ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី វៀល អេឡេន៖ កុំធ្វើអាជីវកម្មតាមគ្នា តែគួរធ្វើតាមក្ដីស្រមៃខ្លួនឯង
29, May 2022 , 9:00 pm        
រូបភាព
អ្នកស្រី វៀល អេឡេន សហស្ថាបនិកសហគ្រិនសៀមរាប
អ្នកស្រី វៀល អេឡេន សហស្ថាបនិកសហគ្រិនសៀមរាប
សៀមរាប៖ បច្ចុប្បន្ននេះ គេសង្កេតឃើញទំនោរនៃការបើកអាជីវកម្ម ហាក់តាមគ្នា  ពិសេសហាង ឬតូបលក់កាហ្វេ អាហារជាដើម។ អ្នកជំនាញផ្នែកសហគ្រិនភាពយល់ថា ប្រសិនបើចង់ធ្វើឱ្យអាជីវកម្មមួយជោគជ័យទៅបាន គឺកុំធ្វើតាមគ្នា តែគួរធ្វើតាមក្ដីស្រមៃខ្លួនឯង។
 

អ្នកស្រី វៀល អេឡេន សហស្ថាបនិកសហគ្រិនសៀមរាប យល់ថា ការធ្វើអាជីវកម្មតាមគ្នា   ងាយនឹងបរាជ័យណាស់។ ផ្ទុយទៅវិញ សហគ្រិនដែលទើបចាប់ផ្តើមអាជីវកម្មដំបូង ត្រូវស្វែងយល់ពីខ្លួនឯង ការស្រឡាញ់លើអ្វីមួយ នោះទើបធ្វើឱ្យអាជីវកម្មដែលខ្លួនសាងនោះ ជោគជ័យពិតប្រាកដ។ 
 
សហស្ថាបនិក សហគ្រិនសៀមរាប ពន្យល់យ៉ាងដូច្នេះប្រាប់សារព័ត៌មានថា៖« ការស្រមៃរបស់ខ្ញុំ ចង់ឱ្យសហគ្រិនម្នាក់ៗមានចក្ខុវិស័យ គាត់មិនមែនធ្វើគ្រាន់តែជាអាជីវកម្មរបស់ឪពុកម្ដាយរបស់គាត់ ឬមួយធ្វើតាមគ្នា។ គាត់ធ្វើអ្វីជាខ្លួ​នឯង ពេលធ្វើអ្វីជាខ្លួនឯង ដូចយើងដកដង្ហើម យើងធ្វើ​ដោយឥតហត់ ហើយព្យាយាមរៀន​ពីវារហូត អភិវឌ្ឍន៍ពីវារហូត ពេលនោះយើងក្លាយជាអ្នកជំនាញម្នាក់ ខ្លាំងម្នាក់។ ប្រសិនជាគ្រប់សហគ្រិននៅស្រុកខ្មែរ គាត់គិតអ៊ីចឹង ខ្ញុំគិតថា ប្រេនស្រុកខ្មែរល្បីទូទាំងប្រទេស​ ហើយកុំធ្វើដោយឥតមានគោលដៅ។ »។
 
 
ការថ្លែងដូច្នេះរបស់សហគ្រិនដែលមានបទពិសោធន៍ជាង២០ឆ្នាំ នៅប្រទេសបារាំង ក្នុងពិធីសម្ពោធបើកដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសហគ្រិនភាព នៅខេត្តសៀមរាប និងកម្មវិធីធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាលទី២ ដែលមានសហគ្រិន និងយុវជនចូលរួមប្រមាណ ៥០នាក់ នារសៀលថ្ងៃទី២៦ ឧសភា។ សម្រាប់អ្នកស្រី វៀល អេឡេន យុវជនគួរមានបទពិសោធន៍ការងារមួយ ដែលខ្លួនស្រឡាញ់ ពេញចិត្តយ៉ាងហោច២ឆ្នាំសិន ទើបអាចប្រឡូក ឬបើកអាជីវកម្មមួយនោះ ឱ្យដំណើរការល្អ និងជោគជ័យ។ បន្ថែមពីនោះ សហគ្រិនក៏គួរដឹងដែរថា ការបើកអាជីវកម្មដំបូងៗ មិនអាចរកប្រាក់ចំណេញភ្លាមៗនោះទេ គឺយ៉ាងហោចណាស់ អាចប្រើពេល២ទៅ៣ឆ្នាំដែរ។ 
 
ជាមួយគ្នានេះ អ្នកស្រី ហេឡេន ក៏កោតសរសើរចំពោះទឹកចិត្ត របស់សហគ្រិនទូទៅ ដែលខិតខំធ្វើឱ្យអាជីកម្មខ្លួនដំណើរការល្អ និងជោគជ័យទៅបាន ព្រោះថាការខិតខំទាំងនោះ មិនមែនសុទ្ធតែដើម្បីប្រាក់ចំណូលមួយមុខទេ តែកើតឡើងដោយការស្រឡាញ់ និងចង់ជួយអ្នកដទៃផងដែរ។ 
 
