កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Mercedes មិនទាន់រកឃើញជ័យជម្នះ ខណៈ Red Bull បង្កើនការនាំមុខ
30, May 2022 , 7:29 pm        
រូបភាព
Sergio Perez ដណ្តើមបានជ័យជម្នះក្នុងការប្រណាំងរថយន្ត Formula One លើកដំបូងក្នុងរដូវកាល២០២២ នៅទីលានប្រទេសម៉ូណាកូ ក្នុងកម្មវិធី Monaco Grand Prix នៅថ្ងៃទី២៩ ខែឧសភា។ តាមរយៈជ័យជម្នះនេះ Perez បានជួយក្រុម Red Bull ឈ្នះការប្រណាំងជាលើកទី៥ ចំណោមការប្រកួតទាំង៧លើក។


Perez ដែលបើកបរឱ្យក្រុម Red Bull បានទៅដល់ទីមុនគេ នាការប្រណាំងនៅទីលាន Circuit de Monaco ដោយប្រើថេរវេលា១ម៉ោង ៥៦នាទី និង៣០វិនាទី។ Carlos Sainz របស់ក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈលេខ៣បានទៅម្ចាស់ការពារតំណែងជើងឯក Max Verstappen និងជាមិត្តរួមក្រុម Red Bull។
 
ឆ្លងកាត់ការប្រកួត៧លើកចុងនៅរដូវកាលថ្មីនេះ Perez ទើបរកបានជ័យជម្នះលើកដំបូងប៉ុណ្ណោះ។ ជាលើកដំបូងសម្រាប់ខ្លួន ប៉ុន្តែអ្នកប្រណាំងសញ្ជាតិម៉ិកស៊ិកបានជួយក្រុម Red Bull ឈ្នះជាលើកទី៥ ក្រោយ Verstappen ដណ្តើមបាន៤លើកតែម្នាក់ឯករួចមក។
 
ដោយឡែកក្រុម Mercedes ដែលមានកីឡាករ Lewis Hamilton ម្ចាស់ជើងឯក F1 ៧សម័យ និង George Russell នៅមិនទាន់រកឃើញជ័យជម្នះនៅឡើយទេនៅរដូវកាលនេះ។ អ្នកទាំងពីរធ្វើបានល្អបំផុតត្រឹមចំណាត់ថ្នាក់ទី៣ម្នាក់មួយលើកប៉ុណ្ណោះ។
  


ក្រុម Red Bull បានកើនការនាំមុខផ្នែកគ្រឿងម៉ាស៊ីនជាមួយពិន្ទុសរុប២៣៥ពិន្ទុ ក្រោយការប្រណាំង៧លើក  តាមពីក្រោយដោយ Ferrari ដែលមាន១៩៩ពិន្ទុ។ Mercedes ស្ថិតលេខ៣ មាន១៣៤ពិន្ទុ។
 
Verstappen នៅឈរកំពូលតារាង F1 មាន១២៥ពិន្ទុ នាំមុខ Charles Leclerc របស់ Ferrari ដែលឈរលេខ២ចំនួន៩ពិន្ទុ។ Perez នៅលេខ៣ដដែលដោយរកបាន១១០ពិន្ទុ។ Russell ឈរលេខ៤មាន៨៤ពិន្ទុ Sainz ដែលមាន៨៣ពិន្ទុ ខណៈ Hamilton នៅលេខ៦ទើបរកបាន៥០ពិន្ទុ។
 
ក្នុងកម្មវិធី Azerbaijan Grand Prix ជាជំនួបប្រកួតលើកទី៨ ដែលនឹងត្រូវធ្វើនៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសអាស៊ែបៃហ្សង់៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com