ជាតិ
សេដ្ឋកិច្ច
ចិន បញ្ជាទិញផ្លែ មៀនប៉ៃលិន ពីកម្ពុជា ចាប់ខែសីហា តទៅ
07, Jun 2022 , 7:59 pm        
រូបភាព
មៀនប៉ៃលិន របស់ប្រជាកសិករក្នុងខេត្តប៉ៃលិន កាលពីឆ្នាំចុងឆ្នាំ២០២០។ រូបថត៖ OU Sokmean
មៀនប៉ៃលិន របស់ប្រជាកសិករក្នុងខេត្តប៉ៃលិន កាលពីឆ្នាំចុងឆ្នាំ២០២០។ រូបថត៖ OU Sokmean
ភ្នំពេញ៖ ក្រុមហ៊ុនរបស់ចិន បានដាក់ផែនការបញ្ជាទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ពីកម្ពុជា​ ចាប់ខែសីហា ឆ្នាំ២០២២តទៅ។ នេះជាការលើកឡើងរបស់លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន ដោយបញ្ជាក់ថា  ក្រុមហ៊ុននេះ​ប្រមូលទិញមៀនប៉ៃលិន ពី​​ម្ចាស់ចម្ការណា ដែលមានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អ (CAM GAP) ប៉ុណ្ណោះ ពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។​

 
តាមការគ្រោងទុក ផ្លែមៀនប៉ៃលិន ឬតាង៉ែនរបស់កម្ពុជា នឹងត្រូវបាននាំចូលទីផ្សារប្រទេសចិន ចាប់ពីអំឡុងខែសីហា​ ក្នុងឆ្នាំ២០២២ តទៅ។ បើតាមលោក សួន ជុំ បច្ចុប្បន្នក្រុមហ៊ុន ជីង គួរ យួង ដែលបានបង្កើតរោងចក្រ និងឡសម្លាប់មេរោគ​លើ​ផ្លៃមៀន នៅក្នុងខេត្តប៉ៃលិនផ្ទាល់​នោះ  បានកំណត់ផែនការជាដំណាក់កាល ក្នុងការប្រមូលទិញមៀនប៉ៃលិន ពីកសិករ ពីមួយ ទៅពីរ ទូតុងតឺន័រក្នុងមួយថ្ងៃ សម្រាប់នាំទៅប្រទេសចិន។  
 
«នាដើមរដូវប្រមូលផលមៀនប៉ៃលិននេះ ​(ក្នុងខែសីហា)​ ប្រសិនបើកសិករយើង មានផ្លែមៀនប៉ៃលិន ចាប់ពីមួយ ឬពីរ ទូតុងតឺន័រ ឡើងទៅក្នុងមួយថ្ងៃ ខាងក្រុមហ៊ុនចិននោះ នឹងចាប់ផ្តើមបើកទិញពីកសិករយើង ក្នុងតម្លៃ ៣ ៦០០រៀល ក្នុងមួយគីឡូក្រាម»។ លោក សួន ជុំ និយាយបែបនេះ មកកាន់សារព័ត៌មានថ្មីៗ (ThmeyThmey) នាថ្ងៃទី៦ ខែមិថុនា ដោយបញ្ជាក់ថា ក្នុងមួយទូកុងតឺន័រ មានទម្ងន់ជាង២០តោន។ 
 
 
លោក សួន ជុំ បន្តរៀបរាប់ថា តម្លៃមៀនប៉ៃលិននេះ ​នឹងកើនដល់ ៣ ៨០០រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែធ្នូ ហើយកើនដល់ ៤ ០០០រៀល ចាប់ខែមករា ​ឆ្នាំ២០២៣ និងឈានដល់ ៤ ៥០០រៀល ក្នុងមួយគីឡូក្រាម​​ ចាប់ខែមីនា ដល់ឧសភា ឆ្នាំ២០២៣។​ អនុប្រធានសមាគមមៀនប៉ៃលិនរូបនេះ បានបញ្ជាក់ដូច្នេះ៖ ​«មៀនប៉ៃលិន ដែលចិនបញ្ជាទិញនោះ នឹងត្រូវបានសម្លាប់មេរោគ វេចខ្ចប់ និងរក្សាទុកក្នុងទូត្រជាក់​ នៅក្នុងខេត្តប៉ៃលិនយើងហ្នឹង ហើយនាំចូលទីផ្សារចិនតែម្តង ដោយយើងលែងពឹងដង្ហើមប្រទេសថៃ ទៀតហើយ»។​
 
ពាក់ព័ន្ធនឹងដំណឹងដែលក្រុមហ៊ុនចិនបញ្ជាទិញផ្លែមៀនដោយផ្ទាល់ពីកសិករនេះ បានធ្វើឱ្យ អ្នកស្រី ឡុង រ៉ន ម្ចាស់ចម្ការ​មៀន​ប៉ៃលិន ដែលមានដើមមៀនជាង​៦០០​ដើម នៅភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ត្រេកអរជាខ្លាំង។ កសិកររូបនេះ សង្ឃឹមថា មៀនប៉ៃលិនរបស់កម្ពុជា អាចនាំទៅទីផ្សារប្រទេសចិនជាផ្លូវការ នាពេលឆាប់ៗ។  
 
