ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សប្រជាធិតេយ្យមូលដ្ឋាន ទទួលយកលទ្ធផលបោះឆ្នោត ទាំងមិនពេញចិត្ត
07, Jun 2022 , 9:59 pm        
រូបភាព
 (រាប់ពីឆ្វេងទី២) លោក យ៉េង វីរៈ ប្រធាន លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងលោក សាម អ៊ីន អគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើសន្និសិទកាសែតជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី៧ មិថុនា ២០២២។ រូបពីសហការីបក្សGDP
(រាប់ពីឆ្វេងទី២) លោក យ៉េង វីរៈ ប្រធាន លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងលោក សាម អ៊ីន អគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើសន្និសិទកាសែតជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី៧ មិថុនា ២០២២។ រូបពីសហការីបក្សGDP
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន ដែលរៀបចំនៅថ្ងៃទី៧ ខែមិថុនានេះថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ មានរឿងមិនប្រក្រតីច្រើនកើតឡើងអំឡុងពេលបោះឆ្នោត ហើយបានដាក់បន្ដឹងទៅ គ.ជ.ប រួចរាល់ហើយ។ ក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន គណបក្សប្រជាធិតេយ្យមូលដ្ឋាន អះអាងថា ខ្លួនទទួលយកលទ្ធផលបោះឆ្នោត ទាំងមិនពេញចិត្ត និងខកចិត្តបំផុត។


តាមលទ្ធផលបឋមរបស់គណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប) ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានរក្សាតំណែងនៅឃុំចំនួន៣ និងទទួលអាសនៈថ្មីនៅឃុំ១ផ្សេងទៀត​។ 
 
ចំពោះលទ្ធផលបោះឆ្នោតនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) មិនពេញចិត្តឡើយ ដ្បិតសំឡេងឆ្នោតកើនឡើងជាងអាណត្តិមុនក៏ដោយ។ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក GDP លើកឡើងថា៖«យើងទទួលយក (លទ្ធផល) ដោយមិនពេញចិត្ត ទទួលយកដោយភាពឈឺចាប់ ឈឺបំផុត»។ 
 
លោក បន្តថា លោក គ្រាន់តែចង់បានការប្រកួតប្រជែងមួយ ដែលសេរី ស្មើភាព ដើម្បីភាពរីកចម្រើនក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។
 
ក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា ដំណើរការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ មានភាពមិនប្រក្រតីច្រើន និងអាក្រក់ជាងការបោះឆ្នោតអាណត្តិមុនៗខ្លាំង។ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្កត់ធ្ងន់ថា៖«ការបោះឆ្នោតកន្លងមកមិនដែលសេរីយុត្តិធម៌ត្រឹមត្រូវទេ ហើយការបោះឆ្នោតលើកនេះអាក្រក់ជាងមុនទៅទៀត»។ 
 
ប្រធានគណបក្សរូបនេះ បញ្ជាក់ថា បក្សលោកបានធ្វើពាក្យបណ្ដឹងជិត១០ ដាក់ទៅកាន់ គ.ជ.ប រួចរាល់ហើយ ជុំវិញករណីមិនប្រក្រតីអំឡុងពេលបោះឆ្នោតនោះ។ លោក លើកឡើងត្រួសៗពីសកម្មភាពមិនប្រក្រតីនោះថា ទី១ វត្តមានអាជ្ញាធរ មេភូមិ មេឃុំ នៅតាមការិយាល័យបោះឆ្នោត និងទី២ ការគំរាមកំហែងបេក្ខជនឈរឈ្មោះជាដើម។ ចំពោះបណ្ដឹងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ អះអាងថា ត្រូវបានបដិសេដ។
 
លោក ហង្ស ពុទ្ធា ប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា គ.ជ.ប បានទទួលការវាយតម្លៃពីអង្គភាពជាច្រើន ដែលមើលឃើញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ មានភាពល្អប្រសើរ មានយុត្តិធម៌ និងគ្មានអំពើហិង្សា។ លោក បន្តថា ការវាយតម្លៃនេះ មានទាំងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង​ ទាំងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការអន្តរជាតិផងដែរ។
 
ទាក់ទងនឹងបណ្ដឹងវិញ អ្នកនាំពាក្យរូបនេះ អះអាងថា៖«បណ្តឹងយើងមាននិតិវិធី ដែលគណបក្សនយោបាយនីមួយៗបានយល់ហើយថា បើសិនជាប្ដឹងទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដោះស្រាយហើយមិនសមនឹងចិត្តខ្លួន មិនទទួលយកបានគឺអាចប្ដឹងបន្តទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ បើនៅខេត្តដោះស្រាយហើយនៅតែមិនពេញចិត្តទៀត គឺអាចប្ដឹងមកគណៈកម្មការជាតិរៀបចំការបោះឆ្នោត»។
 
បើតាមលោក ហង្ស ពុទ្ធា ពុំទាន់មានបណ្ដឹងណាមួយ ឡើងមកដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើយ។ ចំពោះបណ្ដឹងចំនួន១០ ដែល គ.ជ.ប ទទួលបាននៅថ្ងៃទី៧​ ខែមិថុនានេះ ជាបណ្ដឹងថ្នាក់ខេត្ត នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតប៉ុណ្ណោះ។ នេះជាការអះអាងរបស់លោក ពុទ្ធា៕
 

Tag:
 គណបក្សប្រជាធិតេយ្យមូលដ្ឋាន
 បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com