ជាតិ
ក្រសួងអនុវត្តគម្រោងកម្ចី១៥០លានដុល្លារ ដើម្បីស្តារកំណើនទេសចរណ៍
28, May 2022 , 5:40 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានអនុវត្តគម្រោង«សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ដើម្បីស្តារ និងជំរុញវិស័យទេចរណ៍ ក្រោយវិបត្តិកូវីដ-១៩។ គម្រោងនេះមានទំហំទឹកប្រាក់សរុប ១៥០លានដុល្លារ  ដែលផ្តល់អាទិភាពទាំងស្រុងដល់អាជីវកម្មទេសចរណ៍។


គម្រោង«សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ជាគម្រោងកម្ចីប្រាក់សម្បទាន ដែលគាំទ្រក្នុងការជួសជុល កែលម្អទីតាំងអាជីវកម្មទេសចរណ៍ ឬធ្វើទំនើបកកម្ម-ពិពិធកម្មសេវាកម្ម និងផលិតផលទេសចរណ៍។ 
 
គម្រោងនេះ មានទំហំទឹកប្រាក់កម្ចី១៥០លានដុល្លារ ដែលមានបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ និងតាមរយៈធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) រួមទាំងរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសច​រណ៍កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
 
ចំពោះកម្ចីសម្បទាននេះ ក្រសួងទេចរណ៍ផ្តល់អាទិភាពទាំងស្រុងដល់អាជីវកម្មទេសចរណ៍ ដែលទទួលរងផលប៉ៈពាល់ដោយវិបត្តិជំងឺកូវីដ-១៩ ទូទាំងប្រទេស។ គ្រឹះស្ថានហិរញ្ញវត្ថុ ដែលចូលរួមក្នុងគម្រោងផ្តល់ឥណទាននេះ មានចំនួនកំណត់  ដូច្នេះ ក្រសួងទេសចរណ៍បានអនុវត្តគោលការណ៍ ទៅមុនទទួលបានកម្ចី មុន (First come, First served)។  ម្ចាស់អាជីវកម្មទេសចរណ៍ គួរទៅសាកសួរព័ត៌មានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួមឱ្យបានឆាប់ ករណីមានតម្រូវការឥណទានក្នុងគោលដៅខាងលើ៕ 
 

Tag:
 ទេសចរណ៍
  សហហិរញ្ញប្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com