ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក លន់ យ៉េង៖ កម្ពុជា កំពុង​បង្កើនកេរ្តិ៍ឈ្មោះម៉ាកអង្ករខ្មែរ ដើម្បីប្រជែងជាមួយ ​ថៃ និង​វៀតណាម
12, Jun 2022 , 9:29 am        
រូបភាព
លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា
លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ នៅក្នុងតំបន់អាស៊ាន កម្ពុជា គឺស្ថិតនៅលេខរៀងទី៤ ដែលបានជា​នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងគេ បន្ទាប់ពីថៃ វៀតណាម និងមីយ៉ាន់ម៉ា។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ​ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា កម្ពុជា បាន និងកំពុងប្រឹងប្រែង​ពង្រឹងកិត្យានុភាព និងកិត្តិនាម ម៉ាកអង្ករខ្មែរ ដើម្បីឱ្យអង្ករកម្ពុជាមានឱកាសលោតឡើងខ្ពស់ ក្នុងទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏ជំរុញឱ្យកសិករ បង្កើនការដាំដុះស្រូវដែលជាពូជសុទ្ធរបស់ខ្មែរ ដូចពូជ​ផ្ការំដួល សែនក្រអូប និងសែនក្រអូប SKO​ ជាដើម ដែលវាអាចតម្លៃ និងទីផ្សារ ក្នុងឆាកអន្តរជាតិ។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក  លន់ យ៉េង  ដូចតទៅ៖
 
 
ថ្មីៗនេះប្រទេសថៃ និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានបំណងបង្កើតកិច្ចព្រមព្រៀងក្នុងការដំឡើងតម្លៃលក់អង្ករស របស់ខ្លួន។
 
ជុំវិញផែនការនេះ លោក លន់ យ៉េង ​អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា ក្នុងកិច្ចសម្ភាសជាមួយកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា ប្រសិនបើយន្តការនេះ ចេញជាផ្លែផ្កា វាក៏ហុចផលល្អ ដល់តម្លៃអង្ករកម្ពុជាដែរ។ បើតាម លោក លន់ យ៉េង ​នៅ​តំបន់អាស៊ាន កម្ពុជាស្ថិតនៅលេខរៀងទី៤ ជាប្រទេសនាំចេញស្រូវ-អង្ករ​ច្រើនជាងគេ បន្ទាប់ពីប្រទេស​វៀតណាម ថៃ និងមីយ៉ាន់ម៉ា។ អង្ករដែលកម្ពុជានាំចេញ ភាគច្រើនជាប្រភេទអង្ករក្រអូប ដែលមានតម្លៃខ្ពស់ជាងអង្ករស ស្រាប់ទៅហើយ។
 
ទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជា គឺប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ចំនួន ២៨៣ ៦៧៥ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះ នាំចេញទៅ​ប្រ​ទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ ជិត ១៥ម៉ឺនតោត និងជាង ៨,៨ ម៉ឺនតោន ត្រូវបាន​នាំចេញទៅ២៣ប្រទេស នៃសហភាពអឺរ៉ុប។​
អង្ករដែលកម្ពុជា នាំចេញភាគច្រើនជាប្រភេទអង្ករក្រអូបប្រណិត ដែលមិនសូវមានការប្រជែងខ្លាំងក្លា ដូចប្រភេទអង្ករអង្ករសដែលប្រទេសថៃ និងវៀតណាម ជាអ្នកកាន់កាប់ចំណែកទីផ្សារធំនោះទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីកសាងកេរ្តិ៍ឈ្មោះ អង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ កម្ពុជា បានព្យាយាមប្រឹងប្រែង ពង្រឹងកិត្តិនាម និងកិត្យាភាព ព្រមទាំងបន្តធ្វើទីផ្សារ ឱ្យអន្តរជាតិកាន់តែមានទំនុកចិត្តលើ ម៉ាកអង្កររបស់កម្ពុជា។ លោក លន់ យ៉េង បញ្ជាក់ដូច្នេះថា៖ «អ្វីដែលយើងត្រូវធ្វើ យើងត្រូវពង្រឹងនូវកិត្យានុភាព។ ការធ្វើទីផ្សារ (Marketing) ថាអ្នកឯង ហេតុអីត្រូវទិញ(អង្ករ) ខ្ញុំ។ បានយើងព្យាយាមបង្កើតម៉ាក អត្តសញ្ញាណសម្រាប់អង្ករកម្ពុជា ដូចជាអង្ករក្រអូបប្រណិត ត្រូវមានម៉ាក«ម្លិះអង្គរ»។ ឥឡូវសម្រាប់អង្ករក្រអូបធម្មតា ហៅ«សែនក្រអូប»ហ្នឹង យើងកំពុងធ្វើម៉ាក SKO អ៊ីចឹងទៅ។»។
 
ទន្ទឹងនឹងការប្រឹងប្រែងពង្រឹងឈ្មោះអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិហើយនោះ លោក លន់ យ៉េង ក៏បានទទូចអំពាវនាវដល់ប្រជាកសិករ ឱ្យបង្កើនការដាំដុះស្រូវ ពិសេសគឺដាំដុះស្រូវ ដែលជាពូជរបស់ខ្មែរ ដែលមានជាអាទិ៍ ពូជផ្ការំដួល ពូជសែនក្រអូប និងពូ​ជសែនក្រអូប០១ (SKO 01)ជាដើម។ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា គូសបញ្ជាក់ថា ពូជស្រូវរបស់កម្ពុជា ជាប្រភេទស្រូវអង្ករប្រណិត ដែលវាអាចមានទីផ្សារ និងតម្លៃល្អ និងអាចប្រកួតប្រជែងជាមួយប្រទេសថៃបានផងដែរ។
 
អាជ្ញាធរពាក់ព័ន្ធ ពិសេសគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តចាប់ដៃគូជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងកសិករ ដើម្បីផ្តល់លទ្ធភាពដល់ការប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃល្អ យកមកស្តុក និងសម្ងួត។ ការចូលរួមពីអ្នកពាក់ព័ន្ធនឹងធ្វើឱ្យកម្ពុជា អាច​បង្កើនបរិមាណការនាំចេញអង្ករ ជំនួសឱ្យការនាំចេញស្រូវទៅប្រទេសជិតខាង៕

Tag:
 SME​s
  ​កសិកម្ម
  ស្រូវ
  អង្ករ
  នាំចេញ
  លន់ យ៉េង
© រក្សាសិទ្ធិដោយ thmeythmey.com