ជាតិ
លោក ហ៊ុន ម៉ានី៖ «ការយកចិត្តទុកដាក់លើកុមារ គឺជាការវិនិយោគសម្រាប់អនាគតមួយដ៏ត្រឹមត្រូវ»
01, Jun 2022 , 6:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
ភ្នំពេញ៖ ការយកចិត្តទុកដាក់លើកុមារ គឺជាការវិនិយោគសម្រាប់អនាគតមួយដ៏ត្រឹមត្រូវ ។ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តពីគណបក្សប្រជាជនកម្ពុជា បានផ្ញើសាររំលឹកពីសកម្មភាពរបស់ខ្លួនជាមួយនឹងកុមារ នៅក្នុងទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា ។


លោក ហ៊ុន ម៉ានី​ ដែលជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរំឭកពីសកម្មភាពលោក ធ្លាប់បានធ្វើ និងចូលរួមជាមួយកុមារ ប៉ុន្តែត្រូវបានខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ និងការខកខានចូលរួមក្នុងឆ្នាំ២០២២នេះ ដោយសារកៀកនឹងការបោះឆ្នោត។
 
ដ្បិតមិនបានជួប និងនិយាយផ្ទាល់ទៅកាន់កុមារ ជាពិសេសក្រុមកុមារកំព្រាក្តី ក៏លោក ម៉ានី មិនភ្លេចពួកគេដែរ ។ សម្រាប់លោក ម៉ានី កុមារគឺជាធនធានបន្តវេនដ៏សំខាន់ សម្រាប់អនាគត ដែលត្រូវការយកចិត្តទុកដាក់លើពួកគេ។
 
ប្រធានសហភាពសព័ន្ធយុវជនកម្ពុជារូបនេះ បានរំលឹកទិវាកុមារអន្តរជាតិ ដោយលើកឡើងថា៖«ការយកចិត្តទុកដាក់លើកុមារ គឺជាការវិនិយោគសម្រាប់អនាគតមួយដ៏ត្រឹមត្រូវ ព្រោះនេះជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។ 
 
ក្នុងសារដដែលនោះ លោក ម៉ានី ក៏រំឭកពីវិបត្តិកូវីដ-១៩ ក្នុងរយៈពេល២ឆ្នាំមកនេះ បានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកម្ពុជា ទាំងបញ្ហាសុខភាពសាធារណៈ និងជីវភាពពលរដ្ឋគ្រប់រូប និងសេដ្ឋកិច្ចប្រទេសជាតិទាំងមូលផងដែរ។ ជាពិសេសការការពារអាយុជីវិតកុមារ តាមរយៈចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ 
 
សម្រាប់លោក ម៉ានី ការប្រយុទ្ធប្រឆាំងកូវីដ-១៩ នេះ បង្ហាញពីសាមគ្គីភាព ភាតរភាព ការជួយយកអាសារគ្នាទៅវិញទៅមក និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ ជាពិសេស ការចូលរួមគ្រប់តួអង្គ គ្រប់រូបភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទៀតផង៕
 
 
 
 

Tag:
 ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com