញៀនកំពុងរីកសាយភាយ ខណៈកសិករកំពុងជួបបញ្ហាទីផ្សារកសិកម្ម ទើបជំរុញទឹកចិត្តលោកឱ្យចូលប្រឡូកក្នុងសកម្មភាពនយោបាយមូលដ្ឋាននេះ ដើម្បីជួយដោះស្រាយបញ្ហាទាំងនោះ។
 
លោក មិន ពៅ ក៏មិនទាន់ប្រាកដចិត្តថា ខ្លួននឹងអាចទទួលបានសំឡេងគាំទ្រឱ្យក្លាយជាមេឃុំដែរ។ ប៉ុន្តែទោះបីជាលោក មិនជាប់ជាមេឃុំក្តី ក៏លោកនៅតែបន្តសកម្មភាពការងារក្នុងសហគមន៍ តាមរយៈការបណ្ដុះបណ្ដាល និងអប់រំផ្នត់គំនិតពលរដ្ឋ និងយុវជន ឱ្យយល់ដឹងពីបញ្ហាសង្គម ជាពិសេសផ្នែកសេដ្ឋកិច្ច ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន ឈានទៅរកកសាងប្រទេសជាតិរីកចម្រើន៕
 

Tag:
 មិន ពៅ
  នយោបាយ
  អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com