ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ទៀ បាញ់៖ កម្ពុជានឹងពង្រឹងសមត្ថភាពយោធាឱ្យទំនើប តែគ្មានចេតនាគំរាមកំហែងប្រទេសដទៃឡើយ
08, Jun 2022 , 11:56 am        
រូបភាព
សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
កម្ពុជានឹងលើកកម្រិតយោធាឱ្យកាន់តែទំនើប តាមរយៈជំនួយ និងការទិញអាវុធពីបរទេស ដើម្បីពង្រឹងសមត្ថភាពការពារទឹកដី។ សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។


សម្ដេច ទៀ បាញ់ បានសង្កត់ថា រដ្ឋាភិបាល មិនត្រឹមតែធ្វើទំនើបកម្មនៅមូលដ្ឋានសមុទ្ររាមប៉ុណ្ណោះទេ ពោលគឺអភិវឌ្ឍន៍សមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យមានសមត្ថភាពខ្ពស់តែម្ដង ដើម្បីធានាការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
 
បើតាមសម្ដេច ទៀ បាញ់ ការពង្រឹង និងលើកកម្រិតសមត្ថភាពយោធានេះ តាមរយៈការទទួលជំនួយសម្ភារ និងបច្ចេកទេសយោធាពីបណ្ដាប្រទេស និងដៃគូសហការនានា។ ជាពិសេសការទិញអាវុធទំនើប មកហ្វឹកហាត់ និងប្រើប្រាស់ ដើម្បីឱ្យកងកម្លាំងយោធា អាចមានសមត្ថភាពខ្ពស់ ក្នុងការបំពេញភារកិច្ច ដូចជា ករណីបង្ក្រាបអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លង និងប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់ និងសកលលោកជាដើម។
 
ថ្លែងចំពោះមុខមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងពិធីបើកការដ្ឋាននេះ រដ្ឋមន្ត្រីការពាររូបនេះ បាននិយាយថា៖«កម្ពុជា បានទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត ដូចជា សម្ភារសឹកធុនធ្ងន់ និងទំនើប ហើយបច្ចុប្បន្នកំពុងធ្វើការហ្វឹកហ្វឺនជំនាញ បញ្ហាបច្ចេកទេស និងប្រើប្រាស់នៅពេលអនាគត។ កម្ពុជានឹងបន្តជំនួយឥតសំណងពីប្រទេសជាមិត្ត និងទិញសម្ភារសឹកធុនធ្ងន់ និងទំនើបៗ នៃប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
 
ត្រង់ចំណុចនេះ សម្ដេច ទៀ បាញ់ បានបកស្រាយក្នុងន័យនេះថា កម្ពុជាពង្រឹងសមត្ថភាពយោធាឱ្យកាន់តែទំនើបនេះ គ្មានគោលបំណងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប្រទេសណាឡើយ។ «កម្ពុជា គ្មានចេតនា បង្កការគំរាមកំហែងដល់បណ្ដាប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍន៍សមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពទប់ទល់នឹងសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមានក្នុងពេលបច្ចុប្បន្ន ដើម្បីធានាដំណើរការទៅមុខក្នុងសន្តិភាព សន្តិសុខ វិបុលភាព និងមានលទ្ធភាពក្នុងការកសាងសន្តិភាពក្នុងតំបន់ និងសកលលោក»។ នេះបើតាមសម្ដេច ទៀ បាញ់ ដែលប្រកាសទទួលជំនួយយោធាពីបណ្ដាប្រទេសទាំងអស់ ដោយគ្មានប្រកាន់និន្នាការនយោបាយការបរទេស។
 
បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិ ក៏បានប្រកាសជំហរទៀតថា កម្ពុជា គ្មានគោលនយោបាយជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំងនឹងប្រទេសណាឡើយ។ បើតាមសម្ដេច ទៀ បាញ់ កម្ពុជាប្រកាន់គោលជំហរសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់ ហើយមិនឈ្លានពាន និងជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងប្រទេសណាមួយ ដោយផ្ទាល់ ឬប្រយោលឡើយ។ ជាពិសេសរក្សាជំហរចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពប្រយោជន៍ប្រទេសដទៃទៅវិញទៅមក៕
 

Tag:
 ទៀ បាញ់
  នយោបាយ
  កងទ័ពកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com