រថយន្ត
អន្តរជាតិ
ក្រោយ​ស្ងាត់​កូវីដ-១៩ ទីផ្សារយានយន្តអាស៊ាន​កើន​ឡើង២៣ភាគរយនៅត្រីមាសទីមួយ
30, May 2022 , 8:39 pm        
រូបភាព
ដោយ: ធីតា
ត្រីមាសទីមួយនៃ​ឆ្នាំ២០២២ ទីផ្សារ​ធំៗចំនួន​៦ក្នុងតំបន់អាស៊ាន មាន​សញ្ញាវិជ្ជមាន​ ក្រោយ​ការស្ងប់​ទៅវិញ​នៅ​កូវីដ-១៩។ ទិន្នន័យ​របស់ Asia Motor Business បានបង្ហាញ​ឲ្យ​ឃើញថា តួលេខ​លក់​ចេញ​កើនឡើង​២៣ភាគរយ​។

 
ទិន្នន័យ​ដែលអង្គ​ភាព​ Asia Motor Business ​ប្រមូលពី​ឧស្សាហកម្ម​ផ្សេងៗ រួមមាន​រោង​ចក្រយានយន្ត សមាគម​ពាណិជ្ជកម្ម និង​ស្ថាប័នជំនាញនានា​​របស់រដ្ឋាភិបាល បង្ហាញថា ការលក់យានយន្ត​មាន​ការ​កើន​ឡើង​២៣ភាគរយ​នា​ត្រីមាសទីមួយ​ឆ្នាំ២០២២ ដោយ​កើនពី​៦៧៧ ៣៩៧គ្រឿងនារយៈពេល​ដូចគ្នាឆ្នាំ២០២១ មក​៨៣២ ៣៩០​គ្រឿង។
 
ឥណ្ឌូណេស៊ី មាន​កំណើន​ខ្ពស់ជាងគេ​ក្នុងចំណោម​ប្រទេសទាំង​៦ ដោយ​ការលក់​ចេញកើនជាង៤១ភាគរយ ដោយ​មាន​ ២៦៣ ៨២២គ្រឿង។ ថៃ កើន​២២ភាគរយ ជាមួយ​នឹង​ការ​លក់ចេញ​ ២៣១ ១៨៩គ្រឿង ខណៈ​ម៉ាឡេស៊ី កើន​១៥ភាគរយ ដោយលក់​បាន​១៥៩ ៧៥២គ្រឿង។
 


វៀតណាម ដែល​មាន​កំណើត​លក់ចេញ២៦ភាគរយនោះ បាន​បញ្ចេញ​រថយន្តនៅ​លើ​ទីផ្សារ​ចំនួន ៩២ ៥២៥គ្រឿង ខណៈ​ហ្វីលីពីន​ មាន​កំណើន​៦ភាគរយ ជាមួយ​នឹង​រថយន្ត ៧៤ ៧៥៤គ្រឿង ប៉ុន្តែទិន្នន័យពីបណ្តា​សមាគម​នាំចេញមួយ​ចំនួន មិន​ត្រូវបាន​រាប់បញ្ចូលឡើយ។
 
សិង្ហបុរី ជា​ទីផ្សា​រធំ​តែមួយគត់​ក្នុងចំណោម​៦របស់អាស៊ាន ដែលមាន​ទិន្នន័យ​លក់​ចេញធ្លាក់​ចុះ ពោល​គឺ​មាន​រហូត​ដល់ទៅ​៤៣ភាគរយ ដោយមាន​ចំនួនតែ​១០ ៤១៣គ្រឿងប៉ុណ្ណោះនៅ​ត្រីមាសទីមួយ។ ទោះបីជាយ៉ាងណា​ក៏ដោយ បណ្តាសហគ្រាសយានយន្តក្នុងតំបន់ នៅ​តែ​វាយតម្លៃវិជ្ជមាននាពេលអនាគត​ ពោលគឺ​ការ​ផុត​រលត់​នៃកូវីដ-១៩ និង​ការសាប​រលាបនៃវិបត្តិរុស្ស៊ី-អ៊ុយក្រែន។
 
សរុបជារួម​ ការលក់​រថយន្តចេញនាត្រីមាសទីមួយ​នៅទីផ្សារ​ឥណ្ឌូណេស៊ី, ថៃ, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន និង​សិង្ហបុរី មាន​ចំនួន ៨៣២ ៤៥៥គ្រឿង ដោយកើន​២៣ភាគរយ បើ​ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ២០២១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com