ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតចិននៅកម្ពុជា៖ គម្រោងកសាងមូលដ្ឋានទ័ពរាម គោរពតាមច្បាប់កម្ពុជា ហើយចិនក៏មិនចង់គ្រប់គ្រងប្រទេសណាដែរ
08, Jun 2022 , 4:25 pm        
រូបភាព
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២២។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២២។
ចិនជួយកសាងមូលដ្ឋានទ័ពរាម ដោយគោរពទៅតាមច្បាប់ប្រទេសកម្ពុជា។ ចិនក៏គ្មានបំណងគ្រប់គ្រងប្រទេសណាមួយដែរ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី៨ មិថុនា ឆ្នាំ២០២២។


លោក វ៉ាង វិនធាន ចាត់ទុកការជួយកសាងមូលដ្ឋានទ័ពរាម នៅក្នុងខេត្តព្រះសីហនុនេះ ជាគំរូភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ បើតាមលោក វិនធាន គម្រោងកសាងមូលដ្ឋានទ័ពរាម គោរពតាមច្បាប់កម្ពុជា។
 
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់នៅមូលដ្ឋានរាមនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តាមរយៈអ្នកបកប្រែភាសាចិន បានសង្កត់ធ្ងន់ថា៖«និយាយពីគម្រោងនេះ (ចិន) គោរពច្បាប់ប្រទេសកម្ពុជា, គោរពតាមច្បាប់របស់ប្រទេសចិន ហើយគោរពតាមច្បាប់របស់អន្តរជាតិ»។
 
សម្រាប់លោក វិនធាន គម្រោងកសាងមូលដ្ឋានទ័ពរាមនេះ គឺផ្ដល់ប្រយោជន៍ដល់កម្ពុជា-ចិន ដែលផ្ទុយពីការលើកឡើងរបស់ប្រទេសមួយចំនួន តែងតែនិយាយវាយប្រហារ ដោយគ្មានហេតុផលច្បាស់លាស់មកលើគម្រោងនេះ។ «កិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពចិន និងកម្ពុជា មិនមែនសម្រាប់បម្រើចំពោះប្រទេសទី៣នោះទេ ។ ហើយនិយាយពីប្រទេសមួយចំនួន វាយប្រហារទៅលើគម្រោងនេះ គឺមានបំណងផ្ដេសផ្ដាស ហើយពួកគេចង់និយាយខុស(ពីការពិត)»។ នេះបើតាមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលឆ្លៀតផ្លែផ្កាទៅប្រទេសមហាអំណាចវិញថា នៅលើពិភពលោកនេះ ប្រទេសដែលបង្កើតមូលដ្ឋានកងទ័ពនៅក្រៅប្រទេសច្រើនជាងគេនោះ គឺមិនមែនចិននោះទេ។
 
សម្ដីរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ ទំនងចង់ឆ្លើយតបទៅនឹងកាសែត The Washington Post ដែលបានចុះផ្សាយ កាលពីថ្ងៃទី៦ មិថុនាថា ចិនបង្កើតមូលដ្ឋានទ័ព នៅក្នុងមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ ដើម្បី​ពង្រឹងអំណាចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងឈានទៅពង្រឹងឥទ្ធិពលខ្លួន ទូទាំងពិភពលោក តាមរយៈយុទ្ធសាស្ត្រពង្រីកអំណាចរបស់មេដឹកនាំចិន។
 
តែយ៉ាងណាលោក វ៉ាង វិនធាន បានអះអាងថា ចិនគ្មានបំណងគ្រប់គ្រងប្រទេសណាមួយ ដូចការរិះគន់ឡើយ។«ប្រទេសចិន មានវប្បធម៌ប្រពៃណីផ្ទាល់ខ្លួន ចង់តែគ្រប់គ្រងប្រទេសខ្លួន ឱ្យបានល្អ ហើយដឹកនាំប្រជាជនប្រទេសចិនខ្លួនឯង ឱ្យបានល្អប៉ុណ្ណឹងបានហើយ។ ប្រទេសចិន មានផ្នត់គំនិតបង្កើតវាសនាមនុស្សជាតិតែមួយ ប្រទេសចិន មានបំណងប្រាថ្នាចង់ឱ្យពិភពលោករួបរួមគ្នា ដើម្បីទទួលបានសុភមង្គល»។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តាមរយៈអ្នកបកប្រែភាសាចិន។
 
