កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូសេណេហ្គាល់ប្រាប់ Mane ឱ្យចូលរួមជាមួយក្លិប Bayern Munich
13, Jun 2022 , 4:39 pm        
រូបភាព
លោក Aliou Cisse គ្រូបង្វឹកសេណេហ្គាល់ ថ្ងៃទី១២ ខែមិថុនា និយាយថាលោកបានប្រាប់ខ្សែប្រយុទ្ធជួរមុខ កីឡាករ Sadio Mane ឱ្យចុះកិច្ចសន្យាជាមួយក្រុម Bayern Munich សម្រាប់រដូវកាលខាងមុខ។

 
Mane ក្នុងពេលថ្មីៗ ត្រូវបានកាសែតកីឡាជាច្រើនផ្សាយថា ក្លិប Bayern Munich ដែលជាម្ចាស់ពានរង្វាន់ Bundesliga រដូវកាល ២០២១-២២ ចាប់អារម្មណ៍លើរូបគេ។ ទោះយ៉ាងនេះ Liverpool ក៏ធ្លាប់បាននិយាយថាខ្លួនបានបដិសេធសំណើររបស់ក្លិប Bayern ពីរដងរួចហើយ។
 
ខ្សែប្រយុទ្ធ Sadio Mane នៅសល់កិច្ចសន្យាជាមួយក្រុមហង្សក្រហម Liverpool រយៈពេល ១២ខែ ខណៈមិនទាន់មានដំណឹងអំពីរឿងបន្តកិច្ចសន្យាថ្មីបន្ថែម។ កាលពីដើមខែមិថុនា ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ក៏បានបង្ហើបពីបំណងចាកចេញពីក្រុមហង្សក្រហម ក្រោយរួមរស់រយៈពេល ៦ឆ្នាំដែរ។ 
 
ស្របពេលដែល Mane កំពុងបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិ សេណេហ្គាល់ គ្រូបង្វឹកលោក Cisse បាននិយាយក្នុងសន្និសីទកាសែតថា លោកជឿជាក់ក្លិប Bayern Munich និងផ្តល់អ្វីដ៏ពិសេសមួយដល់អាជីពរបស់ Mane ប្រសិនចង់ឱ្យគេចេញពី Liverpool។
 
«ខ្ញុំបានប្រាប់គេថាឱ្យព្យាយាមធ្វើការងារដោះស្រាយបញ្ហាលើរឿងកិច្ចសន្យាឱ្យបានល្អ ដើម្បីការផ្តោតអារម្មណ៍លើការប្រកួត Championships ដែលមកដល់។ ខ្ញុំក៏បានឭអំពីរឿង Mane និងក្លិប Bayern សម្រាប់ខ្ញុំ Bayern គឺជាក្លិបក៏ខ្លាំងពូកែមួយ ហើយក៏សាកសមសម្រាប់រូបគេចូលរួមបន្ទាប់ពី Liverpool។»។លោក Cisse និយាយបែបនេះ។
 
Mane ចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១៦ ក្រោយផ្ទេរពីក្លិប Southampton មករកបានគ្រាប់បាល់ចំនួន ៩០គ្រាប់ឱ្យ Liverpool ក្នុងការបង្ហាញខ្លួន ១៩៦ប្រកួត។ Mane ស្ថិតក្នុងចំណោមកីឡាករដែលរកគ្រាប់បាល់បានច្រើនចាប់តាំងពីឆ្នាំ ២០១៦ មក ដោយឈរពីក្រោយ កីឡាករ Jamie Vardy មាន១០៤គ្រាប់, Mohamed Salah មាន១១៨គ្រាប់ និង Harry Kane មាន ១៣៤គ្រាប់៕
 
 
 

Tag:
 Sadio Mane
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com