ជាតិ
បោះឆ្នោត
លោក សម រង្ស៊ី ដាច់ចិត្តរិះគន់លោក កឹម សុខា ជាលើកទី១ ចាប់តាំងពីចងសម្ព័ន្ធជាមួយគ្នារយៈពេល១០ឆ្នាំមក
10, Jun 2022 , 4:35 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ៖ ទេពញាណ 
 
លោក កឹម សុខា មិនទៅបោះឆ្នោត ក្រោមហេតុផលថា គ្មានគណបក្សណា ដែលត្រូវបោះឲ្យ។ លោក សម រង្ស៊ី ចាត់ទុកលោក កឹម សុខា ថាយល់ខុសធ្ងន់ណាស់ ហើយគួរភ្ញាក់រឭកឡើងវិញ។



ការដែលលោក កឹម សុខា មិនចេញទៅបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ហើយភ្ជាប់ជាមួយហេតុផលថា «គ្មានជម្រើសសម្រាប់ជ្រើសរើស» ធ្វើឲ្យសម្ព័ន្ធមិត្តនយោបាយរបស់លោក គឺលោក សម រង្ស៊ី មិនពេញចិត្តទាល់តែសោះ។ ដោយមើលទៅឃើញថា អ្វីដែលលោក កឹម សុខា គិត គឺមិនត្រឹមត្រូវ លោក សម រង្ស៊ី ចាំបាច់ត្រូវនិយាយពីរ-បីម៉ាត់ ដើម្បីកែលម្អដៃគូរបស់លោក។  
 
ពាក្យគ្មានជម្រើសដែលលោក កឹម សុខា បានប្រើក្នុងថ្ងៃបោះឆ្នោត ប្រៀបដូចជាលោក ចង់បញ្ជាក់ន័យថា លោក មិនពេញចិត្តគណបក្សណាទាំងអស់ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សភ្លើងទៀន ហើយប្រៀបដូជាលោក ចាត់ទុកគណបក្សទាំង២នេះ ថាដូចតែគ្នា ដោយគ្មានមួយណា ល្អជាងមួយណាឡើយ។ នេះជាការបកស្រាយរបស់លោក សម រង្ស៊ី ទៅលើពាក្យគ្មានជម្រើសរបស់លោក កឹម សុខា។ សម្រាប់លោក សម រង្ស៊ី ការយល់ឃើញបែបនេះរបស់លោក កឹម សុខា គឺជាការខុសធ្ងន់ធ្ងរណាស់។ 
 
ក្នុងបទសម្ភាសជាមួយលោក ជុន ចាន់បុត្រ នៃវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ លោក សម រង្ស៊ី ដែលកន្លងមក តែងប្រកាសមិនដាច់ពីមាត់ថា លោក ​និងលោក កឹម សុខា ជាមនុស្សតែមួយ-ជាដៃគូមិនបែកគ្នា បានថ្លែងយ៉ាងដូច្នេះថា៖«អ្នកបោះឆ្នោតឲ្យគណបក្សភ្លើងទៀន រាប់លាននាក់ហ្នឹង សុទ្ធតែជាអតីតគណបក្សសម រង្ស៊ី អតីតគណបក្សសិទ្ធិមនុស្ស អតីតគណបក្សសង្គ្រោះជាតិ។ [លោក កឹម សុខា] គាត់ថា ភ្លើងទៀន មិនខុសពីគណបក្សប្រជាជនទេ អ៊ីចឹងគាត់ ដូចជាជេរប្រមាថមើលងាយអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ដែលបានគាំទ្រសង្គ្រោះជាតិ។ ជាការសោកស្តាយ! ខ្ញុំសង្ឃឹមថា គាត់ នឹងភ្ញាក់រឭកថា ភ្លើងទៀន យ៉ាងម៉េចក៏គ្រាន់បើជាងគណបក្សប្រជាជនឆ្ងាយណាស់។ [...] នេះ ជាការកត់សម្គាល់ មិនមែនជាការស្តីបន្ទោសទេ»។
 
