ជាតិ
៥ខែ កម្ពុជារកបានចំណូលជាង១៧០លានដុល្លារពីការនាំចេញផលិតផលកៅស៊ូ
11, Jun 2022 , 12:59 pm        
រូបភាព
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ រយៈពេល ៥ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង ១៧០លានដុល្លារពីការនាំចេញផលិតផលកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។


 
របាយការណ៍ដដែរ បញ្ជាក់ថា ចាប់ពីខែមករា ដល់ឧសភា កម្ពុជាផលិតជ័រកៅស៊ូបាន ១០៤ ៥៧៥តោន កើនឡើង ១ ៨០៩តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ រីឯការផលិតឈើកៅស៊ូមានចំនួន ១៣ ០២៦ម៉ែត្រគូប។ ក្នុងនោះ កម្ពុជាសម្រេចនាំចេញជ័រកៅស៊ូបាន ១០៥ ០៤៨តោន កើនឡើង ២ ៦៧៤តោន និងលក់ឈើកៅស៊ូមានចំនួនសម្រេចបាន ១២ ០៨១ម៉ែត្រគូប ដោយទទួលបានចំណូលជាង ១៧០លានដុល្លារ។  
 
ចំពោះខែឧសភា កម្ពុជាទទួលបានចំណូលជិត ៤២លានដុល្លារ ពីការនាំចេញផលិតផលកៅស៊ូ ២ ៥៦៩០តោន កើនឡើង ៨ ១៧១តោន ធៀបនឹងខែមេសា និងកើនឡើង ៣៨៧តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ មកដល់ពេលនេះ តម្លៃជ័រកៅស៊ូជាមធ្យមចំនួន ១ ៦០៤ដុល្លារក្នុងមួយតោន ថយចុះ ៧១ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។    
 
​គិតត្រឹម​ឆ្នាំ ​២០២១ កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​ជាង​ ៤០​ម៉ឺន​ហិកតា ក្នុងនោះ​ឧស្សាហកម្ម​កៅស៊ូ​មាន​ជាង ២៤​ហិកតា និង​កៅស៊ូ​គ្រួសារ​ជាង ​១៦​ម៉ឺន​ហិកតា​។ កម្ពុ​ជា មាន​រោងចក្រ សិប្បកម្ម​កែច្នៃ​កៅស៊ូ ១៦៨​កន្លែង ស្ថិតក្នុង​ខេត្ត​ចំនួន ​១១ ដែលមាន​លទ្ធភាព​នាំចេញ​ផលិតផល​កៅស៊ូ​បាន​ជាង ៣៧​ម៉ឺន​តោន ដោយ​ទទួលបាន​ចំណូល​ចំនួន ៦១០​លាន​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ​បាន​ជាង ១,៥​លាន​ដុល្លារ​៕  
 

Tag:
 កៅស៊ូ
  ជ័រកៅស៊ូ
  អគ្គនាយកដ្ឋានកៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com