ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បការិនី៣នាក់ បង្ហាញស្នាដៃសិល្បៈ និយាយពីស្ត្រី អារម្មណ៍ និងតថភាពសង្គម
29, May 2022 , 8:00 pm        
រូបភាព
ភ្នំពេញ៖ សិល្បការិនី៣រូប បង្កើតពិព័រណ៍រួមគ្នា​ជាលើកដំបូងមួយ ក្រោមប្រធានបទរួម «រនាំង» បង្ហាញពីស្នាដៃក្នុងទម្រង់រូបថត ចម្លាក់ និងសិល្បៈបង្គុំ និយាយអំពីបទពិសោធន៍ អារម្មណ៍ និងគំហើញនៃទស្សនៈរបស់ពួកគេ។ ស្នាដៃទាំងនោះ កើតចេញពីការសង្កេតបរិយាកាសជុំវិញ បម្រែបម្រួលសង្គម ការព្យាយាមផ្សះផ្សារផ្លូវចិត្ត និងការត្រិះរិះរកវិធីគន្លឹះ ដើម្បីប្រឈមមុខនឹងរបត់ថ្មីមួយក្នុងសង្គម និងដំណើរធម្មជាតិនៃជីវិត។


តទៅនេះសូមលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 
 


ស្នាដៃដែលកំពុងតាំងបង្ហាញនៅ Sa Sa Art Projects រួមមាន ចម្លាក់ដែកលួស របស់កញ្ញា សៅ ស្រីម៉ៅ, ស្នាដៃបង្គុំ «បង្កើតអនុស្សាវរីយ៍ឡើងវិញ ជាមួយអ្នក Ⅱ» លើកទី២ របស់កញ្ញា តាន់ វត្តី និងរូបថត «វដ្ដជីវិត» របស់អ្នកស្រី នាក់ សុផល។ «ចាក់ស្រែះ» ជាបណ្ដុំស្នាដៃចម្លាក់ចំនួនប្រាំរបស់កញ្ញា សៅ ស្រីម៉ៅ អតីតសិស្សនៃសាលាសិល្បៈ អង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។
 
ចំពោះស្នាដៃ «ចាក់ស្រែះ» ដែលជាសិល្បៈផលិតពីដែកលួស សំណាញ់លួស និងពាសកៅស៊ូនេះវិញ កញ្ញា ស្រីម៉ៅ ឆ្លុះបញ្ចាំងពីបទពិសោធន៍ ការប្រែប្រួលអារម្មណ៍ និងការឈ្វេងយល់អំពីភាពស្មុគស្មាញ របស់ខ្លួននិងសហគមន៍ ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩​ ជាពិសេសក្នុងពេលបិទខ្ទប់ភ្នំពេញ។
 
កញ្ញា ស្រីម៉ៅ ពន្យល់ពីស្នាដៃខ្លួនដូច្នេះ៖ «ស្នាដៃនេះ ឆ្លុះបញ្ចាំង អំឡុងពេលកំពុងបិទខ្ទប់។ អ្នកដែលឈប់ទ្រឹងគឺខ្លួនយើង និងមនុស្សដែលខ្ញុំមើលឃើញពីអគារមួយទៅអគារ​មួយ ពួកគាត់អត់ចេញទៅណា។ ឯ សំណង់អគារថ្មីនៅតែមានចលនា ខ្ញុំសួរខ្លួនឯងថា តើមនុស្សក្នុងអគារ ឬសំណង់ហ្នឹង ហេតុអ្វីពួកគេមិនស្ថិតក្នុងស្ថានភាពដូចយើងដែរ។ នេះជាទំនាក់ទំនងមួយដែលខ្ញុំបានឃើញអំឡុងពេលបិទខ្ទប់»។
 
ស្នាដៃភាគច្រើនរបស់ កញ្ញា ស្រីម៉ៅ បង្ហាញពីការឈ្វេងយល់ពីបម្រែបម្រួលទាំងទិដ្ឋភាពភូមិសាស្ត្ររបស់សង្គម និងផ្លូវចិត្តរបស់មនុស្សក្នុងសហគមន៍។ បណ្ដុំស្នាដៃចម្លាក់ថ្មីនេះ ក៏បានឆ្លុះបញ្ចាំងពីការប្រែប្រួលផ្សេងៗទៀត ដែលកើតមាននៅតំបន់បឹងទន្លេសាបផងដែរ។

 
កញ្ញា សៅ ស្រីម៉ៅ ម្ចាស់ស្នាដៃ «ចាក់ស្រែះ»។
ដោយឡែកស្នាដៃសិល្បការិនីមួយរូបទៀត កញ្ញា តាន់ វត្តី បានបង្ហាញស្នាដៃបង្គុំហៅថា «បង្កើតអនុស្សាវរីយ៍ឡើងវិញ ជាមួយអ្នក Ⅱ» លើកទី២។ កញ្ញា វត្តី គឺជាសិល្បករមួយរូប ផ្នែកអន្តរវិធាន និងរចនាករ ដែលតែងតែស្វែងរកគំនិតថ្មីៗ ដើម្បីផ្សារភ្ជាប់រវាងមនុស្ស និងសិល្បៈ និងការស្វែងយល់ពីចិត្តខ្លួនឯងរបស់អ្នកចូលរួម។
 
