ជាតិ
សង្គមជាតិ
លោក ស្រេង សុខា អតីតស្នងការរងខេត្តកណ្តាល ត្រូវដោះលែងវិញភ្លាមៗ ក្រោយតុលាការពិនិត្យឃើញថា លោកមានដីកាមិនឲ្យចាប់ខ្លួន
13, Jun 2022 , 1:09 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល
រូបពីទំព័រហ្វេសប៊ុក សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល
ស្ថិតក្នុងដៃសមត្ថកិច្ចត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ លោក ស្រេង សុខា ហៅ ទ្រី អតីតស្នងការរងខេត្តកណ្តាល ត្រូវបានដោះលែងឲ្យមានសេរីភាពវិញភ្លាមៗ បន្ទាប់ពីតុលាការខេត្តកណ្តាល ពិនិត្យឃើញថា លោក មិនមែនជាអ្នកទោស ដែលត្រូវតាមចាប់ទៀតនោះទេ។ ការឃាត់ខ្លួនលោករយៈពេលខ្លីនេះ កើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

 

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តកណ្តាល ផ្តល់ព័ត៌មានថា ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានយកលោក ស្រេង សុខា ទៅពន្ធនាគារខេត្តកណ្តាលមួយភ្លែត ហើយមន្រ្តីពន្ធនាគារ ក៏បញ្ជូនលោកទៅបង្ហាញខ្លួននៅតុលាការ។ លោកព្រះរាជអាជ្ញារង បន្តថា លោក ស្រេង សុខា បានប្រាប់តុលាការអំពីដីការបស់សាលាឧទ្ធរណ៍ ដែលបង្គាប់ឲ្យបញ្ឈប់តាមចាប់លោក។

ព្រះរាជអាជ្ញារងរូបនេះ បន្ថែមថា តុលាការ បានពិនិត្យមើល ហើយក៏ឃើញថា លោក ស្រេង សុខា ពិតជាត្រូវបានសាលាឧទ្ធរណ៍ ចេញដីកាឲ្យបញ្ឈប់ការចាប់ខ្លួនលោកមែន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ ខែមិថុនា លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បញ្ជាក់ដូច្នះថា៖«ដល់ផ្ទៀងផ្ទាត់ទៅ គេ មានដីកាបញ្ឈប់ហើយ អ៊ីចឹងយើង អត់មានមូលហេតុអី ក្នុងការឃុំទៀតទេ»។

តើសមត្ថកិច្ច ច្រឡំចាប់លោក ស្រេង សុខា ឬចាប់លោក ដោយមិនបានឃើញដីការបស់សាលាឧទ្ធរណ៍? លោក ឯក ស៊ុនរស្មី ប្រាប់ថា លោក ពុំអាចផ្តល់ចម្លើយចំពោះសំណួរនេះបានទេ ដោយលោក រុញឲ្យទៅសួរខាងសមត្ថកិច្ចវិញ។

សារព័ត៌មានថ្មីៗ បានសួរទៅកាន់លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល តែលោក ក៏មិនអាចឆ្លើយបានដូចគ្នា។ លោកស្នងការរូបនេះ សរសេរមកសារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមដូច្នេះថា៖«លោក សួរខ្ញុំ ខ្ញុំ សួរខាងណា? លោក អញ្ជើញសួរទៅស្ថាប័នតុលាការ»។

សារព័ត៌មាននានា ចុះផ្សាយថា កងកម្លាំងពីនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចុះចាប់លោក ស្រេង សុខា។ សារព័ត៌មានថ្មីៗ បានជូនសំណួរតាមបណ្តាញតេឡេក្រាម ទៅកាន់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ជុំវិញការចាប់លោក ស្រេង សុខា តែលោក ពុំទាន់ឆ្លើយតប។

សូមរម្លឹកថា លោក ស្រេង សុខា ដែលកាលនៅជាស្នងការរងខេត្តកណ្តាល មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ត្រូវតុលាការ រកឃើញថា បានប្រព្រឹត្តអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីខែកក្កដា ឆ្នាំ២០២០។ ចៅក្រមនៃតុលាការខេត្តកណ្តាល បានប្រកាសសាលក្រម កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចឲ្យលោក ជាប់ពន្ធនាគារ១ឆ្នាំកន្លះ។

បន្ថែមពីនេះ ចៅក្រមនៃតុលាការខេត្តកណ្តាល បានចេញដីកាបង្គាប់ទៅសមត្ថកិច្ច ឲ្យតាមចាប់អតីតស្នងការរងខេត្តកណ្តាលរូបនេះ ដើម្បីយកទៅឃុំក្នុងពន្ធនាគារ តាមកាលកំណត់។ ប៉ុន្តែ តាំងពីដើមមក លោក ពុំបានជាប់ឃុំក្នុងពន្ធនាគារនោះទេ ដ្បិតលោក បានគេចខ្លួន។

ក្រោយមក ចៅក្រមនៃសាលាឧទ្ធរណ៍ ក៏ប្រកាសសាលដីកា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ សម្រេចឲ្យលោក ស្រេង សុខា និងបុរសម្នាក់ទៀត ឈ្មោះ ប៉ែន សុគន្ធ រួចផុតពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ព្រមទាំងសម្រេចបញ្ឈប់ដីការបស់ចៅក្រមនៃតុលាការខេត្តកណ្តាល ដែលបង្គាប់ឲ្យសមត្ថកិច្ច តាមចាប់អ្នកទាំង២។ ៣ថ្ងៃក្រោយ គឺថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ចៅក្រមនៃសាលាឧទ្ធរណ៍ បានចេញដីកាបង្គាប់ទៅសមត្ថកិច្ចឲ្យបញ្ឈប់ការចាប់ពួកលោក។ 

កាលពីខែមេសា ឆ្នាំ២០២០ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសដកលោក ស្រេង សុខា ពីតំណែងជាស្នងការរងខេត្តកណ្តាលជាបណ្តោះអាសន្ន ដោយពុំបានបញ្ជាក់មូលហេតុ។

យ៉ាងណា ការផ្អាកតំណែងរបស់លោក ធ្វើឡើងក្រោយពីលោក រងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គម កាលពីអំឡុងឆ្នាំ២០១៩ ដោយសារលោក ជូនថ្លៃបណ្ណាការក្នុងទំហំទឹកប្រាក់១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ១វង់ និង រថយន្តទំនើប១គ្រឿង ម៉ាក លុចស៊ិស៥៧០ (Lexus 570) ដែលមានតម្លៃ២២ម៉ឺនដុល្លារ ដល់ខាងស្រីក្នុងថ្ងៃភ្ជាប់ពាក្យ។ អង្គការភាពប្រឆាំងអំពើពុករលួយ បានបើកការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោក តែលទ្ធផល ដែលទទួលបាន គឺប្រាក់ ចិញ្ចៀនពេជ្រ និង រថយន្តលុចស៊ិស៥៧០ ដែលលោក ជូនទៅខាងស្រី ពុំជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឡើយ៕

Tag:
 ស្រេង សុខា
© រក្សាសិទ្ធិដោយ thmeythmey.com