ជាតិ
លោក សុខ ទូច៖ កសិករគួរកែច្នៃផលិតផលកសិកម្មឱ្យអស់លទ្ធភាព ប្រសើរជាងរអ៊ូគ្មានទីផ្សារ
08, Jun 2022 , 8:59 pm        
រូបភាព
( រូបពី ហ្វេសបុក លោក សុខ ទូច)
( រូបពី ហ្វេសបុក លោក សុខ ទូច)
ភ្នំពេញ៖ ថ្វីបើស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជានិងពិភពលោកថយចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែ កសិករខ្មែរ នៅតែប្រឈមកង្វះទីផ្សារសម្រាប់លក់ផលកសិកម្មដដែរ។ផលិតផលកសិកម្មខ្លះធ្លាក់ថ្លៃលើសពីការរំពឹងទុក ខណៈសាំង ជីនិងថ្នាំកសិកម្មឡើងថ្លៃយ៉ាងគំហុក។

 
ក្នុងស្ថានភាពដ៏លំបាកនេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យកសិករ ត្រូវមានគំនិតកែច្នៃកសិផល ដោយខ្លួនឯង ព្រោះវាអាចរក្សាទុកបានយូរ និងមានតម្រូវការក្នុងស្រុកខ្ពស់ ជាជាងរអ៊ូគ្មានទីផ្សារ និងរងចាំការបញ្ជាទិញពីបរទេស។លោក លើកឡើងថា បច្ចុប្បន្ន កសិករខ្មែរខ្លះមិនចេះកែច្នៃផលកសិកម្មរបស់ខ្លួនឱ្យមានតម្លៃសម្រាប់លក់ចេញនោះទេ។ផ្ទុយទៅវិញ ពួកគេបានលក់ផលិតផលទាំងនោះឱ្យទៅបរទេស កែច្នៃ រួចនាំចូលមកវិញក្នុងតម្លៃថ្លៃដូចជាស្រូវ និងស្វាយជាដើម។
 
លោក ប្រាប់ដូច្នេះថា៖«របស់ដាំដុះក្នុងស្រុកយើង យកទៅឱ្យគេកែច្នៃ ដូចជាដឹកស្វាយទៅស្រុកគេឱ្យកែច្នៃដឹកស្រូវទៅស្រុកគេឱ្យកិនជាអង្ករ ហើយនាំចូលមកវិញ។ អ៊ីចឹង តើយើងខ្មាសអៀនទេ?»។  ថ្មីៗនេះ លោក សុខ ទូច បានសាកល្បងច្នៃផ្លែព្រីងទៅជាស្រាប្រមាណ ៣០លីត្រ។
 
ការសាកល្បងនេះ គឺចង់ផ្ដល់ជាគំរូភាព ដល់ពលរដ្ឋ ឱ្យចេះច្នៃប្រឌិតរបស់ដែលសល់ចោលទៅជារបស់មានប្រយោជន៍ និងរកចំណូលបាន។ លោក បៀបធៀបដូច្នេះថា៖«កាលពី១ពាន់ឆ្នាំមុនផ្លែព្រីងសម្រាប់តែហូបជាមួយអំបិលដល់ឆ្នាំ២០២២ ក៏នៅហូបជាមួយអំបិល បើអត់ជ្រលក់ជាមួយអំបិល នឹងចាក់ចោល។ ផ្លែព្រីង ជាទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភដែលអាចកែច្នៃទុកបាន ១០ទៅ២០ឆ្នាំ វាអាចទៅរួចបើយើងចេះធ្វើ។ អ៊ីចឹងខ្ញុំគ្រាន់តែចង់បំផុសគំនិតមនុស្សឱ្យចេះកែច្នៃ»។  


 ស្រាដែល លោក សុខ ទូច ច្នៃចេញពីផ្លែព្រីង

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ចង់បណ្ដុះគំនិតឱ្យពលរដ្ឋចេះកែច្នៃផលិតផលកសិកម្មរបស់ខ្លួនឱ្យអស់លទ្ធភាព ដែលអាចមានតម្លៃ និងតម្រូវការសម្រាប់លក់ក្នុងស្រុក ជាជាងពឹងផ្អែកលើទីផ្សារបរទេស ដែលឡើងចុះមិនទៀងទាត់។ ជាមួយគ្នានេះ លោក សុខ ទូច ក៏ស្នើឱ្យស្ថានប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម បង្កើតទីផ្សារ និងណែនាំឱ្យកសិករចេះកែច្នៃផលិកសិកម្មដោយខ្លួនឯង។ 
 
លោក បន្ថែមដូច្នេះ៖«កសិករគួរកែប្រែខ្លួនឯង ធ្វើយ៉ាងកុំគិតសុញពេក។ម្យ៉ាងទៀត មុននឹងសម្រេចធ្វើអ្វី ត្រូវគិតប្រើប្រាស់ឱ្យអស់លទ្ធភាព កុំអាងអីបន្តិចងាកចាក់ចោលៗ។ យើងត្រូវចេះកែច្នៃ និងបន្សល់អ្វីដែលជានិមិត្តរូបរបស់ជាតិ»៕
 
 
 

Tag:
 លោក សុខ ទូច
  ការនាំចេញកសិផល
© រក្សាសិទ្ធិដោយ thmeythmey.com