ដោយ ៖ ធន់ សេងហុង
ខណៈពេលដែលសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថាជាក្បាលម៉ាស៊ីនមួយនៃកំណើនសេដ្ឋកិច្ចពិភពលោក វត្តមានរបស់ប្រទេសជប៉ុននៅក្នុងតំបន់ បែរជានៅក្រោយដៃគូអាស៊ានផ្សេងទៀត។ ចិនបាននាំមុខប្រទេសជប៉ុនក្នុងវិស័យពាណិជ្ជកម្មជាមួយអាស៊ាន ស្របពេល ទន្ទឹមនឹងនេះកូរ៉េខាងត្បូងក៏ចាប់ផ្តើមមានសន្ទុះពាណិជ្ជកម្មកើនឡើងយ៉ាងលឿនជាមួយអាស៊ានផងដែរ។
យោងតាមតួលេខលេខាធិការដ្ឋានអាស៊ាន ពីឆ្នាំ២០០៣-២០០៨ ជប៉ុនបាននាំមុខអាមេរិក ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន មុនពេលដែលចិនចាប់ផ្តើមជំរុញពាណិជ្ជកម្មជាមួយតំបន់នេះ។ បន្ទាប់ពីនាំមុខជប៉ុនក្នុងឆ្នាំ២០០៩ ចិនកាន់បានឈរទីតាំងនេះរហូតដល់សព្វថ្ងៃ។ ក្នុងឆ្នាំ២០០៣ ទំហំពាណិជ្ជកម្មរបស់ជប៉ុនជាមួយអាស៊ានគឺធំជាងកូរ៉េខាងត្បូង៣ដង។ ប៉ុន្តែនៅឆ្នាំ ២០២១ ចំនួននេះនឹងត្រូវបានធ្លាក់ចុះមកត្រឹម១,៣ដងតែប៉ុណ្ណោះ។
ការវិនិយោគផ្ទាល់ពីបរទេសរបស់ជប៉ុននៅក្នុងអាស៊ានបានកើនឡើងដល់ ១៤,៨៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១២ ដែលជាការវិនិយោគធំទីបី បន្ទាប់ពីការវិនិយោគក្នុងតំបន់ និងអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ជប៉ុនបានធ្លាក់មកលេខរៀងទី៦វិញ ជាមួយនឹងទំហំទឹកប្រាក់៨,៥២ ពាន់លានដុល្លារក្នុងឆ្នាំ២០២០។
ការថយចុះឥទ្ធិពលរបស់ជប៉ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏អាចត្រូវបានគេមើលឃើញតាមរយៈលំហូរនៃប្រជាជនពីជប៉ុនចូលទៅក្នុងតំបន់។ ក្នុងឆ្នាំ ២០២០ ជនជាតិជប៉ុនមានត្រឹមតែ១០ភាគរយនៃភ្ញៀវបរទេសដែលមកកាន់បណ្តាប្រទេសអាស៊ាន។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចពីជប៉ុន ក៏មានថយចុះផងដែរ ដោយសារការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។
បើតាមការស្ទង់មតិដោយវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof Ishak នៅសិង្ហបុរី ចេញថ្មីៗនេះ អ្នកជំនាញគោលនយោបាយ និងការផ្ដល់យោបល់នៅក្នុងបណ្តាប្រទេសអាស៊ានប្រមាណ ២,៦ភាគរយប៉ុណ្ណោះ បានចាត់ទុកប្រទេសជប៉ុនជា «មហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់» ប៉ុន្តែចិនវិញមានរហូតទៅដល់៧៧ភាគរយ ។នៅក្នុងការស្ទង់មតិឆ្នាំ ២០១៩ ជប៉ុនទទួលមតិ៦,២ភាគរយ។
បើយោងតាមអ្នកជំនាញ ភាពខ្លាំងរបស់ជប៉ុនស្ថិតនៅក្នុងការរួមចំណែកផ្នែកសេដ្ឋកិច្ចរបស់ខ្លួនចំពោះអាស៊ីអាគ្នេយ៍នាពេលកន្លងមក។ ទោះបីជាការរួមចំណែករបស់ជប៉ុនតាមការវិនិយោគផ្ទាល់ពីបរទេសក្នុងអាស៊ានបានថយចុះក៏ដោយ ប្រទេសនេះនៅតែឈានមុខលើសពីតម្លៃនៃការវិនិយោគផ្ទាល់សរុបរហូតមកដល់បច្ចុប្បន្នដដែល។

សូមបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមលោកលើកទី២ ប៉ុនបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍យ៉ាងច្រើន។ ចាប់ពីឆ្នាំ១៩៩៩-២០១៩ ប្រទេសនេះបានបែងចែក៥ភាគរយនៃថវិកាជំនួយអភិវឌ្ឍន៍ផ្លូវការដល់អាស៊ាន។ ខណៈចិនតែងតែតម្រូវឱ្យប្រទេសដែលទទួលជំនួយ ទិញសម្ភារ និងបរិក្ខារពីប្រទេសរបស់ខ្លួន ជប៉ុនមិនភ្ជាប់លក្ខខណ្ឌបែបនេះទេក្នុងគម្រោងខ្លួនឡើយ។
បើទោះបីជាឥទ្ធិពលរបស់ខ្លួនបានបន្តរួមចំណែកក្នុងការអភិវឌ្ឍនៅតំបន់នេះច្រើនយ៉ាងណាក៏ដោយ ជប៉ុនមិនអាចបន្តភាពសប្បាយរីករាយបានដែរ ខណៈគូប្រជែងជាច្រើនរបស់ខ្លួនកំពុងបង្កើនវត្តមានរបស់ពួកគេយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន ដែលថ្មីៗនេះភាគច្រើនតាមរយៈការទូតវ៉ាក់សាំងតែម្ដង។
«ជប៉ុនមានទំនោរគិតថាទំនាក់ទំនងដ៏ស៊ីជម្រៅរបស់ខ្លួនជាមួយអាស៊ាន ដែលត្រូវបានចាក់ឫសក្នុងរយៈពេលពាក់កណ្តាលសតវត្សកន្លងមកនេះ ដែលធ្វើឲ្យខ្លួនជាតួអង្គពិសេសមួយ »។ លោក Yuri Sato អ្នកស្រាវជ្រាវពីវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃអង្គការពាណិជ្ជកម្មបរទេសជប៉ុន (JETRO) បានលើកឡើងថាបែបនេះក្នុងការផ្សាយរបស់សារព័ត៌មាន Nikkei Asia ។
ខណៈពេលដែលជប៉ុនមិនទទួលបានជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំង រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជូនវ៉ាក់សាំងផលិតក្នុងស្រុកជាង៥០០ លានដូសទៅកាន់បណ្តាប្រទេសអាស៊ាន ដោយបានជួយបន្ធូរបន្ថយការព្រួយបារម្ភជាសាធារណៈ។

ទោះជាយ៉ាងណា យោងតាមអ្នកជំនាញពី JETRO ការជឿទុកចិត្តគឺជាអ្វីដែលជប៉ុននៅតែអាចទាញយកប្រយោជន៍ពីផ្នែកនេះ។ នៅក្នុងការស្ទង់មតិរបស់ ISEAS សម្រាប់ឆ្នាំ២០២២ អ្នកឆ្លើយសំណួរចំនួន៥៤ភាគរយ បាននិយាយថា ជប៉ុន ជាប្រទេសដែល «តែងតែធ្វើអ្វីដែលត្រឹមត្រូវ» ដើម្បីជួយលើកកម្ពស់សន្តិភាព សន្តិសុខ និងសេរីភាពនៅជុំវិញពិភពលោក ខណៈដែលមានតែ២៧ភាគរយប៉ុណ្ណោះ ដែលជ្រើសរើសប្រទេសចិន។
អ្នកស្រាវជ្រាវ Sato លើកឡើងថា ជប៉ុនគួរតែទាញយកអត្ថប្រយោជន៍ពីការជឿទុកចិត្តលើខ្លួនខណៈពេលដែលវាកំពុងតែរីកសាយភាយនៅឡើយ។ បើតាមអ្នកស្រាវជ្រាវនេះ ការអប់រំ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងយុវជន ជាពីរវិស័យដែលអាចជួយជប៉ុនពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះឡើងវិញបាន៕