សារព័ត៌មានថ្មីៗ បានផ្ញើសារតាមបណ្តាញតេឡេក្រាម ទៅកាន់លោក មុត ចន្ថា ជំនួយការ និងជាមនុស្សជំនិតរបស់លោក កឹម សុខា ដើម្បីសុំឲ្យលោកឆ្លើយតបចំពោះការរិះគន់របស់លោក សម រង្ស៊ី ទៅលើលោក កឹម សុខា តែលោក មិនទាន់ឆ្លើយតប។ 
 
ថ្វីបើលោក សម រង្ស៊ី រិះគន់លោក កឹម សុខា ក្តី តែតាមរយៈវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី នៅតែទាមទារឲ្យតុលាការកម្ពុជា ទម្លាក់បទចោទចេញពីលោក កឹម សុខា និងអ្នកប្រឆាំងផ្សេងទៀត។ 
 
ចាប់តាំងពីរស់នៅបែកគ្នាអស់រយៈពេល៧-៨ឆ្នាំមក ដោយម្នាក់ ទៅរស់នៅឯបរទេស ហើយម្នាក់ទៀត រស់នៅក្នុងស្រុក គេ មិនដែលឮលោក សម រង្ស៊ី រិះគន់លោក កឹម សុខា ជាសាធារណៈ និងត្រង់ៗបែបនេះនោះទេ។ បើគិតចាប់តាំងពីការរួបរួមគ្នាលើកដំបូង កាលពីឆ្នាំ២០១២ គឺមានរយៈពេល១០ឆ្នាំល្មម ដែលគេ មិនឮលោក សម រង្ស៊ី រិះគន់លោក កឹម សុខា ដោយបើកចំហរបៀបនេះ។ អាចចាត់ទុកជាលើកទី១ហើយ ដែលលោក សម រង្ស៊ី ដាច់ចិត្តនិយាយពីចំណុចអវិជ្ជមានរបស់ដៃគូខ្លួនឯង។   
 
តាមពិតទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ លោក កឹម សុខា បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនបានមាត់កអ្វីសូម្បី១ម៉ាត់។ ពាក្យដែលថា មិនទៅបោះឆ្នោត ព្រោះគ្មានជម្រើស មិនមែនលោក និយាយដោយខ្លួនឯងនោះទេ គឺគេ បានឮតាមរយៈលោក មុត ចន្ថា។  
 
«ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតទេ ព្រោះមិនមានជម្រើសសម្រាប់លោកជ្រើសរើស»។ បណ្តាញសារព័ត៌មាននៅកម្ពុជា បានទទួលសារនេះដូចៗគ្នា ពីលោក មុត ចន្ថា ក្នុងថ្ងៃបោះឆ្នោត ហើយបានស្រង់យកទៅចុះផ្សាយយ៉ាងព្រោងព្រាត។ សារព័ត៌មានថ្មីៗ ក៏ទទួលបានសារនេះពីលោកដែរ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម។ 
 
ចំពោះលោក កឹម សុខា ក៏គេ កម្រឮលោក និយាយអវិជ្ជមានត្រង់ៗដៅទៅលោក សម រង្ស៊ី ដូចគ្នា។ ទើបតែកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ លោក បានបង្ហោះសារខ្លី១លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបញ្ចេញឈ្មោះលោក សម រង្ស៊ី តែម្តង។ អ្វីដែលលោក កឹម សុខា និយាយតាមរយៈសារលើបណ្តាញសង្គមនាពេលនោះ គឺពាក់ព័ន្ធនឹងការបង្កើតគណបក្សភ្លើងទៀន។
 
