ជាតិ
បោះឆ្នោត
ក្រោយបោះឆ្នោត២ថ្ងៃ គ.ជ.ប ទទួលបានពាក្យបណ្ដឹងជាង ១០
07, Jun 2022 , 3:29 pm        
រូបភាព
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលពាក្យបណ្ដឹងជាង ១០ ពីគណបក្សនយោបាយ ចូលរួមការបោះឆ្នោត។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក​ និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត។


លោក ហង្ស ពុទ្ធា បានឱ្យដឹងថា គ.ជ.ប ទុកពេលឱ្យគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ ដោះស្រាយបណ្ដឹងនោះ តែបើការដោះស្រាយត្រឹមថ្នាក់ឃុំ-សង្កាត់ មិនសម្រេចលទ្ធផល ទើបពាក្យបណ្ដឹងទាំងនោះ នឹងត្រូវបញ្ជូនទៅ គ.ជ.ប ដើម្បីស្វែងរកចំណុចមិនប្រក្រតី និងដោះស្រាយបញ្ចប់។
 
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី ០៧ ខែមិថុនាបែបនេះ​៖ « ពេលលទ្ធផលបឋមចេញហើយ មិនសុខចិត្តគឺ គេដាក់ពាក្យបណ្ដឹង ហើយប្ដឹងត្រឹមម្សិលមិញថ្ងៃទី ៦មិថុនា ម៉ោង១២។ បើប្ដឹងរួចខាងឃុំសង្កាត់គាត់ដោះស្រាយរយៈពេល ៣ថ្ងៃ»។
 
ទាក់ទិននឹងការដោះស្រាយពាក្យបណ្ដឹងនេះ គឺពិនិត្យមើលទៅតាមការប្ដឹងនីមួយៗ ពោលគឺបានន័យថា បើបណ្ដឹងពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ ហើយមានករណីកើតឡើងចាំបាច់ ឬមិនមានការស្រុះស្រួលគ្នា នៅថ្នាក់ក្រោមនេះ គឺអាចឈានដល់ការរាប់សន្លឹកឆ្នោតនៅទីតាំងនោះ ម្ដងទៀត ។ លោក ពុទ្ធា លើកឡើងបែបនេះ។
 
ដោយឡែកជុំវិញសន្លឹកឆ្នោតមិនបានការ លោក ហង្ស ពុទ្ធា ពុំទាន់អាចប្រាប់ពីទិន្នន័យជាក់លាក់បាននោះទេ ព្រោះ គ.ជ.ប កំពុងផ្ទៀងផ្ទាត់។
 
សូមជម្រាបថា ប្រជាពលរដ្ឋដែលបានទៅ​បោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២  មានចំនួន ៧ ៣៨២ ៤៤៩នាក់ ស្មើ ៨០.១៩ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប​ជាង ៩លាន ​២​សែន​នាក់។
 
កាលពីឆ្នាំ២០១៧ ការរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ សន្លឹកឆ្នោតមិនបានការមានជាង ១០ភាគរយ។ ករណីនោះ ភាគច្រើនប្រជាពលរដ្ឋមិនជ្រើសរើសយកគណបក្សនយោបាយណាមួយ ហើយគូសចោល និងគូសឱ្យខូចសន្លឹកឆ្នោត៕
 

Tag:
 បោះឆ្នោត
  បណ្ដឹង
  គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com