ជាតិ
រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងចាត់វិធានការលើម្ចាស់ផ្ទះជួល ដែលលក់ទឹកក្នុងតម្លៃខ្ពស់ទ្វេដង ( លោក ឡុង ណារ៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្រ្តរាជធានីភ្នំពេញ» នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២២
× ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងលុបបំបាត់ទីតាំងលក់ទឹកបន្តក្នុងតម្លៃខ្ពស់ទ្វេដងនៅតាមទីតាំងផ្ទះជួល ជាពិសេសនៅតំបន់ជាយក្រុង។ បច្ចុប្បន្ន ទឹកមានតម្លៃ ៨០០រៀលក្នុង១ម៉ែត្រគីប ខណៈរដ្ឋាករទឹកស្វយ័តភ្នំពេញ រកឃើញថាមានទីតាំងខ្លះដាក់លក់បន្តរហូតដល់ ២៥០០រៀលក្នុង១ម៉ែត្រគីប។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្រ្តរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី៩ មិថុនានេះ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័ត បានលើកឡើងថា ការលក់ទឹកបន្តទៅឱ្យកម្មករ-កម្មការិនី សិស្សនិស្សិត ដែលរស់នៅក្នុងទីក្រុងភ្នំពេញនៅតែមានតម្លៃខ្ពស់ទ្វេដង។ ជាក់ស្ដែង រដ្ឋាករទឹកស្វយ័តភ្នំពេញ អនុញ្ញាតឱ្យលក់ត្រឹម ៨០០រៀលក្នុង១ម៉ែត្រគីប តែអ្នកលក់បន្តខ្លះដាក់តម្លៃដល់ ២៥០០រៀលក្នុង១ម៉ែត្រគីប។
ជាងនេះទៀត ម្ចាស់ទីតាំងខ្លះ បានយកទឹកធ្វើជាអាជីវកម្ម ហើយអ្នកខ្លះតទឹកឆ្លងចូលផ្ទះខ្លួនឯងដោយប្រើបំពង់ទឹកមិនត្រឹមត្រូវ នាំឱ្យបែកធ្លាយ ខ្ជះខ្ជាយទឹកអស់ជាច្រើនម៉ែត្រគីប។
អគ្គនាយករដ្ឋាករទឹកស្វយ័ត បញ្ជាក់ថា ចាប់ពីខែមិថុនានេះ រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងចេញវិធានការលុបបំបាត់នូវទីតាំងលក់ទឹកបន្ត នៅតាមបណ្ដុំរោងចក្រ សហគ្រាស។ ពិសេសនៅតំបន់ផ្លូវវេងស្រេង ដែលមានកម្មករ និងនិស្សិតរស់នៅច្រើន ដើម្បីពង្រឹងការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវ។
លោក ឡុង ណារ៉ូ ថ្លែងដូច្នេះថា៖« វិធានការរបស់ពួកយើង គឺចាប់ផ្ដើមរៀបចំនូវតំបន់លក់ទឹកទាំងអស់ហ្នឹង ឱ្យលក់ក្នុងតម្លៃសមរម្យវិញ។ មួយវិញទៀត យើងចង់ចូលទៅសិក្សាពីភាពជាក់ស្ដែងនៃការវិនិយោគលក់ទឹករបស់ពួកគាត់(ម្ចាស់ទីតាំង) ហើយយើងត្រូវជជែកជាមួយគាត់ ដើម្បីឱ្យលក់ទឹកក្នុងតម្លៃ ៨០០រៀល មិនអាចបន្តឱ្យលក់ដល់ ២៥០០រៀលទៀតនោះទេ»។
បើតាមរដ្ឋាករស្វយ័តភ្នំពេញ តម្រូវការទឹកប្រើប្រាស់របស់ពលរដ្ឋរស់នៅភ្នំពេញ និងទីក្រុងតាខ្មៅ បានកើនឡើងដល់ ៨សែនម៉ែត្រគីប ខណៈការផលិតបានត្រឹម ៦សែនម៉ែត្រគីបប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចាប់តាំងពីខែមករា ដល់ឧសភា រដ្ឋាករស្វយ័ត ខ្វះខាតទឹកសម្រាប់បូមបញ្ចូលក្នុងរោងចក្រប្រមាណ៣ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ដោយសារកម្រិតទឹកទន្លេមេគង្គ ទន្លេសាប និងបាសាក់ទាប។ លោក ឡុង ណារ៉ូ ស្នើឱ្យពលរដ្ឋចូលរួមសន្សំសំចៃទឹកទាំងអស់គ្នា៕
Tag:
រដ្ឋាករទឹកស្វយ័តភ្នំពេញ
ទីតាំងលក់ទឹកបន្តនៅភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com