កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ថា Bayern គួរទទួលបានលុយខ្លះពីការលក់រូបគេជាជាងទុកឱ្យចេញពេលផុតកិច្ចសន្យា
08, Jun 2022 , 5:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ថ្ងៃទី៧ ខែមិថុនា និយាយថា ក្លិបយក្សប្រចាំអាល្លឺម៉ង់គួរតែលក់រូបគេពេលនេះដើម្បីទទួលបានប្រាក់ចំណូលខ្លះ ជាជាងទុករូបគេរហូតដល់ផុតកិច្ចសន្យា។ ទោះជាយ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញក៏បានអះអាថា មិនបានបង្ខំក្លិបឱ្យសម្រេចពីអនាគតគេឡើយ។


ជាមួយដំណឹង Barcelona ចាប់អារម្មណ៍នាំយកទៅចូលរួមរដូវកាលក្រោយនាទឹកដីអេស្ប៉ាញ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Lewandowski ក៏បានប្រកាសចង់ចាកចេញពីក្លិប ជាជាងបន្តកិច្ចសន្យាលើកិច្ចសន្យាចាស់ដែលនៅសល់មួយឆ្នាំដើម្បីទទួលបានបទពិសោធថ្មីក្រៅពីអាល្លឺម៉ង់។
 
និយាយប្រាប់ទៅកាន់កាសែត Bild កីឡាករវ័យ៣៣ឆ្នាំ បានផ្តាំទៅកាន់ក្លិបយក្សប្រចាំអាល្លឺម៉ង់ថា ក្លិបគួរអនុញ្ញាតឱ្យគេចាកចេញ ចៀសវាងឱ្យចាកចេញដោយគ្មានតម្លៃខ្លួន។
 
«ខ្ញុំគិតថាវានឹងជារឿងល្អសម្រាប់ Bayern ក្នុងការទទួលបានប្រាក់ចំណូលខ្លះពីការលក់រូបខ្ញុំជាងការទុកខ្ញុំរហូតទាល់ចប់រដូវកាល។ ខ្ញុំមិនបានបង្ខំក្លិបឡើយ។ វាមិនមែនជាបញ្ហានោះទេ ហើយក៏នឹងមានដំណោះស្រាយដ៏ល្អសម្រាប់រឿងនេះ ទោះបីខ្ញុំចង់ចាកចេញពីក្លិបក្តី។ ប៉ុន្តែរយៈពេល៨ឆ្នាំជាមួយក្លិបពិតជាវេលាល្អបំផុត ខ្ញុំនិងក្លិបគ្មានភាពជាសត្រូវនឹងគ្នាឡើយ។» Lewandowski និយាយបែបនេះ។
 
ក្នុងរដូវកាល ២០២១-២២ Lewandowski បានរកគ្រាប់បាល់បានចំនួន៣៥គ្រាប់សម្រាប់ Bayern Munich នៅក្របខណ្ឌ Bundesliga ហើយរូបគេក៏ឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំតំបន់អឺរ៉ុប ពីរឆ្នាំជាប់គ្នា៕
 
 
 
 

Tag:
 ​Robert Lewandowski
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com