ជាតិ
អ្នកជំនាញ រំពឹងថាការប្រើដែកអ៊ីណុកក្រៀកថ្មខ្លោងទ្វារតាកាវ នឹងធ្វើឱ្យសំណង់រឹងមាំលើស ៨០០ឆ្នាំ
12, Jun 2022 , 10:29 pm        
រូបភាព
ភ្នំពេញ៖ ខ្លោងទ្វារតាកាវ ត្រូវបានចាប់ផ្តើមជួសជុលកាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ។ មកដល់ពេលនេះ ការជួសជុលសម្រេចបាន ៨០ភាគរយហើយ ដោយអ្នកជំនាញកំពុងពន្លឿនការជួសជុលផ្នែកខាងលើឱ្យរួចរាល់។ ការជួសជុលខ្លោងទ្វារតាកាវ ត្រូវបានអ្នកជំនាញប្រើ​បច្ចេកទេសនៃការទាមថ្ម ដោយប្រើដែកអ៊ីណុក ដើម្បីភ្ជាប់ថ្ម។ ស្ថាបត្យករ កញ្ញា ម៉េង​ សុវណ្ណលីលីន រំពឹងថាការប្រើបច្ចេកទេសនេះនឹងផ្តល់ភាពរឹងមាំដល់សំណង់លើសពី ៨០០ឆ្នាំ។

 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
ខ្លោងទ្វារតាកាវ មានភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដោយសារកត្តាធម្មជាតិ កង្វះការថែទាំដើមឈើ បានធ្វើឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាមួយចំនួនដួលរលំ។ កត្តាទាំងអស់នេះ បានធ្វើឱ្យរចនាសម្ព័ន្ធខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ រងការខូចខាតខ្លាំង ដែលតម្រូវឲ្យមានការមើលថែ ជួសជុល និងអភិរក្ស។

ខ្លោងទ្វារតាកាវ កំពុងដំណើរការជួសជុលបានរួចរាល់ ៨០ភាគរយ។ រូបភាពដោយ៖ ឈន សុផាត
 
ក្រោយសង្កេតឃើញស្ថានភាពនេះ ក្រុមអ្នកជំនាញបានចាប់ផ្តើមសិក្សាអំពីសំណង់ខ្លោងទ្វារកាលពីដើមឆ្នាំ ២០២១ និងបានចាប់ផ្តើមជួសជុលកាលពីខែ មិថុនា ឆ្នាំ២០២១។ មកដល់បច្ចុប្បន្ន ក្រុមអ្នកជំនាញជួសជុលរួចរាល់ផ្នែកមួយចំនួនដូចជា តួខ្លោងទ្វារ រូបចម្លាក់បង្កាន់ដៃទាញព្រ័ត្រខាងលិច ចម្លាក់ទេវតាទាញព្រ័ត្រចំនួន៧ និងយក្សចំនួន៥។
 
ក្រៅពីនេះ ក្រុមអ្នកជំនាញសម្រេចបានការជួសជុលដំរីទាំង៤ និងមុខព្រហ្មខាងលិច ខាងជើង និងខាងកើត។ អ្នកជំនាញកំពុងបន្តជួសជុលមុខព្រហ្មខាងត្បូង ស្លាបដំបូល និងកំពូលទាំង៣ នៃខ្លោងទ្វារ។ កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករម្នាក់ក្នុងដំណើរការជួសជុលខ្លោងទ្វារបានប្រាប់អ្នកសារព័ត៌មានថ្មីៗ២៥ ឱ្យដឹងថា ក្រុមការងារអាចនឹងបញ្ចប់ការជួសជុលនៅ៣ខែខាងមុខ។

ទីតាំងដំរី ដែលបានជួសជុលរួចរាល់។ រូបភាពដោយ៖ ឈន សុធាត
 
ការងារជួសជុលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសំណង់បេតិកភណ្ឌខ្មែរឱ្យនៅគង់វង្ស។ មុននឹងចាប់ផ្តើមបើកការដ្ឋានជួសជុលសំណង់បុរាណណាមួយ អ្នកជំនាញត្រូវសិក្សាពីសំណង់ជាមុនសិន ដើម្បីដឹងអំពីការប្រើបច្ចេកទេសជួសជុល និងចាប់ផ្តើមជួសជុលពីចំណុចណាមុន។
 
កាលពីចុងខែមេសា ឆ្នាំ២០២២ ក្រុមការងារសារព័ត៌មានថ្មីៗ២៥ បានទៅជួបសម្ភាសជាមួយ កញ្ញា ម៉េង សុវណ្ណលីលីន នៅមុខខ្លោងទ្វារតាកាវ។ ស្ថាបត្យករវ័យក្មេងរូបនេះបានឱ្យដឹងថា ការជួសជុលខ្លោងទ្វារតាកាវ ក្រុមការងារបានប្រើដែកអ៊ីណុក ដើម្បីភ្ជាប់ថ្មមួយទៅថ្មមួយ។
 
បើតាមការសិក្សារបស់អ្នកជំនាញបានសន្និដ្ឋានថា ចាស់បុរាណអាចនឹងមានការសិក្សាពីទីប្រជុំទម្ងន់ត្រឹមត្រូវ ដើម្បីសង្កត់ថ្មមួយៗឱ្យជាប់គ្នា។ ក្រៅពីនេះ អ្នកជំនាញក៏ឃើញមានស្លាកស្នាមប្រើដែកទាក់ថ្មផងដែរ ដោយដែកនោះជាប្រភេទដែកសំប៉ែត។