ម្ចាស់ចម្ការរូបនេះ បានត្រៀមផែនការក្នុងការផលិតមៀនប៉ៃលិន ដែលមានស្តង់ដារសម្រាប់នាំទៅទីផ្សារចិន  ក្នុងបរិមាណមិនក្រោម ៥០តោនឡើយ។  អ្នកស្រី ឡុង រ៉ន បាននិយាយដូច្នេះ៖ « ខ្ញុំគ្រោងផលិតផ្លែមៀន មិនឱ្យក្រោម៥០តោនទេ សម្រាប់នាំទៅចិន ដោយការផលិ​ត​របស់យើងនេះ មានជាដំណាក់កាលៗ តាមការបញ្ជាទិញរបស់ក្រុមហ៊ុនចិន»។​ 
 
បើតាមលោក​ សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តប៉ៃលិន កាលពីខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនចិន បានចុះមកជួបក្រុមអ្នកផលិតមៀន នៅក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដោយក្រុមហ៊ុននោះ​ បានដាក់ផែនការដំណាក់កាល ក្នុងការប្រមូលទិញផ្លែមៀន ពីកសិករ ដើម្បីនាំទៅចិន។   ប៉ុន្តែ លោកបានបញ្ជាក់ថា ភាគីក្រុមហ៊ុន​ប្រកាសទិញផ្លែមៀនប៉ៃលិន ពីម្ចាស់ចម្ការណា ដែលអនុវត្តកសិកម្មល្អ ដោយមានវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អ (CAMBODIAN GOODA GRICULTURAL PRACTICES_CAM GAP) ប៉ុណ្ណោះ។
 
«ក្រុមហ៊ុនបញ្ជាទិញផ្លែមៀន ពីចម្ការណាដែលមានកសិកម្មល្អ [GAP]ទេ! ហើយម្ចាស់ចម្ការដែលមាន GAP ហ្នឹង ​គឺអាចទទួលបានប្រាក់មួយចំនួនពីក្រុមហ៊ុន ដើម្បីយកទៅអភិវឌ្ឍចម្ការមៀនរបស់ខ្លួន ក្នុងការដាំដុះបន្ថែម ឬបង្កបង្កើនទិន្នផលសម្រាប់នាំចេញ»។​ នេះជាការលើកឡើងរបស់លោក សាយ សុផាត។ 
 
បើតាមប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនរូបនេះ  គិតមកទល់បច្ចុប្បន្ន​ មានជាងកសិករជាង៣០នាក់ប៉ុណ្ណោះ ដែលទទួលបានវិញ្ញាបនបត្រកសិកម្មល្អ ពីអគ្គនាយកកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។  លោកបានបញ្ជាក់ថា៖ «ចំនួននេះ គឺមានតិចតួចបើធៀបនឹងចម្ការមៀនជាក់ស្តែងក្នុងខេត្ត​ ព្រោះកសិករខ្លះមិនទាន់ជឿជាក់លើយើង ក្នុងការមានលទ្ធភាពបើកចេញនាំចេញប៉ៃលិន ដោយត្រង់ចូលទីផ្សារចិន»។  ដូច្នេះបើមានក្រុមហ៊ុនបញ្ជាទិញផ្លែមៀនពីយើងហើយ អ៊ីចឹង ម្ចាស់ចម្ការមៀនទាំងអស់ សូមរួសរាន់រៀបចំនីតិវិធី ដើម្បីធ្វើឱ្យចម្ការរបស់ខ្លួន ក្លាយជាចម្ការGAP ដើម្បីឆ្លើយតបនឹងទីផ្សារចិន។»។​
 
ជាមួយគ្នានេះ សារព័ត៌មានThmeyThmey ពុំអាចសុំព័ត៌មានបន្ថែម ជុំវិញនៃការនាំចេញផ្លែមៀនប៉ៃលិនជាផ្លូវការ ទៅប្រទសចិន នៅក្នុងឆ្នាំ២០២២ ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, លោក ស្រី វុឌ្ឍី  អ្នកនាំពាក្យក្រសួងកសិកម្ម  និងលោក កែ មុនីវុធ ប្រធាននាយកដ្ឋានការពារដំណាំ​ អនាម័យ និងភូតគាមអនាម័យ បានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែមិនទទួល។ 
 
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះមៀនប៉ៃលិន(តាង៉ែន) ទូទាំងប្រទេស សរុប ១៣ ៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ដោយឡែក ខេត្តដែលមានកសិករដាំដុះប្រភេទនេះ ច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនគិរី និងបន្ទាយមានជ័យ។ ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិន ឬតាង៉ែនទាំងនេះ គឺមាន ៦ ៩២៧ហិកតា​ ដែលកសិករទទួលបានទិន្នផលចំនួន ១១ម៉ឺនតោន នៅក្នុងឆ្នាំ២០២១​៕ 
 
 
 

Tag:
 កសិកម្ម
  មៀនប៉ៃលិន​
  GAP
  សួន ជុំ
  សាយ សុផាត
  ​ឡុង រ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com