ជាតិ
សេដ្ឋកិច្ច
កម្ពុជា គ្រោងនាំចេញទុរេនសំឡូតទៅកាន់ទីផ្សារចិន តែប្រើម៉ាកសម្គាល់ថៃ
04, Jun 2022 , 8:59 pm        
រូបភាព
ទុរេនសំឡូត ដែលបិទស្ទិកគ័រនិមិត្តសញ្ញា QR Code សម្គាល់ឈ្មោះកសិករ និងចម្ការ (រូបពី ASPIRE)
ទុរេនសំឡូត ដែលបិទស្ទិកគ័រនិមិត្តសញ្ញា QR Code សម្គាល់ឈ្មោះកសិករ និងចម្ការ (រូបពី ASPIRE)
ភ្នំពេញ៖ទោះបីកម្ពុជាពុំទាន់មានលទ្ធភាពនាំចេញផ្លែទុរេនទៅទីផ្សារចិនដោយខ្លួនឯង។ ប៉ុន្តែថ្មីៗនេះ មានវិនិយោគិនចិនមួយ បានមកចរចាចង់នាំយកទុរេនសំឡូតខេត្តបាត់ដំបងទៅកាន់ទីផ្សាររបស់ខ្លួន តាមរយៈការប្រើប្រាស់ម៉ាកសម្គាល់របស់ថៃ។ កម្ពុជាពុំទាន់ទទួលបានការអនុញ្ញាតឱ្យនាំចេញទុរេន ទៅកាន់ប្រទេសចិនដោយខ្លួនឯងនៅឡើយ។ ដូច្នេះការនាំចេញ ត្រូវឆ្លងកាត់ និងប្រើប្រាស់ម៉ាកសម្គាល់របស់ថៃ។ 

 
បើតាម ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរា មិនយូរនោះទេ កម្ពុជា និងភាគីចិនខាងលើ នឹងឈានដល់ការចុះហត្ថលេខានាំចេញ  ព្រោះអ្នកវិនិយោគខាងលើ បានចុះមកពិនិត្យ សក្ដានុពលផ្លែទុរេនសំឡូត ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ លោក ឈឹម វជិរា បានបង្ហើបថា ថ្មីៗនេះ ភាគីចិន មានបំណងនាំចេញទុរេន ដែលបកស្រាច ហើយយកទៅបង្កក ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។   
 
មូលហេតុដែលវិនិយោគចិន ចាប់អារម្មណ៍ទុរេនសំឡូត ដោយសាររសជាតិឆ្ងាញ់ ពិសេស គ្រប់ចម្ការ បានអនុវត្តស្តង់ដាកសិកម្មល្អ និងបានរៀបចំបិទស្ទិកគ័រនិមិត្តសញ្ញា QR Code បញ្ជាក់ឈ្មោះកសិករ និងចម្ការដាំដំណាំទុរេន សម្រាប់លក់ជូនអតិថិជនផងដែរ។  
 
បច្ចុប្បន្ន កម្ពុជា ពុំទាន់ទទួលបានការអនុញ្ញាតឱ្យនាំចេញទុរេន ទៅកាន់ប្រទេសចិនដោយខ្លួនឯងនៅឡើយ។ ដូច្នេះ ការនាំចេញនេះ ត្រូវធ្វើឡើងដោយឆ្លងកាត់ និងប្រើប្រាស់ម៉ាកសម្គាល់របស់ថៃ។  
 
លោក ឈឹម វជិរា ប្រាប់សារព័ត៌មានថ្មីៗ២៥ ដូច្នេះថា៖«ដោយសារកម្ពុជាយើងពុំទាន់មានការចរចាបើកផ្លូវនាំទៅចិនខ្លួនឯងនៅឡើយ តែប្រទេសថៃ គេមានសិទ្ធនាំចូល។អ៊ីចឹង ប្រហែលគេមិនដាក់ឈ្មោះទុរេនសំឡូត ពីកម្ពុជានោះទេ ព្រោះយើង នាំចេញតាមរយៈថៃ»។  
 
