ជាតិ
ពីកំពង់ឆ្នាំងទៅ Maryland ជីដូនយកខ្សែចងគោ និងក្រមា ជូនចៅនាថ្ងៃទទួលសញ្ញាបត្រយោធា
01, Jun 2022 , 6:23 pm        
រូបភាព
ក្នុងដំណើរប្រមាណ១៥០០០គីឡូម៉ែត្រ ពីខេត្តកំពង់ឆ្នាំងទៅរដ្ឋ Maryland លោកយាយ សៅ អ៊ី វ័យ៨៨ឆ្នាំ មិនមានអ្វីធំដុំជូនចៅរបស់ខ្លួន នាថ្ងៃទទួលសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាជើងទឹកសហរដ្ឋអាម៉េរិក The United States Naval Academy (USNA) នោះឡើយ ប៉ុន្តែអំណោយខ្សែចងគោ និងក្រមាចាស់ពិតជាមានន័យខ្លាំងណាស់សម្រាប់ ពេជ្រ ចន្ទ្រា (Pich Moon)។ ជាអនុស្សាវរីយ៍នៃជីវិតរបស់យុវជនពីគ្រួសារកសិកររូបនេះ ហើយការបង្ហោះរូបថតជាច្រើនសន្លឹក និងការពន្យល់ពីអត្ថន័យអំណោយរបស់ជីដូន ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ស្ងើចសរសើរ និងលើកទឹកចិត្ត ក្នុងនោះក៏មានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

 
«១០ឆ្នាំហើយដែលលោកយាយរក្សាទុកក្រមា និងខ្សែគោដែលខ្ញុំប្រើ ហើយរង់ចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់ឲ្យប៉ុណ្ណោះ»។ នេះជាសំណេររៀបរាប់របស់យុវជន ពេជ្រ ចន្ទ្រា។
 
លោកយាយ សៅ អ៊ី បានសម្រេចរក្សាទុកក្រមាចាស់ និងខ្សែចងគោ ដើម្បីទុកមើលពេលនឹកចៅម្តងៗ ពោលគឺក្រោយពេលដែលយុវជន ពេជ្រ ចន្ទ្រា បានចាកចេញទៅសិក្សានៅសហរដ្ឋអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៨មក។ គាត់បានសម្រេចដាក់វត្ថុអនុស្សាវរីយ៍ទាំងនេះ តាមយន្តហោះពីកម្ពុជាទៅសហរដ្ឋអាម៉េរិក ដើម្បីប្រគល់ឲ្យចៅវិញ ហើយណែនាំចៅកុំឲ្យភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ធ្វើជាអ្នកឃ្វាលគោ។
 
 

ចន្ទ្រា បានលើកឡើងថា៖ «ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ»។ 
 
ខ្លឹមសារ និងរូបថត៨សន្លឹក ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក Moon Pich កាលពីថ្ងៃទី៣០ ខែឧសភា មានការចុច Like ការចែករំលែក និងការបញ្ចេញមតិយោបល់ដ៏ច្រើនសន្ធឹកសន្ធាប់។ ក្នុងចំណោមរូបថតទាំងនោះ មានរូបថតដែលចន្ទ្រា ចាប់ដៃជាមួយលោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន រូបថតលុតជង្គង់ទទួលយកខ្សែគោ និងក្រមា ពីជីដូននៅមុខសាលា USNA និងកម្រងរូបថតអនុស្សាវរីយ៍ផ្សេងទៀត។
 
ក្នុងចំណោមអ្នកបញ្ចេញមតិយោបល់ជាច្រើននាក់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាជីតានៃចៅ២២នាក់ យល់ពីអារម្មណ៍របស់លោកយាយ សៅ អ៊ី។ តាមរយៈគណនីឈ្មោះ Hun Sen ប្រមុខរដ្ឋាភិបាល បានសរសេរថា៖ «គាត់ធ្វើនេះជាការរំលឹកមួយចំពោះចៅកុំឲ្យភ្លេចពីការលំបាករបស់យើង។ តាសូមជូនពរចៅជួបតែសេចក្តីសុខសេចក្តីចម្រើន»។
 
