ជាតិ
សម្តេច ហ៊ុន សែន៖ កុមារ ជាអ្នកបន្តវេនក្នុងការជួយស្តារ កសាង និងអភិវឌ្ឍសង្គមកម្ពុជា
01, Jun 2022 , 7:30 am        
រូបភាព
សម្តេច ហ៊ុន សែន។ រូបថតពីហ្វេសប៊ុកផេក សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន។ រូបថតពីហ្វេសប៊ុកផេក សម្តេច ហ៊ុន សែន
ភ្នំពេញ៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ ដោយចាត់ទុកកុមារ គឺជាអ្នកបន្តវេនក្នុងការជួយស្តារ កសាង និងអភិវឌ្ឍសង្គមកម្ពុជា ប្រកបដោយសក្កានុពល។  សម្តេច ហ៊ុន សែន ថ្លែងបែបនេះតាមរយៈសារលិខិតចូលរួមអបអរទិវាកុមារអន្តរជាតិ១មិថុនា។



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បោះជំហានទៅមុខក្នុងឆន្ទៈបង្ហាញការប្តេជ្ញាចិត្តរួមគា្នលុបបំបាត់អំពើហិង្សា និងអំពើរំលោភបំពានគ្រប់រូបភាពលើកុមារ ដែលសំដៅធ្វើឱ្យប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ។ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិកុមារ ជាពិសេសនាអំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ៣ឆ្នាំឡើង, ការផ្តល់សាច់ប្រាក់ដល់គ្រួសារកុមារក្រីក្រ រួមទាំងការអនុវត្តនូវកិច្ចការការពារកុមារលើគ្រប់វិស័យដោយផ្ទាល់និងប្រយោល ជាដើម។

លើសពីនេះ កម្ពុជាក៏បានបំពេញការងារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា មណ្ឌលស្តារនីតិសម្បទា កុមាររងគ្រោះ និងងាយរងគ្រោះ ព្រមទាំងកុមារនៅតាមសហគមន៍ ផងដែរ។ សម្តេច ហ៊ុន សែន បានលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ ពិសេសកុមារខ្លួនឯងផ្ទាល់ ត្រូវទទួលបានស្គាល់ថា៖ «កុមារ គឺជាអ្នកបន្តវេនក្នុងការជួយស្តារ កសាង  និងអភិវឌ្ឍសង្គមកម្ពុជា»។  សម្តេច បន្តលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់យ៉ាងដូច្នេះ៖ «សូមកុំអស់សង្ឃឹម ប្រទេសកម្ពុជាយើង កំពុងតែត្រូវការមនុស្សដែលជាធនធាន។ សូមរួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះ  នឹងបង្កើតបាននូវធនធានមនុស្សដែលមានជំនាញប្រកបដោយសក្កានុពលនាអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា»។

ដើម្បីបង្កើនលទ្ធភាពក្នុងការការពារសិទ្ធិកុមារបន្ថែមទៀត រដ្ឋាភិបាលបានអនុម័តនិងដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការបង្ការទប់ស្កាត់ ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥,  ផែនការអនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០២១-២០២៥, គោលនយោបាយស្តីពីការចិញ្ចឹមកូនតាមរយៈឪពុកម្តាយធម៌និងសាច់ញាត្តិ, គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ  និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ជាដើម...។ ទាំងនេះជាអ្វីដែលសម្តេច ហ៊ុន សែន បានរៀបរាប់បន្ថែមនៅក្នុងសារលិខិតសម្រាប់ចូលរួមអបអរសាទរនៃខួបលើកទី៧៣ នៃទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២២។

ប្រមុខរដ្ឋាភិបាលបន្តមានប្រសាសន៍យ៉ាងដូច្នេះ ៖ «យើងដឹងហើយថា  កិច្ចការពារកុមារ សុវត្ថិភាពរបស់កុមារ ការអនុវត្តសិទ្ធិកុមារគ្រប់ជ្រុងជ្រោយ គឺត្រូវធ្វើឡើងដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះរឿងកុមារ ជាការងារពហុវិស័យដែលត្រូវបំពេញរួមគ្នា។ ដូច្នេះ សម្រាប់ថវិកាជាតិរបស់យើង បានផ្តល់ជូននៅគ្រប់ក្រសួងដែលពាក់ព័ន្ធពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ»។ បើតាមសម្តេច កម្ពុជាមានចក្ខុវិស័យច្បាស់លាស់ដែលធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព និងគុណធម៌នៃការរស់នៅ ដោយចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឱ្យមានឱកាសក្នុងការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត៕

© រក្សាសិទ្ធិដោយ thmeythmey.com