សម្តេច ទៀ បាញ់ ក៏បានបដិសេធចំពោះការចុះផ្សាយរបស់កាសែតអាម៉េរិកជាថ្មីដែរថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេស ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេសឡើយ ក្រៅពីសំណើអង្គការសហប្រជាជាតិ។
 
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ជួសជុល និងរៀបចំរចនាសម្ព័ន្ធមូលដ្ឋានទ័ពរាម រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងដូច្នេះ៖«កុំឱ្យរឿងដដែលៗ មកមិនចេះចប់ មិនចេះហើយថា មូលដ្ឋានសមុទ្ររាមនឹង ឱ្យចិនប្រើប្រាស់ផ្ដាច់មុខ ផ្ដាច់ក្រោយ ហើយអ្នកមួយចំនួន គាត់សម្អាងថា មានមន្ត្រីប្រាប់ថា មានផែនការឱ្យកងទ័ពរំដោះប្រជាជនចិន ប្រើ(មូលដ្ឋាន)ផ្ដាច់មុខ។ អាអ្នកនិយាយនឹង វាអត់យល់អាពាក្យផ្ដាច់មុខ វាយ៉ាងម៉េចផង ចេះតែខំពឺតនិយាយបានទៀត។ ហើយចេះតែនិយាយទៅកើត»។
 
បើតាមសម្ដេច ទៀ បាញ់ ការជួយកសាងមូលដ្ឋានទ័ពរាមនេះ គឺជាជំនួយរបស់ចិន តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យយោធាទ្វេភាគី។
 
សារព័ត៌មានថ្មីៗ បានទាក់ទងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីសុំព័ត៌មានលម្អិតពីទំហំទឹកប្រាក់ចំណាយលើគម្រោងសាងសង់មូលដ្ឋានទ័ពរាមនេះ តែលោកប្រាប់ថា មិនដឹងពីតួលេខចំណាយបានឡើយ។
 
គម្រោងរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹក នៅមូលដ្ឋានរាម ក្នុងគោលបំណងបង្កើនលទ្ធភាពគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន នៅតាមអគារបំពេញការងារគ្រប់ផ្នែកដូចជា៖ អគារសាលប្រជុំ, អគារកម្សាន្ត, អាហារដ្ឋាន, ទីលានកីឡា, អគារឃ្លាំង, អគារទទួលភ្ញៀវជាតិ-អន្តរជាតិស្តង់ដារកម្រិតខ្ពស់, ការកសាងប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ប្រព័ន្ធលូបង្ហូរទឹក ជាដើម។ ជាពិសេសការស្ដារឃ្លងជម្រៅទឹករាក់ ឱ្យមានលទ្ធភាពទូលំទូលាយ និងកសាងផែសំចត ២កន្លែង សម្រាប់សំចតនាវាធុនស្រាល និងមធ្យម ចរាចរបានដោយរលូន។
 
រដ្ឋធម្មនុញ្ញកម្ពុជា នូវជំពូកទី៤ ស្តីពីរបបនយោបាយ ត្រង់មាត្រា ៥៣ បានចែងថា កម្ពុជា ប្រកាន់ខ្ជាប់របបនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។ កម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោក។
 
កម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃ ប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
 
កម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្រប-ខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
 
កម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានា សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស៕
 
 
 

Tag:
 មូលដ្ឋានទ័ពរាម
  ទៀ បាញ់
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com