ជាតិ
គ.ជ.ប ទទួលបានបណ្ដឹង ៦៥ ដែលទទួលបានភាគច្រើនពីបក្សភ្លើងទៀន លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត។
×
ដោយ៖ ញឹក សំអូន
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៨ មិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលពាក្យបណ្ដឹង ៦៥ ពីគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត ។ បណ្ដឹងទាំងនោះភាគច្រើនជារបស់គណបក្សភ្លើងទៀន។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត។
លោក ហង្ស ពុទ្ធា បានឱ្យដឹងថា បណ្ដឹងរបស់គណបក្សភ្លើងទៀន ភាគច្រើនសុំឱ្យផ្ដន្ទាន្ទោសអាជ្ញាធរ ដែលកត់ឈ្មោះប្រជាពលរដ្ឋ និងមន្រ្តីដែលបិទទ្វារការិយាល័យពេលរាប់សន្លឹកឆ្នោត និងសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។
លោក ពុទ្ធា ពន្យល់បែបនេះ៖«បើបណ្ដឹងនោះ ពាក់ព័ន្ធនឹងអាជ្ញាធរ ឧទាហរណ៍មេភូមិគាត់កត់ឈ្មោះប្រជាពលរដ្ឋ ដែលក្នុងបំណងទុច្ចរិត ឬសុច្ចរិត។ បើគាត់កត់ឈ្មោះឃើញពលរដ្ឋមិនទៅបោះឆ្នោត ហើយទៅអញ្ជើញឱ្យគាត់ទៅបោះឆ្នោតមិនអីទេ តែបើដឹងថាពលរដ្ឋអត់ទៅបោះឆ្នោត ហើយទៅរករឿង បង្ខិតបង្ខំគេឱ្យទៅបោះឆ្នោត នឹងត្រូវទទួលទោសក្រោមវិន័យរដ្ឋបាល»។
ទន្ទឹមនឹងនេះ លោក ហង្ស ពុទ្ធា ក៏បានបញ្ជាក់ដែរថា គណៈកម្មការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន នៅតាមឃុំសង្កាត់នីមួយៗ នៅថ្ងៃទី៨នេះ ។
តែអ្នកនាំពាក្យរូបនេះ ពុំទាន់អាចប្រាប់បានថា គណបក្សនយោបាយ ចូលរួមការបោះឆ្នោតនីមួយៗ ទទួលបានសម្លេងសន្លឹកឆ្នោតឃុំ-សង្កាត់ ប៉ុន្មានអាសនៈឡើយ ព្រោះត្រូវទុកពេលឱ្យថ្នាក់ឃុំសង្កាត់ ដោះស្រាយបណ្ដឹងសិន ។ លោកបន្ថែមថា ពេលដោះស្រាយចប់ហើយ ទើប គ.ជ.ប បូកសរុបលទ្ធផល ហើយប្រកាសជាផ្លូវការតែម្ដង។ បើតាមគម្រោងគ.ជ.ប លទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី២៦ មិថុនា៕
© រក្សាសិទ្ធិដោយ thmeythmey.com