ជាតិ
បោះឆ្នោត
គ.ជ.ប បំភ្លឺ៖ អ្នកដែលអាចចូលការិយាល័យរាប់សន្លឹកឆ្នោត គឺមន្រ្តីរាប់សន្លឹកឆ្នោត អ្នកសង្កេតការណ៍ ភ្នាក់ងារបក្ស...
07, Jun 2022 , 4:29 pm        
រូបភាព
សកម្មភាពរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោតមួយក្នុងខណ្ឌច្បារអំពៅទី រាជធានីភ្នំពេញ បន្ទាប់ពីដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានបិទបញ្ចប់នៅម៉ោង៣រសៀល ថ្ងៃទី៥_ ខែមិថុនា ឆ្នាំ២០២២។ រូប៖ សហការី
សកម្មភាពរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោតមួយក្នុងខណ្ឌច្បារអំពៅទី រាជធានីភ្នំពេញ បន្ទាប់ពីដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានបិទបញ្ចប់នៅម៉ោង៣រសៀល ថ្ងៃទី៥_ ខែមិថុនា ឆ្នាំ២០២២។ រូប៖ សហការី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីភ្លឺមួយ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបង្ហាញសាធារណជន ថាតើអ្នកណាខ្លះ ដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។ យោងតាមសេចក្តីបំភ្លឺរបស់គ.ជ.ប អ្នកដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត រួមមាន មន្រ្តីរាប់សន្លឹកឆ្នោតរបស់គ.ជ.ប អ្នកសង្កេតការណ៍ ភ្នាក់ងារគណបក្ស ភ្នាក់ងារសន្តិសុខ និង ភ្នាក់ងារសង្គ្រោះ។



ការចេញសេចក្តីបំភ្លឺរបស់គ.ជ.ប នាពេលនេះ គឺដើម្បីឆ្លើយតបនឹងការទិតៀនរបស់គណបក្សភ្លើងទៀន ជុំវិញការរាប់សន្លឹកឆ្នោត។ តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ គណបក្សភ្លើងទៀន លើកឡើងថា ស្ទើរគ្រប់មណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស ត្រូវបិទទ្វាររបងចាប់ពីម៉ោង៣រសៀល ហើយបណ្តេញប្រជាពលរដ្ឋចេញមិនឲ្យនៅតាមដានការរាប់សន្លឹកឆ្នោត។ 
 
គណបក្សភ្លើងទៀតន បន្តថា ភ្នាក់ងារគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានបណ្តេញ្ចេញឲ្យនៅក្រៅការិយាល័យបោះឆ្នោតដែរ នៅពេលការរាប់សន្លឹកឆ្នោតចាប់ផ្តើម។ គណបក្សភ្លើងទៀន បន្ថែមថា ចំពោះមន្រ្តីភូមិ-ឃុំរបស់គណបក្សប្រជាជនកម្ពុជា និងតំណាងអង្គការជាច្រើនរបស់គណបក្សដឹកនាំរដ្ឋាភិបាលនេះ បែរជាត្រូវបានផ្តល់សិទ្ធិឲ្យស្ថិតក្នុងបរិវេណមណ្ឌលបោះឆ្នោត។ 
 
គ.ជ.ប អះអាងក្នុងសេចក្តីបំភ្លឺថា ការលើកឡើងរបស់គណបក្សភ្លើងទៀន គឺខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប។ គ.ជ.ប លើកយកច្បាប់បោះឆ្នោតមកបំភ្លឺថា បើគ្មានការអនុញ្ញាតពីគ.ជ.ប ជនគ្រប់រូប ត្រូវហាមមិនឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្តើមការរាប់សន្លឹកឆ្នោត ឬក្រោយការរាប់សន្លឹកឆ្នោត។ 

យ៉ាងណា គ.ជ.ប ជំរុញឲ្យគណបក្សនយោបាយ ដាក់បណ្តឹងទៅគ.ជ.ប ជុំវិញភាពមិនប្រក្រតីណាមួយ ដែលពួកគេសង្កេតឃើញ។ ជាមួយនេះ គ.ជ.ប ប្រកាសថា ចាំទទួលបណ្តឹងពីគណបក្សនយោបាយទាំងនោះ។ 
 
សូមបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានដំណើរចាប់ពី៧ព្រឹកទៅ និងត្រូវបានបិទបញ្ចប់នៅម៉ោង៣រសៀល។ ក្រោយបិទបញ្ចប់ ការិយាល័យបោះឆ្នោត បានក្លាយជាការិយាល័យរាប់សន្លឹកឆ្នោត ហើយការរាប់សន្លឹកឆ្នោត បានចាប់ផ្តើមពីក្រោយម៉ោង៣រសៀលទៅ។ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ភាគច្រើនជាសាលារៀន៕ 
 
 
 

Tag:
 ការិយល័យរាប់សន្លឹកឆ្នោត
  គជប
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com