ស្នាដៃបង្គុំនេះ កញ្ញា វត្តី ចង់បង្កើតចន្លោះមួយសម្រាប់ «ការដោះលែង និងការធូរស្រាល» ដែលខ្លួនយល់ថា វាចំបាច់ក្នុងគ្រានៃការអភិវឌ្ឍទីក្រុងឆាប់រហ័ស សម្ពាធមិត្តភក្ដិ ភាពតានតឹងក្នុងសង្គម និងស្ថានភាពតាងតឹងផ្សេងៗ។ តាមរយៈស្នាដៃនេះ កញ្ញា វត្តី បង្កើតឡើង ដើម្បីឱ្យអ្នកចូលរួម បង្ហាញពីអារម្មណ៍របស់ពួកគេ និងបញ្ចេញភាពតានតឹងខាងក្នុង តាមរយៈការបំបែកកែវ ឬចាន។
 
កញ្ញា វត្តី និយាយពីស្នាដៃរបស់ខ្លួនថា៖ «ខ្ញុំចង់ឱ្យគាត់ស្វែងយល់ពីអារម្មណ៍ផ្ទាល់ខ្លួន សួរសុខទុក្ខផ្ទាល់ខ្លួន ផ្ដើមដោយសំណួរ តើអាកាសធាតុក្នុងខ្លួនអ្នកយ៉ាងម៉េច?។ ការងារផ្នែកបង្គុំ ដែលខ្ញុំដំឡើងសម្រាប់អ្នកទាំងអស់គ្នាបានចូលរួម គឺប្រើបទពិសោធន៍ផ្ទាល់ខ្លួន សរសេរ ឬបំបែករបស់»។

 
 កញ្ញា តាន់ វត្តី ម្ចាស់ស្នាដៃ «បង្កើតអនុស្សាវរីយ៍ឡើងវិញ ជាមួយអ្នក»។
ការងារបង្គុំ «បង្កើតអនុស្សាវរីយ៍ឡើងវិញ ជាមួយអ្នក Ⅱ»នេះ ធ្វើឡើងបន្ទាប់ពីដកបទពិសោធន៍ នៅទីក្រុងប្រ៊ុចសែល ហ្សាកាតា និងរាជធានីភ្នំពេញ នៃគម្រោង «ការបង្កើតអនុស្សាវរីយ៍ឡើងវិញ»។
 
ស្នាដៃសិល្បៈមួយទៀត ដែលដាក់តាំងបង្ហាញនៅទីតាំងជាមួយសិល្បការិនីទាំងពីរដែរនោះ គឺជាស្នាដៃសិល្បៈកម្រង​រូបថត៩ផ្ទាំង របស់អ្នកស្រី នាក់ សុផល មានចំណងជើងថា «វដ្ដជីវិត»។ អ្នកស្រី សុផល មានជំនាញរចនា និងថតរូប ដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគំនូរសារគមនាគមន៍ ក្នុងឆ្នាំ២០១២ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
 
ស្នាដៃនេះ បង្កើតឡើងដោយប្រើប្រាស់ រូបថតផ្ទៃពោះរបស់ខ្លួនផ្ទាល់ អំឡុងខែទី៧ និងទី៨។ រូបថតដែលរចនាទាំងនោះ ឆ្លុះបញ្ជាំងពីបម្រែបបម្រួលរាងកាយ អារម្មណ៍ និងបទពិសោធន៍ជីវិតថ្មីៗរបស់សិល្បការិនីរូបនេះ ក្នុងអំឡុងពេលមាតុភាពលើកដំបូង ស្របពេលកម្ពុជាកំពុងរាលដាលជំងឺកូវីដ-១៩។
 
ក្រៅបង្ហាញពីរឿងរ៉ាវខ្លួនឯងក្នុងរូបថតទាំងនោះ ក៏ឆ្លុះបញ្ចាំងពីរឿងរ៉ាវជាច្រើន ដែលកើតឡើងលើស្ត្រីជាម្ដាយផ្សេងទៀត ប៉ុន្តែគេមិនសូវជជែក និងចែករំលែកឱ្យទូលំទូលាយ ដោយមនុស្សភាគច្រើនយល់ថា វាគ្រាន់តែជាលក្ខខណ្ឌធម្មជាតិប៉ុណ្ណោះ។ នេះជាមូលហេតុ ដែលធ្វើឱ្យស្ត្រីមួយចំនួនយល់ថា គេមិនអាចបង្ហាញពីការលំបាក ឬភាពទន់ខ្សោយរបស់ពួកគេឡើយ។
 
ជាមួយគ្នានេះ អ្នកស្រី សុផល ស្នើឱ្យទស្សនិកជន ដែលចូលរួមទស្សនាពិព័រណ៍ ចូលរួមចែករំលែកពីត្រណម ឬចំណេះដឹងផ្សេងៗ ពួកគេធ្លាប់ដឹង ធ្លាប់ឮ ឬធ្លាប់ឆ្លងកាត់ ដោយសរសេរលើផ្ទាំងធំមួយក្នុងពិព័រណ៍។

 
 អ្នកស្រី នាក់ សុផល ម្ចាស់ស្នាដៃ «វដ្ដជីវិត»។
គួរជម្រាបផងដែរថា ការតាំងពិព័រណ៍ខាងលើនេះ កំពុងដាក់តាំងបង្ហាញនៅ ស ស ( Sa Sa Art Projects) ដែលនឹងតាំងបង្ហាញរហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ រៀងរាល់ថ្ងៃពុធ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច ព្រមទាំងចូលរួមដោយសេរី៕
 

Tag:
 រនាំង
  Sa Sa Art Projrcts
© រក្សាសិទ្ធិដោយ thmeythmey.com