ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់អភិបាលខេត្ត កាត់ដីជុំវិញបឹងទន្លេសាបឱ្យពលរដ្ឋតាមសន្យា មុនបោះឆ្នោត កុំឱ្យគេថា«បោក»
13, Jun 2022 , 2:33 pm        
រូបភាព
មុនអំឡុងពេលបោះឆ្នោត សម្ដេច ហ៊ុន សែន បានប្រកាសកាត់ឆ្វៀលដីជូនពលរដ្ឋជិត២ម៉ឺនហិកតា នៅតំបន់ជុំវិញបឹងទន្លេសាប។ សម្ដេច បានរំឭកសេចក្តីសម្រេចរបស់ខ្លួនជាថ្មី នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាលាភូមិន្ទរដ្ឋបាល និងការបើកវគ្គបណ្ដុះបណ្ដាលឆ្នាំសិក្សា២០២២ នាថ្ងៃទី១៣ មិថុនា។


សម្ដេច ហ៊ុន សែន ប្រាប់អភិបាលខេត្តជុំវិញបឹងទន្លេសាប កាត់ដីឱ្យពលរដ្ឋតាមសន្យា ដើម្បីកុំឱ្យពលរដ្ឋនិយាយថា រដ្ឋាភិបាលបោកប្រាស់ពួកគេ។ បើតាមសម្ដេច​ អភិបាលខេត្តនៅទីតាំងទាំងនោះ ត្រូវកាត់ដីចេញពីតំបន់៣ ទៅតំបន់២ និងដីពីតំបន់២ ចូលទៅតំបន់១ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋជាក់ស្ដែង តាមសេចក្តីសម្រេចរបស់សម្ដេច កាលពីពេលថ្មីៗនេះ។
 
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖«ត្រូវធ្វើ(កាត់ដីឱ្យពលរដ្ឋ) ឱ្យជាក់ស្ដែង មិនមែននិយាយមុនបោះឆ្នោត ហើយក្រោយបោះឆ្នោត អត់ធ្វើ(អត់កាត់ដី)ទេវើយ! ប្រយ័ត្នប្រជាជនថា បោក»។
 
កាលពីថ្ងៃទី២៧ ឧសភា សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កែតម្រូវព្រំប្រទល់តំបន់៣ និងតំបន់២ ជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប។ ក្នុងនោះរដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដី១០០១៤ហិកតា ចេញពីតំបន់២ បញ្ចូលទៅតំបន់១ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋ ៩១៤៤គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ៦៣៦៥ហិកតា ស្មើនឹង២០២៥ក្បាលដី ចេញពីតំបន់៣ បញ្ជូលមកតំបន់២ សម្រាប់ផ្ដល់ឱ្យប្រជាពលរដ្ឋ ១៧៤៩គ្រួសារ នៅខេត្តកំពង់ធំ ។


 
ក្រៅពីនេះរដ្ឋាភិបាល ក៏កែសម្រួលផ្ទៃដី ៥៨ហិកតា និង១៦អា ចេញពីតំបន់៣ បញ្ចូលទៅតំបន់២ ជូន​ប្រជាពលរដ្ឋ ២២គ្រួសារ នៅខេត្តបន្ទាយមានជ័យ។ ចំណែកខេត្តពោធិ៍សាត់វិញ រដ្ឋាភិបាលសម្រេចឆ្វៀលដី ៣៤៤៨ហិកតា ចេញពីតំបន់៣ មកតំបន់២ សម្រាប់ប្រជាពលរដ្ឋ១៦៥៨គ្រួសារ។ នេះបើតាមនាយករដ្ឋមន្រ្តី ដែលប្រាប់ឱ្យលោក ជា សុផារ៉ា បន្តពិនិត្យលើស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់នោះ ដោយថ្លឹងថ្លែងជាមួយកត្តាប្រវត្តិសាស្ដ្រ ជីវភាពប្រជាពលរដ្ឋ និងការអភិរក្សតំបន់។
 
មូលហេតុដែលសម្ដេច ហ៊ុន សែន សម្រេចកាត់ដីឆ្វៀលឱ្យប្រជាពលរដ្ឋទាំងនោះ ដោយសារពួកគេរស់នៅទីនោះ ជាច្រើនឆ្នាំមកហើយ ដោយបង្កើនបានជាភូមិ ស្រុក សាលារៀន វត្តអារ៉ាម ដែលអាចមានសិទ្ធិទទួលដីពីរដ្ឋាភិបាល សម្រាប់បង្កបង្កើនអាស្រ័យផល ។ 
 
អត្ថបទទាក់ទង
 
ចំណែកពលរដ្ឋដែលទើបកាប់ទន្ទ្រានដីព្រៃលិចទឹកថ្មីៗ ដើម្បីធ្វើជាកម្មសិទ្ធិខ្លួននោះ រដ្ឋាភិបាល រឹបអូសយកវិញ ហើយមិនប្រគល់ឱ្យពួកគេឡើយ។ សម្រាប់ដីដែលរដ្ឋរឹបអូសពីការទន្ទ្រាននេះ អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដាំដើមឈើឡើងវិញ ហើយការពារតំបន់នោះ ឱ្យបានល្អ ។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
 
តំបន់បឹងទន្លេសាប បែងចែកជាបី គឺតំបន់រស់នៅរបស់ប្រជាជន ដែលអាចចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិកាន់កាប់ដល់ប្រជាពលរដ្ឋ។ ឯតំបន់មួយទៀត ដែលរដ្ឋាភិបាលបានកំណត់ជាតំបន់១ តំបន់២ និងតំបន់៣ ដែលទុកសម្រាប់ប្រជាពលរដ្ឋចូលទៅអាស្រ័យផល ប៉ុន្តែជាកម្មសិទ្ធិរបស់រដ្ឋ។ ដោយឡែកតំបន់ចុងក្រោយ គឺជាតំបន់ព្រៃលិចទឹក ដែលត្រូវតែការពារ និងអភិរក្សដាច់ខាត។ សម្ដេច ធ្លាប់លើកឡើងបែបនេះ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
  បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com