​ដោយមើលឃើញពីភាពលំបាករបស់សហគ្រិន ដែលក្នុងនោះរួមមានមគ្គុទ្ទេសក៍ ជាងថតរូប នៅតំបន់អង្គរ មានផលលំបាកខ្លាំង អំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ អ្នកស្រី អេឡេន រួមនិងសហការី២រូបទៀត បានបង្កើតកម្មវិធីមួយឈ្មោះថា ធ្វើឱ្យអាជីវកម្មអ្នកប្រសើរឡើង ដោយអនុវត្តន៍ដោយភូមិអ៊ីមផេក ដែលមានការគាំទ្រពី អ៊ីមផេកភ្នំពេញ ដោយផ្តោតលើការបណ្ដុះបណ្ដាល និងរកដំណោះស្រាយជួយពួកគេ គ្រាដែលលំបាកនោះ។ ជិត២ឆ្នាំមកនេះ កម្មវិធីនេះ បានបណ្ដុះបណ្ដាលយុវជនជាង ១០០នាក់ ព្រមទាំងសហគ្រិន១៥នាក់។
 
សហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មើលឃើញពីភាពជោគជ័យ នៃកម្មវិធីធ្វើឱ្យអាជីវកម្មអ្នកប្រសើរឡើង និងសម្រេចផ្តល់ការគាំទ្រ ដល់ភូមិអ៊ីមផេក ហើយបន្តសហការគ្នា រហូតផ្លាស់ប្ដូរពីភូមិអ៊ីមផេក មកសហគ្រិនសៀមរាប។ 
 
លោក ជា ស៊ុនសត្យា ប្រធានអភិវឌ្ឍន៍សហគ្រិនភាព នៃសហគ្រិនខ្មែរ ប្រាប់ថា ហេតុផលដែលសហគ្រិនខ្មែរ ចូលរួមជាមួយសហគ្រិននៅខេត្តសៀមរាប ដោយមើលឃើញខេត្តនេះមានសក្កានុពលខ្ពស់លើវិស័យទេសចរណ៍ តែវិបត្តិកូវីដ-១៩ រងផលប៉ះពាល់ខ្លាំងដល់ខេត្តនេះ។ លោក ស៊ុនសត្យា បន្តថា សហគ្រិនខ្មែរបានធ្វើការងារជាមួយសហគ្រិនសៀមរាប ដោយបណ្ដុះបណ្ដាលគ្រូបង្គោល និងសហគ្រិន ដោយឱ្យភាគីទាំង២ ធ្វើការជាមួយគ្នា។ 
 
 
លោក ស៊ុនសត្យា ពន្យល់យ៉ាងដូច្នេះថា៖«យើងគិតធ្វើយ៉ាងណាជាមួយគ្នា ហើយបានបណ្ដុះបណ្ដាលគ្រូបង្គោល ជាអ្នកប្រឹក្សាយោបល់ ជំរុញធុរកិច្ចឱ្យប្រសើរឡើង​ និងបណ្ដុះសហគ្រិនមួយចំហៀងទៀត។ បន្ទាប់មក ឱ្យពួកគាត់ធ្វើការជាមួយគ្នា  ព្រោះអ្នករកដំណោះស្រាយគាត់មានបទពិសោធន៍។ អ៊ីចឹងយើងបណ្ដុះគាត់ប្រសិនចង់ជួយសហគ្រិន យើងផ្តោតលើមូលដ្ឋានអ្វី ពួកគេម្នាក់ អាចបង្រៀនសហគ្រិនផ្សេងទៀតបានច្រើននាក់»។
 
យុវសិស្ស អាំង ឧត្តមលក្ស្មី អាយុ២០ឆ្នាំ និងជានិស្សិតកំពុងសិក្សានៅសាលាបញ្ញាសាស្រ្ដ ក៏បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ក្នុងកម្មវិធីធ្វើឱ្យអាជីវកម្មអ្នកប្រសើរឡើងផងដែរ។ លក្ស្មី ចាប់អារម្មណ៍ផ្នែកសហគ្រិនភាព និងចង់ស្វែងយល់ពីការចាប់ផ្តើមអាជីវកម្ម ក៏ដូចជាបញ្ហានានា ដែលសហគ្រិនជួបប្រទះ។ 
 
ក្រោយបញ្ចប់វគ្គសិក្សាដំបូងរយៈពេលមួយខែរួចមក លក្ស្មី រួមនិងមិត្តភក្ដិ៣៥នាក់ទៀត នឹងបន្តចូលរួមវគ្គបណ្ដុះបណ្ដាល និងការអនុវត្តដោយផ្ទាល់ ជាមួយសហគ្រិននានាក្នុងក្រុងសៀមរាប ដើម្បីស្វែងយល់ពីដំណើរការអាជីវកម្មរបស់ពួកគេ និងបញ្ហាដែលជួបប្រទះផ្សេង​ៗ ដែលពួកគេនឹងប្រើពេល៤ខែនៅទីនោះ និងដោយមានការចង្អុលបង្ហាញពីគ្រូបង្គោលផង​៕
 

Tag:
 សហគ្រិនខ្មែរ
  សហគ្រិនសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com