អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខសិទ្ធិមនុស្សUN ការពារជំហរទស្សនកិច្ចនៅចិន ស្របពេលមានការរិះគន់
29, May 2022 , 8:30 pm        
រូបភាព
លោកស្រី Michelle Bachelet ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោកស្រី Michelle Bachelet ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោកស្រី Michelle Bachelet នៅថ្ងៃទី២៨ ខែឧសភា បានការពារទស្សនកិច្ចរបស់ខ្លួននៅចិន ដែលរងបទចោទរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង។ ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី Bachelet បានរងការរិះគន់យ៉ាងខ្លាំង ដោយមិនបានវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅចិន។

 
ទស្សនកិច្ចរយៈពេល ៦ថ្ងៃនៅចិន របស់លោកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបានបញ្ចប់ ដោយមានមកជាមួយពាក្យរិះគន់ជាច្រើន។ ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធ ថ្ងៃទី២៨ ខែឧសភា ដែលជាថ្ងៃចុងក្រោយនៃទស្សនកិច្ច លោកស្រី Bachelet បានអះអាងថា ទស្សនកិច្ចរបស់លោកស្រី នឹងបើកផ្លូវសម្រាប់សហគមន៍អន្តរជាតិ ក្នុងការគាំទ្រចិនឱ្យគោរពកាតព្វកិច្ចខ្លួន ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ 
 
«វាផ្តល់ឱកាសសម្រាប់ខ្ញុំ ដើម្បីស្វែងយល់ពីស្ថានភាពនៅចិន និងផងដែរសម្រាប់អាជ្ញាធរចិនឱ្យយល់ដឹងពីក្តីបារម្ភរបស់យើង...ជុំវិញសិទ្ធិមនុស្ស»។ លោកស្រី Bachelet បានសង្កត់ធ្ងន់បែបនេះ ដោយទទូចឱ្យចិនឈប់ប្រើហេតុផលភេរវកម្ម ដើម្បីបំពានការរំលោភសិទ្ធិមនុស្ស។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ឡើយ ថាតើការអំពាវនាវឱ្យរបស់លោកស្រី Bachelet អាចជំរុញឱ្យរដ្ឋាភិបាលចិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនឬយ៉ាងណា។ 
 
លោកស្រី Bachelet ដែលបានទស្សនកិច្ចនៅគុកមួយ រួមទាំងអតីតមណ្ឌលអប់រំឡើងវិញ បានកាត់សម្គាល់ថា  កម្មវិធីនៅទីនោះ គឺអាស្រ័យលើអាជ្ញាធរ ដែលកំណត់ពីនិន្នាការជ្រុលនិយម រួមទាំងការរឹតត្បិតលើកម្មវិធីសាសនាយ៉ាងម៉ត់ចត់។ 
 
ទន្ទឹមនេះ លោក Bachelet បានអះអាងថា អង្គការសហប្រជាជាតិ និងចិន ឯកភាពបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះរួមមានសិទ្ធិជនជាតិភាគតិច ការប្រឆាំងភេរវកម្ម សិទ្ធិមនុស្ស និងការការពារផ្នែកច្បាប់ជាដើម។ 
 
ក្នុងដំណើរទស្សនកិច្ចទៅចិនរយៈពេល ១៧ឆ្នាំចុងក្រោយនេះ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានរងការរិះគន់យ៉ាងខ្លាំង ដោយសារមិនបានដាក់សម្ពាធលើរដ្ឋាភិបាលចិន ជុំវិញការឃុំខ្លួនជនជាតិភាគតិចនៅតំបន់ស៊ីនជាំង។ 
 
លោកស្រី Sophie Richardson ទទួលបន្ទុកកិច្ចការចិននៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានយល់ឃើញថា ទស្សនកិច្ចរបស់លោកស្រី Bachelet ហាក់ជាការធ្វើល្អចំពោះរដ្ឋាភិបាលចិន ជាជាងជំរុញឱ្យចិនទទួលខុសត្រូវលើបញ្ហាសិទ្ធិមនុស្ស ដែលមានចែងក្នុងច្បាប់អន្តរជាតិ។ ក្នុងន័យនេះ លោកស្រី Richardson បានជំរុញឱ្យប្រមុខសិទ្ធិមនុស្សUN ចេញរបាយការណ៍ពីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយរដ្ឋាភិបាលចិនប្រឆាំងមនុស្សជាតិ ជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត៕ 
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com