រថយន្ត
អន្តរជាតិ
អាម៉េរិក៖ ទុកឆ្កែចោលក្នុងរថយន្តបណ្តាលឲ្យងាប់ទាំង៤ក្បាល ស្ត្រីជាម្ចាស់ត្រូវបានចាប់ខ្លួន
× ស្ត្រីអាម៉េរិកអាយុ២៥ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោឃៅលើសត្វ និងត្រូវបានចាប់ខ្លួន បន្ទាប់ពីនាងបានទុកឆ្កែ៤ក្បាលចោលក្នុងរថយន្ត ពេលចេញទៅបរិភោគអាហារថ្ងៃត្រង់។
យោងតាមការផ្សាយរបស់ CNN ស្ត្រីឈ្មោះ Tesia White ស្ថិតក្នុងដំណើរពីរដ្ឋ Missouri ទៅ Florida ជាមួយមិត្តភក្តិម្នាក់ និងសុនខចិញ្ចឹម៤ក្បាលរបស់ខ្លួន។ ពេលទៅដល់ភោជនីយដ្ឋានមួយនៅឆ្នេរ New Smyrna នាង និងមិត្តភក្តិ បានចេញទៅបរិភោគអាហារថ្ងៃត្រង់ ដោយចាក់ទុកឆ្កែទាំង៤ក្បាលក្នុងរថយន្តដែលមានកំដៅ។
នៅពេលដែលពួកគេវិលត្រឡប់ទៅរថយន្តវិញ ស្រាប់តែឃើញឆ្កែទាំង៤ដេកស្តូកស្តឹង បន្ទាប់មកពួកគេបានហៅទូរសព្ទទៅលេខ៩១១ ដើម្បីរាយការណ៍ និងសុំជំនួយ។ ម្ចាស់ឆ្កែ និងអ្នករួមដំណើរ សុទ្ធតែបានអះអាងថា ពួកគេចេញពីរថយន្ត ដោយរក្សាការបើកម៉ាស៊ីនត្រជាក់ ប៉ុន្តែជាសំណាងអាក្រក់ ម៉ាស៊ីនត្រជាក់បានបិទ ខណៈពួកគេកំពុងស្រស់ស្រូបអាហារ។
របាយការណ៍បន្ថែមពី WESH បង្ហាញថា ខណៈកំពុងហូបបាយ White ក៏បានឆ្លៀតទៅមើលឆ្កែម្តងដែរ ហើយម៉ាស៊ីនត្រជាក់នៅដំណើរការធម្មតា ប៉ុន្តែក្រោយមកវាក៏ត្រូវបានបិទដោយមិនដឹងមូលហេតុ ដែលធ្វើឲ្យរថយន្តឡើងកំដៅ។ ឆ្កែទាំង៤ក្បាល ដែលមានឆ្កែពូជ Goldendoodle អាយុ៤ឆ្នាំមួយក្បាល ឆ្កែពូជ Boxer អាយុ២ឆ្នាំមួយក្បាល និងកូនឆ្កែ Goldendoodle ២ក្បាលទៀត បានបាត់បង់ជីវិត។
ពីរបីម៉ោងក្រោយមក ស្ត្រីម្ចាស់ឆ្កែត្រូវបានចាប់ខ្លួន ពីបទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃោឃៅលើសត្វ។ White ទៅត្រូវបានបញ្ជូនទៅពន្ធនាគារ Volusia County Branch ហើយត្រូវបានដោះលែងវិញជាមួយនឹងការតម្កល់ប្រាក់ធានាចំនួន១ម៉ឺនដុល្លារអាម៉េរិក។
នាអំឡុងសវនាការ White ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពរំជួលចិត្ត ហើយនាងបានអះអាងថា ខ្លួនលែងមានសិទ្ធិចិញ្ចឹមសត្វទៀតហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com