កើតក្នុងគ្រួសារមិនសូវធូរធាមួយនៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពេជ្រ ចន្ទ្រា ដែលប្រើឈ្មោះជាភាសាអង់គ្លេសថា Pich Moon បានក្លាយជានិស្សិតខ្មែរ៤ដែលទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាជើងទឹកសហរដ្ឋអាម៉េរិក (USNA) ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។
 
យោងតាមបទសម្ភាស ជាមួយលោក សៅ ផលនិស្ស័យ និពន្ធនាយកសារព័ត៌មាន Cambodianess កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ លោក ពេជ្រ ចន្ទ្រា បានបញ្ជាក់ថា៖ «ការមកបន្តការសិក្សាក្នុងវិស័យយោធា គឺជាសុបិនដ៏ធំមួយសម្រាប់ខ្ញុំ។ ខ្ញុំពិតជាចង់ចូលរួមបម្រើសង្គម និងប្រទេសជាតិរបស់ខ្ញុំ ហើយខ្ញុំក៏ជឿជាក់ផងដែរថា វិស័យយោធាពិតជាមានតួនាទីសំខាន់ នៅក្នុងនយោបាយផងដែរ។ ជាទូទៅ វិស័យយោធាមិនត្រូវបានសង្គមមនុស្សទទួលយកក្នុងរូបភាពល្អប៉ុន្មាននោះទេ។ ហេតុដូច្នេះហើយ ទើបខ្ញុំចង់ចូលរួមចំណែកក្នុងការលើកស្ទួយមុខមាត់របស់វិស័យនេះឡើងវិញ»។
 
 
នៅក្នុងកម្មវិធី «The Reflection » របស់សារព័ត៌មានថ្មីៗ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោក ចន្រ្ទា បានបន្តផ្ញើសារលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យមានក្តីសុបិន និងការខិតខំឲ្យខ្លាំងក្លា។ លោកបានបញ្ជាក់ថា៖ «ភាពជោគជ័យ មិនធ្លាក់មកពីលើមេឃឡើយ។ អ្នកត្រូវតែធ្វើវាឱ្យកើតឡើងដោយខ្លួនឯង។ វានឹងអាចកើតឡើង ប្រសិនបើអ្នកមានក្តីសុបិន ការប្តេជ្ញា និងខិតខំដោយប្រកាន់ខ្ជាប់វិន័យរបស់ខ្លួន»។ 
 
 
សម្រាប់ចន្ទ្រា លោកយាយ សៅ អ៊ី គឺជាអ្វីៗទាំងអស់របស់ខ្លួន ដោយគេទទួលបានការថ្នាក់ថ្នមចិញ្ចឹមបីបាច់ថែរក្សាពីជីដូន តាំងពីតូច ដែលមានចំណូលក្រោម១ដុល្លារក្នុងមួយថ្ងៃ។ «ខ្ញុំមិនពិសេសអ្វីទេ។ ខ្ញុំអាចមានថ្ងៃនេះ ដោយសារតែក្តីស្រមៃ ដោយសារតែការប្តេជ្ញា និងការខិតខំយ៉ាងខ្លាំង។ ប៉ុន្តែ ខ្ញុំនឹងមិនភ្លេចពីការគាំទ្ររបស់គ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្ញុំ ដោយជួយលើកទឹកចិត្តខ្ញុំមកដល់ទីនេះឡើយ»។
 
លោក ចន្ទ្រា បានបន្តថា វាត្រូវការពេលវេលាសម្រាប់មនុស្ស ដើម្បីសម្រេចគោលដៅរបស់ខ្លួន ខណៈរូបលោកត្រូវការពេលប្រមាណ ១០ឆ្នាំ ដើម្បីធ្វើឱ្យក្តីស្រមៃក្លាយជាការពិត។ «អ្នកមិនអាចធ្វើវាតែមួយថ្ងៃឡើយ។ ដូចរូបខ្ញុំ ខ្ញុំមានក្តីស្រមៃសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹកអាម៉េរិករយៈពេល ១០ឆ្នាំ។ ខ្ញុំត្រូវចំណាយពេល ១០ឆ្នាំ»៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com