«ខ្ញុំកំពុងធ្វើលិខិតទៅឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅមីយ៉ាន់ម៉ា ស្នើសុំឱ្យពិចារណាពីការកាត់ទោសប្រហារជជីវិតយុវជន២នាក់»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលសង្ឃឹមថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងពិនិត្យពិចារណាលើសំណើរបស់សម្ដេច ដែលជាប្រធានអាស៊ាន។
សម្ដេច ចេញមុខដាក់សំណើទៅលោក មីន អ៊ុងឡាំង នេះ ដោយសារមិនចង់ឃើញបញ្ហានៅមីយ៉ាន់ម៉ា កាន់តែក្តៅថែមទៀត។ «យើងមិនចង់ឃើញនូវអ្វីដែលកើតឡើងបន្ថែមទៅលើអ្វីដែលជាបញ្ហាកំពុងលំបាកស្រាប់នោះទេ»។ នេះបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា។
សារព័ត៌មានថ្មីៗ មិនទាន់ទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំការអត្ថាធិប្បាយបន្ថែម លើលិខិតដែលសម្ដេច ហ៊ុន សែន ដាក់ទៅមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានឡើយ។
ក្រុមយុវជន ដែលប្រឈមមុខផ្តន្ទាទោសប្រហារជីវិតនេះ គឺជាអ្នកចេញមុខប្រឆាំងនឹងរដ្ឋបាលរបស់លោក មីន អ៊ុងឡាង។ កន្លងមកសម្តេច ហ៊ុន សែន ធ្លាប់បាននិយាយថា ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួន ដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅអាស៊ាន។
ក្នុងនាមជាប្រធានអាស៊ាន សម្ដេច ហ៊ុន សែន បានប្ដេជ្ញាសម្របសម្រួល និងដោះស្រាយបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ឱ្យទទួលបានផ្លែផ្កា បើទោះដឹងថាវាលំបាកក៏ដោយ។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ការទាញមីយ៉ាន់ម៉ា ឱ្យត្រឡប់កៅអីអាស៊ានវិញ គឺវាជារឿងចាំបាច់បំផុត ដើម្បីបង្ហាញពីភាពរឹងមាំរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ សម្ដេច មើលឃើញថា បើមិនជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យទាន់ពេលវេលាទេ នោះអាស៊ានក៏ប្រឈមមុខនឹងការបែកបាក់គ្នាដែរ។
កាលពីខែមករា កន្លងមក សម្ដេច ហ៊ុន សែន ក៏បានទៅជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដោយផ្ទាល់ នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយលើវិបត្តិនយោបាយមីយ៉ាន់ ផងដែរ។ មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីររូបនេះ ក៏បានជួបគ្នាតាមប្រព័ន្ធវីដេអូ ២លើកថែមទៀតផង។
ក្រៅពីនេះ ប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន ក៏បានទៅសិក្សាស្វែងយល់ពីបញ្ហាវិបត្តិមីយ៉ាន់ម៉ា ដើម្បីរកដំណោះស្រាយបញ្ចប់ជម្លោះនយោបាយនេះដែរ កាលពីថ្ងៃទី២១-២២ មីនា។ លោក ប្រាក់ សុខុន ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ នោះ បានវាយតម្លៃថាគ្រប់ភាគីនយោបាយទាំងអស់ មិនទាន់ត្រៀមខ្លួនជួបចរចាគ្នា ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហាជម្លោះនេះទេ។
បើតាមលោក ប្រាក់ សុខុន បញ្ហាជម្លោះស៊ីវិលនៅមីយ៉ាន់ម៉ា មិនអាចប្រើពេលវេលាមួយខែ ឬមួយឆ្នាំ ដើម្បីដោះស្រាយចេញភ្លាមៗបានឡើយ។ តែយ៉ាងណារដ្ឋមន្ត្រីការទូតកម្ពុជារូបនេះ នៅតែប្ដេជ្ញាប្រឹងប្រែងរកច្រកផ្លូវវិជ្ជមាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា នៅក្នុងអាណត្តិរបស់ខ្លួន៕