អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង បាញ់មីស៊ីល៨គ្រាប់ មួយថ្ងៃក្រោយអាម៉េរិក និងកូរ៉េខាងត្បូងបញ្ចប់សមយុទ្ធរួមគ្នា
05, Jun 2022 , 11:10 am        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី៥ ខែមិថុនា បាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លី៨គ្រាប់សំដៅសមុទ្រខាងកើត។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង។ ការបាញ់នេះ កើតឡើងមួយថ្ងៃក្រោយអាម៉េរិក និងកូរ៉េខាងត្បូងបញ្ចប់សមយុទ្ធរួមគ្នាដែលមាននាវាដឹកយន្តហោះផងនោះ។



បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់មីស៊ីល៨គ្រាប់ចេញពីតំបន់ Sunan ក្នុងរដ្ឋធានីព្យុងយ៉ាង នៅចន្លោះម៉ោង៩៖០៨ ដល់៩៖៤៣។ នេះជាការបញ្ចេញអនុភាពលើកទី១៨ របស់យោធាកូរ៉េខាងជើង និងជាលើកទី៣ ក្រោយប្រធានាធិបតី យូន សុកយ៉ល ចូលកាន់តំណែងនៅដើមខែឧសភា។

មួយថ្ងៃមុន កូរ៉េខាងត្បូង និងអាម៉េរិក ទើបបញ្ចប់សមយុទ្ធរួមគ្នានៅដែនទឹកអន្តរជាតិក្បែរកោះអូគីណាវ៉ា។ អគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបញ្ជាក់ថា សមយុទ្ធនេះរួមបញ្ចូលលំហាត់ការពារអាកាស និងការប្រឆាំងនាវា ​និងនាវាមុជទឹក។​ អ្វីគួរកត់សម្គាល់ នាវាដឹកយន្តហោះ USS Ronald Reagan ទម្ងន់១០ម៉ឺនតោន ហើយដើរដោយថាមពលនុយក្លេអ៊ែរ ក៏ចូលរួមក្នុងសមយុទ្ធដែរ។

ការបាញ់មីស៊ីល ទំនងជារងប្រតិកម្មខ្លាំងមិនខាន ខណៈដែលអាម៉េរិកស្វះស្វែងរកការបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងស្រាប់ផង ក្នុងករណីសាកល្បងអាវុធនុយក្លេអ៊ែរ។ ប្រេសិតនុយក្លេអ៊ែរកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុន នៅថ្ងៃទី៣ ខែមិថុនា បានឯកភាពគ្នាត្រៀមផែនការទាំងអស់ដើម្បីទប់ទល់ទង្វើបង្ករឿងរបស់កូរ៉េខាងជើង។

ក្នុងទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក Sung Kim ប្រេសិតនុយក្លេអ៊ែរអាម៉េរិក និយាយថា​ អាម៉េរិក នៅតែចំហទ្វារសម្រាប់ការចរចាជាមួយកូរ៉េខាងជើងលើប្រធានបទសំខាន់ៗរាប់ទាំងការបន្ធូរទណ្ឌកម្មផងដែរ៕

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com