ជាតិ
រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យបារាំងនាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត លោក វេង សាខុន ជួបពិភាក្សាការងារជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណ_រដ្ឋបារាំង នៅទីស្តីការក្រសួងកសិកម្ម (រូបពី លោក វេងសាខុន)
× ភ្នំពេញ៖ ក្រោយជំងឺកូវីដ-១៩ ធូរស្រាល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់រដ្ឋាភិបាលបារាំងផ្ដល់ឱកាសឱ្យកម្ពុជា នាំចេញកសិផលទៅកាន់ទីផ្សារបារាំង និងសហភាពអឺរ៉ុបបន្ថែមទៀត។
ថ្វីបើស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈប្រសើរឡើងវិញ តែការនាំចេញកសិផលមួយចំនួនរបស់កម្ពុជានៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង លោក វេង សាខុន បានលើកឡើងថា វិបត្តិកូវីដ-១៩ និងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន កំពុងធ្វើឱ្យតម្លៃប្រេងសាំង និងការដឹកជញ្ជូនកើនឡើងទូទាំងពិភពលោក។ ទាំងនេះ ជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេស ធ្វើឱ្យការនាំចេញផលិតកសិកម្មមួយចំនួនរបស់កម្ពុជាធ្លាក់ចុះ។
ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យរដ្ឋាភិបាលបារាំង ផ្តល់ឱកាសដល់កម្ពុជាអាចនាំចេញកសិផលទៅទីផ្សារបារាំង និងអឺរ៉ុប ថែមទៀត ជាពិសេសអង្ករ។ «ខ្ញុំសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម។ ដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែម»។ នេះជាការលើកឡើងរបស់លោក វេង សាខុន ដោយលោក រំពឹងថា ភាគីបារាំងទទួលយកសំណើរនេះ នឹងបន្តជួយគាំទ្រជាធនធានថវិកា និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងជលផល រួមទាំងវារីវប្បកម្មនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល ៤ខែឆ្នាំ ២០២២នេះ កម្ពុជា ទទួលបានចំណូលពីការនាំចេញកសិផលជាង១៥៧២លានដុល្លារ។ ក្នុងនោះ ការនាំចេញអង្ករចំនួន ១៨៩ ០៧២ ៩៩០ដុល្លារ ស្រូវ ២៩៦ ៧២៥ ៣១០ដុល្លារ និងកសិផលក្រៅពីស្រូវអង្ករចំនួន ១០៨៧ ១៨៧ ៤៣៧ដុល្លារ៕
Tag:
លោក វេង សាខុន កសិផលកម្ពុជា
បារាំង និងអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com