លោក កឹម សុខា បានទម្លាក់កំហុសឲ្យលោក សម រង្ស៊ី រួមទាំងសហការីរបស់លោក សម រង្ស៊ី ថាបានដើរចេញពីស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ ជាពិសេស គឺត្រឡប់ទៅគាំទ្រការដឹកនាំគណបក្សភ្លើងទៀន ដែលជាគណបក្សចាស់របស់ពួកគេ។ លោក កឹម សុខា សរសេរដូច្នេះថា៖«ទង្វើរបស់ពួកគេ សបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ»។
 
អ្នកនយោបាយប្រឆាំងកំពូលទាំង២រូបនេះ បានរស់នៅទីទៃពីគ្នា ចាប់តាំងពីលោក សម រង្ស៊ី ចេញទៅរស់នៅឯប្រទេសបារាំង ក្នុងឆ្នាំ២០១៥ ជាពេលដែលលោករងចំណាត់ការពីតុលាការកម្ពុជា។ ចំណែកលោក កឹម សុខា វិញ បើទោះបីជារស់នៅក្នុងស្រុកក្តី តែលោក មិនអាចធ្វើនយោបាយបានឡើយ ដ្បិតលោក កំពុងជាប់ចោទពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយសិទ្ធិនយោបាយរបស់លោកត្រូវបំបិទ។ 
 
ពេលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង នៅឆ្នាំ២០១២ ដោយការបូកបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស លោក សម រង្ស៊ី ត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធាន។ គណបក្ស សម រង្ស៊ី គឺជាគណបក្សភ្លើងទៀន នាពេលបច្ចុប្បន្ននេះឯង។ 
 
ក្រោយមក ក្នុងឆ្នាំ២០១៧ លោក សម រង្ស៊ី ក៏លាលែងពីតំណែងជាប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ដោយសារការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ។ ខ្លឹមសារថ្មី ដែលត្រូវបានបញ្ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ គឺហាមឃាត់មិនឲ្យបុគ្គល​​ដែលមាន​ទោស ​ធ្វើជា​ប្រធាន​គណបក្ស ខណៈពេលនោះ លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា ជម្រះក្តីឲ្យមានទោសរួចទៅហើយ។ 
 
បន្ទាប់មក លោក កឹម សុខា ក៏ឡើងធ្វើជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី។ លោក កឹម សុខា ធ្វើជាប្រធានមិនទាន់គ្រប់១ឆ្នាំស្រួលបួលផង លោក ក៏ត្រូវចោទពីបទគប់គិតជាមួយបរទេស ហើយគណបក្សសង្គ្រោះជាតិ ត្រូវរំលាយចោលដោយតុលាការកំពូល នៅចុងឆ្នាំ២០១៧។ 
 
អ្នកខ្លះ ជឿថា សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរវាងលោក សម រង្ស៊ី និង លោក កឹម សុខា ឬរវាងគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស បានប្រេះស្រាំទៅហើយ។ អ្នកដែលមានជំនឿបែបនេះ ថែមទាំងប្រៀបប្រដូចទៀតថា អតីតគណបក្សសង្គ្រោះជាតិ មានវាសនាដូចគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់តែខ្លាំងក្លា ក្រោយមកប្រែជាចុះទន់ខ្សោយ និងបាត់បង់កម្លាំងគាំទ្រ ដោយសារទំនាស់ផ្ទៃក្នុងគណបក្ស។ 
 
អ្នកខ្លះទៀត មើលឃើញផ្ទុយទៅវិញ ដោយពួកគេ គិតថា លោក សម រង្ស៊ី និងលោក កឹម សុខា នៅតែជាមនុស្សតែមួយ ហើយភាពរកាំរកូសរបស់ពួកគាត់ទាំង២នាក់នាពេលនេះ អាចជាភាពរកាំរកូសសិប្បនិមិត្ត ដែលពួកគាត់បង្កើតឡើង ដើម្បីសម្រេចផលនយោបាយណាមួយនាពេលអនាគត៕ 
   
 

Tag:
 សម រង្ស៊ី
  កឹម សុខា
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com