ប្រធានមន្ទីរកសិកម្មរូបនេះ បន្ថែមថា ការចរចាររវាងវិនិយោគចិននិងបណ្ដុំកសិករដាំដុះទុរេន កំពុងបង្ហាញសញ្ញាល្អ។ ស្របពេលភាគីចិនពេញចិត្តនឹងរសជាតិទុរេនសំឡូត ​ លោក វជិរា បង្ហាញក្ដីសង្ឃឹមថាហត្ថលេខានាំចេញរវាងភាគីទាំងពីរអាចនឹងកើតឡើងឆាប់ៗ ជាមួយតម្លៃ និងទីផ្សារល្អ។  «ភាគីចិនគេបានមកមើលចម្ការយើងម្ដងរួចហើយ នៅឡើយតែការព្រមព្រៀងគ្នារវាងបណ្ដុំអាជីវកម្មរបស់ពលរដ្ឋយើងដែលដាំដុះទុរេននិងក្រុមហ៊ុនប៉ុណ្ណោះ។ គាត់(វិនិយោគិនចិន) សប្បាយចិត្តនិងពេញចិត្តគុណភាពទុរេនរបស់ខ្មែរយើង»។នេះជាការបញ្ជាក់របស់លោក វជិរា ដែលបន្ថែមថា ទុរេន ដែលអាចនាំទៅទីផ្សារចិនបានទាល់តែមានគុណភាពល្អ និងមានកម្រិតទុំ ៨០ភាគរយ។  

ប្រធានមន្ទីរកសិកម្មរូបនេះ ពុំអាចបញ្ជាក់ថា ចិន ត្រូវការទុរេនប៉ុន្មានតោនក្នុងមួយឆ្នាំទេ។តែ ភាគីចិន បានបង្ហើបប្រាប់លោកថា គ្រប់ទុរេន ដែលមានគុណភាពល្អនឹងត្រូវបាននាំចេញទៅចិនទាំងអស់។ 
 
ស្រុកសំឡូត មានផ្ទៃដីដាំដុះទុរេនចំនួន ៥៤៤ហិកតា ដែលផ្ដល់ផលជិត៦ពាន់តោនក្នុងមួយឆ្នាំ គិតជាថវិកាប្រមាណ ៣០លានដុល្លារ។ មន្ទីរកសិកម្មខេត្តបាត់ដំបងបានដាក់គោលដៅពង្រីកការដាំដុះឱ្យបានដល់ ៧រយហិកតានៅឆ្នាំ២០២៣ខាងមុខ។
 
តាមរយៈអគ្គនាយកដ្ឋានកសិករ គ្រប់ចម្ការទុរេនរបស់កសិករបានអនុវត្តស្របតាមលក្ខណ្ឌស្តង់ដា។ ក្នុងនោះ ចម្ការចំនួន១៤ ទទួលបាន QR Code សម្គាល់ឈ្មោះកសិករនិងចម្ការដាំដំណាំទុរេនត្រឹមត្រូវ។ បច្ចុប្បន្ន ទុរេនសំឡូតទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋក្នុងស្រុក។ ទុរេនតំបន់នេះមានតម្លៃចន្លោះ ១៨០០០ ទៅ២០០០០រៀលក្នុង១គីឡូក្រាមពោលគឺប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។  
 
នៅពេលចុះពិនិត្យចម្ការទុរេន នៅខេត្តត្បូងឃ្មុំនាពេលថ្មីៗនេះ លោក វេងសាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិនជាពិសេធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនពាក់ព័ន្ធនឹងរៀបសំណុំបែបបទនិងឯកសារតម្រូវទាំងបច្ចេកទេស និងច្បាប់ដើម្បីឈានដល់ការនាំចេញទុរេនទៅកាន់ប្រទេសចិនដោយខ្លួនឯង។ 
 
លោក ថ្លែងដូច្នេះ«ផ្លែទុរេនមានរសជាតិឆ្ងាញ់ មានតម្លៃលើផ្សារខ្ពស់ដែលផ្ដល់ចំណូលខ្ពស់ដល់ម្ចាស់ចម្ការប៉ុន្តែដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀតយើងចង់ឲ្យផលិតផលនេះមានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន»។  
 
លោក បន្ថែមថា ទុរេន ជាដំណាំសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ដែលតម្រូវឱ្យកសិករមានបច្ចេកទេសដាំ តាក់តែងមែកការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែការពារជំងឺ និងសត្វល្អិតចង្រៃត្រឹមត្រូវ ទើបទទួលបានទិន្នផលខ្ពស់។
 
ទិន្នន័យឆ្នាំ២០២១ របស់ក្រសួងកសិកម្មកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផមានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ៕ 
 
 
 

Tag:
 ទុរេនសំឡូត
  នាំចេញទុរេនទៅចិន
  ទុរេនបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com