ដោយ ៖ ធន់ សេងហុង
គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចំណាយថវិកាជាង៦០លានដុល្លារ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អណត្តិទី៥នេះ ។ ថវិកាទាំងនេះត្រូវចំណាយទៅលើការចុះឈ្មោះបោះឆ្នោត និងការទិញសម្ភារៈផ្សេងៗ ។
លោក ទេព នីថា អគ្គលេខាធិការដ្ឋាន គ.ជ.ប បានបញ្ជាក់ថា ថវិកាជាង៦០លានដុល្លារនេះ ត្រូវបានចំណាយទៅលើការចុះឈ្មោះបោះឆ្នោត ,កម្មវិធីសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះទៅលើផ្នែកបច្ចេកទេស , ប្រាក់កម្រៃទៅលើបុគ្គលិកដែលធ្វើការចុះឈ្មោះបោះឆ្នោត ព្រមទាំងសម្ភារៈផ្សេងៗ ដូចជាថ្លៃជួសជុល និងទិញម៉ាស៊ីនព្រីនថ្មីបន្ថែម ក្រដាសស្នាម និងទឹកថ្នាំជាដើម។
បើតាមអគ្គលេខាធិការដ្ឋានរូបនេះ មុនចំណាយថវិកាទាំងនេះ គ.ជ.ប ត្រូវទៅការពារគម្រោងខ្លួន នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ទើបដាក់ចូលក្នុងច្បាប់ថវិកាជាតិ ហើយប្រកាសជាសាធារណៈ។
លោក ទេព នីថា បានប្រាប់សារព័ត៌មានថ្មីៗថា ៖«សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥នេះ គ.ជ.ប បានប្រើប្រាស់ថវិកាប្រមាណជាង ៦០លានដុល្លារ បើធៀបនឹងចំនួនអ្នកបោះឆ្នោត ត្រូវចំណាយក្នុងម្នាក់ៗប្រហែល ៦ ដុល្លារ» ។
លោក នីថា បានបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៤ ឆ្នាំ២០១៧ មានការចំណាយច្រើនជាងការបោះឆ្នោតនៅឆ្នាំនេះ ដោយ គ.ជ.ប ត្រូវចំណាយជាមធ្យម៧ដុល្លារ សម្រាប់ការរៀបចំឱ្យពលរដ្ឋម្នាក់បោះឆ្នោត ។ បើតាមលោក នីថា តួលេខនៃការចំណាយនៅឆ្នាំនេះ មានតម្លៃទាបជាងឆ្នាំ២០១៧បន្តិចបន្តួច ដោយសារការចំណាយតិចទៅលើការទិញសម្ភារៈ ក្នុងដំណើរការបោះឆ្នោត ។
ពលរដ្ឋជាង ៧លាននាក់ ស្មើ ៨០,១៩ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតជាង៩,២លាន បានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ។
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣វិញ គ.ជ.ប ក៏ត្រៀមចំណាយប្រាក់លើសពី៥០លានដុល្លារដែរ។
អគ្គលេខាធិការដ្ឋានរូបនេះ បានលើកឡើងថា ៖ «យ៉ាងតិចណាស់៥០លានដុល្លារ បូកទាំងការចំណាយនៃការចុះឈ្មោះទៀតអាចនឹងច្រើនជាងនេះ»។
សូមជម្រាបថា គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥នេះ នាថ្ងៃទី២៦ មិថុនាខាងមុខ៕