ជាតិ
បោះឆ្នោត
គ.ជ.ប នឹងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត នៅសប្ដាហ៍ក្រោយ
10, Jun 2022 , 10:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងត្រួតពិនិត្យ ហើយផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមឃុំសង្កាត់ទាំងអស់ នៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។

 
លោក ហង្ស ពុទ្ធា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ជាទូទៅក្រោយពេលបោះឆ្នោតរួច គ.ជ.ប នឹងរៀបចំធ្វើការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតនៅថ្នាក់ជាតិជាសាធារណ។ ការផ្ទៀងផ្ទាត់នេះ បានធ្វើនៅថ្នាក់ឃុំសង្កាត់ម្ដងជាពីរដងរួចហើយ តាំងពីថ្នាក់ឃុំ និងថ្នាក់ខេត្ត ដោយគ្រាន់តែមិនមានភាពទូលំទូលាយ។
 
លោក បន្ថែមថា ការផ្ទៀងផ្ទាត់មើលទិន្នន័យនេះ ដើម្បីចង់ដឹងពីភាពត្រឹមត្រូវ ហើយបើមិនត្រឹមត្រូវ គេនឹងហែកកញ្ចប់សុវត្ថិភាព«ឃ» ដើម្បីរាប់សន្លឹកឆ្នោតឡើងវិញ។ 
 
លោក ពុទ្ធា បា្រប់សារព័ត៌មានថ្មីៗថា៖ «បើប្ដឹងខាងការិយាល័យរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ ឬកត់ត្រាមិនត្រឹមត្រូវ ឬថាមិនបានបិទនៅមុខការិយាល័យ។ អ៊ីចឹងផ្ទៀងផ្ទាត់មើល ថាតើទិន្នន័យដែលបានប្រើប្រាស់ រាប់ជាក់ស្ដែងនៅការិយាល័យបោះឆ្នោតហ្នឹង ត្រឹមត្រូវដែរ ឬអត់ បើត្រឹមត្រូវហើយមានន័យថាត្រឹមត្រូវ»
 
លោកបន្តថា គ.ជ.ប មានយន្តការណ៍ពីរ ដើម្បីធ្វើការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតនេះ គឺការពិនិត្យដោយដៃ និងផ្ទៀងផ្ទាត់ដោយកុំព្យូទ័រ។ គ.ជ.ប បានឱ្យដឹងថា គ.ជប ទទួលស្បោង «ឃ» និងកញ្ចប់«ឃ ពិសេស» ព្រមទាំងសម្ភារ ឯកសារពាក់ព័ន្ធពីគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត(គធ.ខប)ទាំង ២៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ មិថុនា ។ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ អាចទៅចូលរួមតាមកាលបរិច្ឆេទដែល គ.ជ.ប បានជូនដំណឹង។
 
បើតាមគម្រោង គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ផ្លូវការ នៅថ្ងៃទី២៦ មិថុនា៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com