COVID-19
អន្តរជាតិ
មន្រ្តីជាន់ខ្ពស់វៀតណាមចំនួន៣រូប ត្រូវចាប់ខ្លួនក្នុងសំណុំរឿងពុករលួយជុំវិញការលក់ឧបករណ៍តេស្តកូវីដ-១៩
08, Jun 2022 , 12:29 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long (ខាងស្តាំ) អភិបាលក្រុងហាណូយ លោក Chu Ngoc Anh។ រូបភាព៖ Vietnam Net
រដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long (ខាងស្តាំ) អភិបាលក្រុងហាណូយ លោក Chu Ngoc Anh។ រូបភាព៖ Vietnam Net
វៀតណាម នៅថ្ងៃទី៧ ខែមិថុនា បានចេញដីកាចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ចំនួន៣រូប ជុំវិញសំណុំរឿងពុករលួយលើការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩។​

 
 
រដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long, អភិបាលក្រុងហាណូយ លោក Chu Ngoc Anh និងអនុរដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក Pham Cong Tac ជាមន្ត្រីដែលត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយបក្សកុម្មុយនីស្តវៀតណាម ដករដ្ឋមន្រ្តីសុខាភិបាល និងអភិបាលក្រុងហាណូយចេញពីសមាជិកព្រោះជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយទាក់ទងការផ្គត់ផ្គង់ឧបករណ៍តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ១៧២លានដុល្លារ និងខុសវិន័យបក្ស។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News រដ្ឋមន្រ្តីសុខាភិបាលវៀតណាម បានរងបទចោទ «រំលោភអំណាចក្នុងពេលបំពេញការងារ» ខណៈអភិបាលក្រុងហាណូយ និងអនុរដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរងបទចោទបំពាន «បទបញ្ញាត្តិលើការគ្រប់គ្រង ការខាតបង់ និងការខ្ចះខ្ជះខ្ជាយទ្រព្យសម្បត្តិរដ្ឋ»។ បទល្មើសទាំងនេះ សុទ្ធតែមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌវៀតណាមមាត្រា ៣៥៦ និង២១៩។ 
 
ក្នុងថ្ងៃដដែលនោះ សភាជាតិវៀតណាម បានបោះឆ្នោតដកតំណែង លោក Long ចេញពីតំណែងរដ្ឋមន្រ្តីសុខាភិបាល។ លោក Long បានកាន់តំណែងនេះចាប់តាំងពីឆ្នាំ ២០២០មក។ ចំណែកក្រុមប្រឹក្សាប្រជាជនវៀតណាម ក្នុងកិច្ចប្រជុំថ្ងៃទី៧ ខែមិថុនា បានឯកភាពដកលោក Anh ជាចាហ្វាយក្រុងហាណូយ។ ចំណែកលោក Tac វិញ ត្រូវបានប្រាប់ឱ្យលាលែងពីតំណែងនៅថ្ងៃទី៦ ខែមិថុនា។ 
 
ពេលនេះ វៀតណាមបានតែងតែងអនុរដ្ឋមន្រ្តីសុខាភិបាល លោក Do Xuan Tuyen ជារដ្ឋមន្រ្តីស្តីទី ខណៈអភិបាលក្រុងរងហាណូយ លោក Le Hong Son ជាអភិបាលក្រុងបណ្តោះអាសន្ន។ 
 
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ វៀតណាម បានចាប់ខ្លួនមន្រ្តីខ្លួនជាច្រើនរូប ជុំវិញការប្រព្រឹត្តកំហុសលើការទិញសម្ភារវេជ្ជសាស្រ្ត រួមទាំងឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩៕ 
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com