ជាតិ
បោះឆ្នោត
ក្រៅផ្លូវការ៖ ភ្លើងទៀន អះអាងថា បានអាសនៈឃុំ-សង្កាត់ជាង២ពាន់
07, Jun 2022 , 5:59 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន៣រូប គឺលោក ថាច់ សេដ្ឋា អនុប្រធាន លោក សុន ឆៃ អនុប្រធាន និង លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការ បានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ជុំវិញដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់លោក ថាច់ សេដ្ឋា
ពីឆ្វេងដៃទៅ៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន៣រូប គឺលោក ថាច់ សេដ្ឋា អនុប្រធាន លោក សុន ឆៃ អនុប្រធាន និង លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការ បានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ជុំវិញដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់លោក ថាច់ សេដ្ឋា
ដោយ៖ ទេពញាណ 
 
លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន អះអាងថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ គណបក្សភ្លើងទៀន ទទួលបានសំឡេងឆ្នោតប្រមាណ១,៦លាន។ បើតាមអនុប្រធានរូបនេះ គណបក្សភ្លើងទៀន បានយកតួលេខ១,៦លានសំឡេង ទៅគណនាក្នុងផ្ទៃក្នុងគណបក្ស ហើយរកឃើញក្រៅផ្លូវការថា គណបក្សខ្លួន ទទួលអាសនៈជាង២ពាន់។



លោក ថាច់ សេដ្ឋា ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា ក្នុងចំណោមអាសនៈឃុំ-សង្កាត់ជាង២ពាន់ ដែលគណបក្សភ្លើងទៀន ទទួលបាន មាន៤អាសនៈជាតំណែងមេឃុំ ដោយតំណែងមេឃុំ៣ នៅខេត្តកំពង់ធំ និងតំណែងមេឃុំ១ នៅខេត្តកំពង់ចាម។ លោក បន្តថា គណបក្សភ្លើងទៀន ពុំទាន់ទទួលបានតួលេខនៃសំឡេងឆ្នោតទាំងអស់ពីការិយាល័យបោះឆ្នោតនោះទេ។ 
 
តួលេខនៃសំឡេងឆ្នោត និងអាសនៈខាងលើ ដែលគណបក្សភ្លើងទៀន ទទួលបាន ហើយត្រូវបានអះអាងដោយលោក ថាច់ សេដ្ឋា គឺប្រហាក់ប្រហែលនឹងតួលេខ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអេភី (AP) ដែរ។ ទីភ្នាក់សារព័ត៌មាន AP ផ្សាយដោយផ្អែកលើរបាយការណ៍ពីគ.ជ.ប ថា គណបក្សភ្លើងទៀត ទទួលបានសំឡេងឆ្នោត១,៦លាន ហើយបើគិតជាអាសនៈ ស្មើនឹង២១១៩អាសនៈ។ បើតាមទីភ្នាក់ងារសារព័ត៌មាន AP ដដែល គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត៥,៣លាន ដែលស្មើនឹង៩៣៣៨អាសនៈ។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនទាន់អាចបង្ហាញតួលេខជាក់លាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត និងអាសនៈប៉ុន្មាននោះទេ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសលទ្ធផលផ្លូវការ។ ប៉ុន្តែ លោក ប្រាប់ជារួមថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលប់។ 
 
ឃុំ-សង្កាត់សរុប មាន១៦៥២ ហើយបេក្ខជន ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ត្រូវបានកំណត់ចំនួន១១៦២២នាក់ ដែលស្មើនឹង១១៦២២អាសនៈដែរ។ ក្នុងចំណោមគណបក្សទាំង១៧ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលបានដាក់បេក្ខជនច្រើនជាងគេ។ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនពេញសិទ្ធិគ្រប់១១៦២២នាក់ ឈរឈ្មោះនៅគ្រប់ឃុំ-សង្កាត់ទាំង១៦៥២ ខណៈគណបក្សភ្លើងទៀន ដាក់បេក្ខជនពេញសិទ្ធិ១១៤២៧នាក់ ឈរឈ្មោះនៅតាមឃុំ-សង្កាត់ចំនួន១៦២៣៕  
 

Tag:
 គណបក្សភ្លើងទៀន
  ថាច់ សេដ្ឋា
  អាសនៈ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com