ជាតិ
បទសម្ភាសន៍
វីដេអូ
លោក សេង សាំងហៀត៖ អ្នក​ទេសចររួមចំណែកការពារសត្វព្រៃ និងព្រៃឈើនៅភ្នំគូលែន
05, Jun 2022 , 8:59 pm        
រូបភាព
សៀមរាប៖ ភ្នំគូលែន ជាអតីតរាជធានីរបស់បុព្វបុរសខ្មែរ នាដើមសតវត្សទី៩ ហើយបច្ចុប្បន្នបានក្លាយជាទីទេសចរណ៍ដ៏មានសក្ដានុពល ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនក្នុងខេត្តសៀមរាប។ វត្តមានភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅភ្នំគូលែន បានបង្កើតការងារ និងចំណូលដល់ពលរដ្ឋក្នុងសហគមន៍ និងកិច្ចការពារធនធានធម្មជាតិពីការកាប់រានព្រៃឈើ និងសម្លាប់សត្វព្រៃផងដែរ។


 
សូមអញ្ជើ្ញញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 


លោក សេង សាំងហៀត អនុប្រធានឧទ្យានុរក្សប្រចាំស្នាក់ការបរិស្ថានលើខ្នងភ្នំគូលែន ខេត្តសៀមរាប យល់ថា កំណើនភ្ញៀវទេសចរ ដែលទៅកម្សាន្តតាមតំបន់នានាលើភ្នំគូលែន ជាការជួយមួយផ្នែកដោយប្រយោល ដល់ការងាររបស់មន្រ្តីឧទ្យានុរក្សក្នុងការអភិរក្សធនធានធម្មជាតិ។ ត្រង់ចំណុចនេះមានន័យថា វត្តមានភ្ញៀវទេសចរមកកាន់តំបន់ភ្នំគូលែន បានផ្ដល់ការងារដល់ពលរដ្ឋក្នុងសហគមន៍ ហើយកាត់បន្ថយការកាប់រានព្រៃឈើ និងបរបាញ់សត្វព្រៃជាដើម។
 
មន្រ្តីឧទ្យានុរក្សរូបនេះ សប្បាយចិត្តនៅពេលមានភ្ញៀវទេសចរមកកម្សាន្តច្រើន ក្រោយស្ងាត់រយៈពេលជិត២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ លោក លើកឡើងថា៖«ការងារជាមន្រ្តីឧទ្យានុរក្ស តួនាទីរបស់ពួកយើង គឺជាអ្នកការពារធនធានធម្មជាតិ យើងអនុវត្តច្បាប់ ប៉ុន្តែក្នុងនោះយើងក៏មានតួនាទីមួយ យើងជួយជីវភាពសហគមន៍។ អ្វីដែលយើងជួយនោះគឺលក្ខណៈផ្សព្វផ្សាយទេសចរណ៍ ជួយនាំភ្ញៀវឱ្យសហគមន៍»។
 
លោក សាំងហៀត បានពន្យល់ថា តួនាទីរបស់ឧទ្យានុរក្ស មិនធ្វើតែការងារអភិរក្ស ល្បាតព្រៃនោះឡើយ ប៉ុន្តែបានជួយសម្របសម្រួលភ្ញៀវទេសចរ និងសហគមន៍ផងដែរ។ ការជួយអ្នកភូមិ ពួកគេចាត់ទុកដូចជាការជួយធនធានធម្មជាតិ។ សេវាសហគមន៍នៅទីនោះមានដូចជា រៀបចំបោះតង់ សេវាម្ហូបអាហារ កន្លែងស្នាក់នៅ អ្នកនាំភ្ញៀវ និងសេវាជួលម៉ូតូជាដើម។
ជាមួយគ្នានេះ លោក សាំងហៀត ក៏អំពាវនាវដល់ភ្ញៀវទេសចរ ដែលទៅកម្សាន្តតាមតំបន់ធម្មជាតិ ឱ្យស្រឡាញ់ និងចូលរួមសម្អាតបរិស្ថាន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕
 

ទឹកធ្លាក់អន្លង់ជើងចាប នៅខ្នងភ្នំគូលែន ខេត្តសៀមរាប។ រូបភាពដោយ៖ ជឿន ស្រីណយ
 

Tag:
 ឧទ្យានុរក្ស
  សេង សាំងហៀត
  ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com