មុខព្រហ្មខាងកើត ដែលបានជួសជុលរួចរាល់. រូបភាពដោយ៖ ឈន សុផាត
 
កញ្ញា លីលីន បានបញ្ជាក់ថា ក្រុមការងារនៅតែប្រើប្រាស់បច្ចេកទេសជួសជុលតាមលំនាំចាស់បុរាណ ប៉ុន្តែ ទីតាំងចាំបាច់មួយចំនួន ក្រុមការងារនឹងប្រើដែកអ៊ីណុក ដែលមិនច្រែះ ដើម្បីឱ្យទាក់ថ្មជាប់គ្នាល្អ។ ស្ថាបត្យកររូបនេះបានសង្កត់ធ្ងន់ថា៖«យើងនៅតែប្រើបច្ចេកទេសបុរាណ ប៉ុន្តែយើងយកចំណុចមួយចំនួនអភិវឌ្ឍឱ្យកាន់តែល្អ»។ 
 
ការសិក្សាពីបច្ចេកទេសពិតសំខាន់សម្រាប់ការជួសជុលសំណង់ណាមួយ ជាពិសេសសម្រាប់ស្ថាបត្យករជំនាន់ក្រោយក្នុងការរៀនសូត្របន្ថែម។ ទន្ទឹមនោះ អ្នកជំនាញសម័យក្រោយ ក៏អាចសិក្សាពីកំហុសបច្ចេកទេសខ្លះផងដែរ។ លីលីន បានលើកឡើងថា៖«យើងឃើញបច្ចេកទេសពីបុរាណ ពេលខ្លះក៏រៀងមានកំហុសបច្ចេកទេសតិចតួច ក្នុងអំឡុងពេលដែលគាត់សាងសង់ប្រាសាទ។ យើងអ្នកបច្ចេកទេសសម័យថ្មី យើងឃើញថាការធ្វើបែបនេះ វារៀងអត់សូវត្រូវបច្ចេកទេស ឬអត់សូវជាប់ យើងនឹងអភិវឌ្ឍទៅលើបច្ចេកទេសបុរាណ។ បើបច្ចេកទេសបុរាណដែលជាប់ គឺយើងរក្សាទ្រង់ទ្រាយដើមទាំងអស់»។
 
ជាក់ស្តែង ការជួសជុលប្រាសាទមួយចំនួនក្នុងតំបន់អង្គរ ក៏មានប្រើបច្ចេកទេសថ្ពក់ថ្មនេះផងដែរ។ ការប្រើប្រាស់បច្ចេកទេសនេះនឹងជួយការពារថ្មមិនឱ្យធ្លាក់ចុះ នៅទីតាំងចាំបាច់មួយចំនួន ដែលមានថ្មសង្កត់ពីលើធំជាងថ្មនៅខាងក្រោម។ បើសិនមិនប្រើបច្ចេកទេសថ្ពក់ថ្មនេះ ទៅថ្ងៃមុខថ្មដែលមានទំហំតូច អាចនឹងធ្លាក់ ដែលវាធ្វើឱ្យសំណង់មិនអាចឈរមាំមួនបានយូរ។

បង្កាន់ដៃទេវតាកំពុងជួស។ ថតដោយ៖ ឈន សុផាត 
 
ស្ថាបត្យករវ័យក្មេងកញ្ញា លីលីន រំពឹងថាការប្រើប្រាស់បច្ចេកទេសនេះ នឹងជួយឱ្យសំណង់ នៃខ្លោងទ្វារតាកាវមានភាពរឹងមាំជាងមុនលើស ៨០០ឆ្នាំ។ កញ្ញាបានលើកឡើងថា៖«ចាស់ពីបុរាណគាត់សាងសង់ប្រាសាទក្នុងអំឡុង៨០០ឆ្នាំ រហូតមកដល់ឥឡូវ ហើយទម្រាំតែយើងប្រើថ្មដដែល ហើយប្រើដែកទាមឬថ្ពក់ទៀត អ៊ីចឹងបានន័យថា វាប្រាកដជាបានលើស ៨០០ឆ្នាំ»។
គួរបញ្ជាក់ផងដែរថា អំឡុងពេលជនជាតិបារាំងចុះមកជួសជុលប្រាសាទនៅតំបន់អង្គរ នាសតវត្សរ៍ទី១៨ ក៏មានប្រើប្រាស់បច្ចេកទេសនេះផងដែរ។ អ្នកជំនាញច្រើនប្រើបច្ចេកទេសនេះ ដើម្បីទាក់ធ្នឹម និងភ្ជាប់ថ្មមួយទៅថ្ម ឱ្យក្លាយជាសម្ព័ន្ធ។ ចំណែក សម័យបច្ចុប្បន្ន អ្នកជំនាញបានអភិវឌ្ឍបន្ថែមលើបច្ចេកទេសចាស់ ដើម្បីឱ្យសំណង់កាន់តែរឹងមាំ គង់វង្សបានយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ៕


ទីតាំងដែលអ្នកជំនាញប្រើដែកអ៊ីណុកទាម ឬថ្ពក់ ថ្មមួយទៅថ្មមួយ។ រូបភាពដោយ៖ ឈន សុផាត

ស្ថាបត្យករ លីលីន បង្ហាញទីតាំងដែលអ្នកជំនាញប្រើដែកអ៊ីណុកទាម ឬថ្ពក់ ថ្មមួយទៅថ្មមួយ។ រូបភាពដោយ៖ ឈន សុផាត

Tag:
 ខ្លោងទ្វារតាកាវ
  ក្រុងអង្គរធំ
  ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com