ជាតិ
ពីនេះ ពីនោះ
អន្តរជាតិ
បុរសជប៉ុនម្នាក់ចំណាយជាង១៥០០០ដុល្លារដើម្បីតុបតែងខ្លួនឲ្យទៅជាសត្វឆ្កែ
× បុរសជនជាតិជប៉ុនម្នាក់ដែលគេស្គាល់ជាទូទៅថា Toko បានចំណាយប្រាក់ប្រមាណ២លានយ៉េន (ជាង១៥០០០ដុល្លារអាម៉េរិក) ដើម្បីតុបតែងខ្លួនឲ្យទៅជាសត្វឆ្កែ ទៅតាមបំណងប្រាថ្នាក្នុងជីវិតរបស់ខ្លួន។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Mynavi លោក Toko បាននិយាយថា៖ «ខ្ញុំតែងខ្លួនបែបនេះ ដោយសារតែវាមើលទៅដូចជារូបពិតប្រាកដនៅពេលដែលខ្ញុំពាក់ឈុតនេះ។ ចំណង់ចំណូលចិត្តរបស់ខ្ញុំគឺសត្វជើងបួន ជាពិសេសសត្វស្អាតៗ។ ខ្ញុំគិតថា សត្វមានមាឌធំស្រដៀងខ្ញុំ ដែលអាចយកជាគំរូបបាន ហេតុដូច្នេះហើយទើបខ្ញុំតុបតែងខ្លួនធ្វើជាសត្វឆ្កែ»។
ជាបំណងប្រាថ្នាដែលបានសម្រេចសម្រាប់លោក Toko ដោយលោកបានចំណាយប្រាក់អស់ជាង១៥០០០ដុល្លារ ដើម្បីឲ្យក្រុមហ៊ុន Zeppet កែច្នៃតុបតែងសម្រាប់លោក។ Zeppet ជាក្រុមហ៊ុនជប៉ុនដែលជំនាញលើការឆ្លាក់ និងច្នៃម៉ូដសម្រាប់ភាពយន្ត ពាណិជ្ជកម្ម និងតម្រូវការផ្សេងៗ។
ឈុតដែលច្នៃសម្រាប់ Toko-san ត្រូវបានចំណាយពេលអស់៤០ថ្ងៃ ដោយអ្នកជំនាញបានត្រួតពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងធ្វើយ៉ាងណាឲ្យលោក Toko មានរូបរាងដូចជាឆ្កែពិតប្រាកដ ប៉ុន្តែមិនមែនជាការវះកាត់ប្តូររូបរាងនោះឡើយ។
តំណាងក្រុមហ៊ុន Zeppet បានបញ្ជាក់ថា ពួកគេធ្លាប់តែទទួលបានអតិថិជនជាលក្ខណៈក្រុមហ៊ុន ផលិតកម្មភាពយន្ត និងអង្គភាពពាណិជ្ជកម្មផ្សេងៗ ហើយមានអតិថិជនជាលក្ខណៈឯកជនតែ១០ភាគរយប៉ុណ្ណោះ។ ការតុបតែងកែច្នៃម៉ូដសម្រាប់ Toka-san ឲ្យដូចសត្វឆ្កែ ពិតជាការងារមួយដ៏ពិបាក ដោយសាររូបពីក្បាលដល់ចុងជើងមានលក្ខណៈខុសគ្នា។
Toko-san បានបង្ហោះវីដេអូទាក់ទងនឹងសកម្មភាពរបស់ខ្លួន នៅលើបណ្តាញសង្គម Youtube ហើយទទួលបាននូវចំណាប់អារម្មណ៍ជាច្រើនផងដែរ។ ជាមួយនឹងមតិរិះគន់ ក៏មានអ្នកស្ងើចសរសើរលោកផងដែរចំពោះការព្យាយាមធ្វើតាមនូវអ្វីដែលខ្លួនស្រឡាញ់៕
© រក្សាសិទ្ធិដោយ thmeythmey.com