អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូទីន៖ បញ្ហាផ្គត់ផ្គង់គ្រាប់ធញ្ញជាតិទៅទីផ្សារសកល គឺបង្កដោយប្រទេសលោកខាងលិច
29, May 2022 , 10:38 am        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ TASS
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ TASS
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី២៨ ខែឧសភា បានប្រាប់សមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល ថា បញ្ហាពិបាកក្នុងការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារសកល គឺកើតចេញពីគោលនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមិនត្រឹមត្រូវរបស់បណ្តាប្រទេសលោកខាងលិច។ ក្នុងន័យនេះ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច ក្នុងការជួយនាំចេញគ្រាប់ធញ្ញជាតិទាំងនោះ។

 
ជាងរយៈពេល ៩០ថ្ងៃ សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី នៅតែបន្តអូសបន្លាយ ដោយវិបត្តិជាច្រើន បានដរចេញពីជម្លោះមួយនេះ ជាពិសេសការកើនឡើងតម្លៃស្បៀងអាហារ ដូចជាពោត និងស្រូវសាលីជាដើម។ ក្នុងកិច្ចសន្ទនារយៈពេលប្រមាណ ៨០នាទីជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង រួមទាំងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទម្លាក់កំហុសនេះ លើប្រទេសលោកខាងលិច។ 
 
«បញ្ហាពិបាកក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិទៅទីផ្សារសកល បានបង្កដោយគោលនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមិនត្រឹមត្រូវរបស់ប្រទេសលោកខាងលិច»។ មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច ក្នុងការស្វែងរកជម្រើសនាំចេញគ្រាប់ធញ្ញជាតិទាំងនោះ រួមទាំងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលកំពុងជាប់គាំនៅកំពង់ផែសមុទ្រខ្មៅ។ 
 
ទាក់ទិននឹងគោលនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមិនត្រឹមត្រូវនេះ លោកពូទីនទំនងចង់សំដៅទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើរុស្ស៊ីជាច្រើន បន្ទាប់ពីរុស្ស៊ីទទួលស្គាល់តំបន់លូហាន និងដូណេត្ស ជារដ្ឋឯករាជ្យ។ 
 
ក្នុងកិច្ចសន្ទនាតាមទូរសព្ទដដែល ប្រធានាធិបតីរុស្ស៊ី បានបន្តថា ការបង្កើនការផ្គត់ផ្គង់ជី និងផលិតផលកសិកម្មរបស់រុស្ស៊ី នឹងជួយកាត់បន្ថយបញ្ហាលំបាកនៅក្នុងទីផ្សារស្បៀងអាហារសកលបានជាច្រើន។ ប៉ុន្តែ​ការនាំចេញផលិតផលរបស់រុស្ស៊ីបែបនោះ ត្រូវបានលោកពូទីនដាក់លក្ខខណ្ឌឱ្យប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀត ដកទណ្ឌកម្មចេញពីរុស្ស៊ីជាមុន។ រុស្ស៊ី និងអ៊ុយក្រែន ជាប្រទេសផ្គត់ផ្គង់ស្រូវសាលី ប្រមាណ ៣០ភាគរយ នៃទីផ្សារសកល។ 
 
ជុំវិញបញ្ហាការកកស្ទះគ្រាប់ធញ្ញជាតិនេះ ប្រធានាធិបតីបារាំង លោកម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានជំរុញឱ្យរុស្ស៊ី​បើកច្រកចូលទៅកំពង់ផែ Odessa របស់អ៊ុយក្រែន ដើម្បីអាចនាំចេញគ្រាប់ធញ្ញជាតិ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង នាវារុស្ស៊ី មានវត្តមាននៅក្នុងសមុទ្រខ្មៅ និងសមុទ្រ Azov ជាច្រើនគ្រឿង ដែលធ្វើឱ្យនាវាពិបាកទៅដល់កំពង់ផែ Odessa របស់អ៊ុយក្រែន។ 
 
យ៉ាងណាមិញ មេដឹកនាំប្រទេសទាំងពីរ បានកត់ចំណាំពីការសន្យារបស់លោកពូទីន ដែលនឹងអនុញ្ញាតឱ្យនាវាចូលទៅក្នុងផែ Odessa ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ លុះត្រាតែមីនដាក់ពង្រាយលើទឹក ត្រូវបានយកចេញអស់។ កន្លងមក រុស្ស៊ី បានចោទអ៊ុយក្រែនថា បានពង្រាយមីនលើទឹកជាច្រើន ដើម្បីប្រឆាំងនាវា និងជំរុញឱ្យដោះចេញ។ 
 
បន្ថែមពីបញ្ហាសន្តិសុខស្បៀង មេដឹកនាំទាំងបីរូប ក៏បានជជែកពីបញ្ហាបញ្ជូនអាវុធទៅអ៊ុយក្រែន ដែលបន្ថែមឱ្យមានអស្ថិរភាពនៅក្នុងតំបន់ និងការជំរុញឱ្យរុស្ស៊ី-អ៊ុយក្រែន ចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាមផងដែរ។ 
 
គួររំឭកថា មុនកិច្ចសន្ទនា ៨០នាទីនេះ មេដឹកនាំអឺរ៉ុបជាច្រើនរូប បានចោទរដ្ឋាភិបាលក្រុងមូស្គូថា បានប្រើប្រាស់ស្បៀងអាហារ ដើម្បីវាយប្រហារលើអ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  បារាំង
  អាល្លឺម៉ង់
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com