ជាតិ
ពីនេះ ពីនោះ
សហគមន៍នេសាទកែវពណ៌ រកឃើញពស់ថ្លាន់ពីរសម្បុក ហើយសង្ឃឹមអាចទាក់ទាញទេសចរច្រើន
14, Jun 2022 , 8:59 am        
រូបភាព
ពស់ថ្លាន់កំពុងក្រាបពងក្នុងសម្បុក ​ក្នុងតំបន់អភិរក្សត្រពាំងច្រាំង ក្នុងសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ពស់ថ្លាន់កំពុងក្រាបពងក្នុងសម្បុក ​ក្នុងតំបន់អភិរក្សត្រពាំងច្រាំង ក្នុងសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ដោយ៖ ឈុត ឈាណា / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
 
សៀមរាប៖ ពស់ថ្លា​ន់ពីរសម្បុក ត្រូវបានរកឃើញកំពុងក្រាបពង នៅក្នុងតំបន់អភិរក្សត្រពាំងច្រាំង ក្នុងសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ក្នុងចំណោមពស់ថ្លាន់ទាំងពីរសម្បុកនេះ មានមួយសម្បុក ​ត្រូវបានរកឃើញដោយសត្វសុនខ របស់ក្រុមអភិរក្ស និងមួយសម្បុកទៀត ត្រូវបានរកឃើញដោយក្រុមអភិរក្ស។



ពស់ថ្លាន់ ជាប្រភេទសត្វល្មូនគ្មានពិស​ តែវាអាចចាប់ និងលេបសត្វផ្សេងៗ ដែលមានទំហំធំជាងខ្លួនវា ​ជាអាហារបាន។  ពស់ថ្លាន់ ​មានឈ្មោះវិទ្យាសាស្ត្រ Python bivittatus ស្ថិតក្នុងចំណោមសត្វពស់ ដែលមានទំហំខ្លួនធំជាងគេលើផែនដី។ ពស់ថ្លាន់ញី អាចលូតលាស់ធំជាងពស់ថ្លាន់​ឈ្មោល ពេលវាពេញ​ពេញវ័យអាចមានទម្ងន់រហូតដល់ ៩០ គីឡូក្រាម និងមានប្រវែង ៧ ម៉ែត្រ។ ពស់ថ្លាន់ អាចបន្តពូជបាននៅក្នុង អាយុប្រហែល ២-៣ឆ្នាំ។ ​វាអាចរស់នៅបានដល់ ៣០ឆ្នាំ ឬយូរជាងនេះ​។​ ក្នុងពេលបន្តពូជម្តង វាអាចពងបានរហូតដល់ ១០០គ្រាប់។ កូនពស់ថ្លាន់ដែលទើបនឹងញាស់ លូតលាស់បានលឿនជាងពស់ដទៃទៀតដែលរស់នៅលើផែនដី ក្នុងអត្រាប្រហែល ៧០-១០០មម ក្នុងមួយខែ។
 
លោក ភុំ តង ប្រធានសហគមន៍នេសាទកែវពណ៌ បានឱ្យដឹងថា ពស់ថ្លាន់មួយសម្បុកក្នុងចំណោមពីរសម្បុក ត្រូវបានរកឃើញដោយសត្វសុនខ។ «មួយសម្បុកមុន ត្រូវបានរកឃើញដោយសត្វសុនខ ពេលវាចេញចាប់កណ្តុរ។ ពេលឮឆ្កែព្រុសមិនឈប់ ខ្ញុំក៏បានដើរទៅមើល ក៏ឃើញពស់ថ្លាន់កំពុងក្រាបពងក្នុងសម្បុក។ ពីរបីថ្ងៃក្រោយមក ដោយមានការសង្ស័យ ខ្ញុំក៏ដើរទៅរកមើលកន្លែងផ្សេង ក៏បានប្រទះឃើញមួយសម្បុកទៀត។ 
 
លោក ភុំ តង បានបង្ហាញនូវអារម្មណ៍សប្បាយ​រីករាយ ដែលឃើញវត្តមានរបស់ពស់ថ្លាន់នៅក្នុងតំបន់អភិរក្ស​ ដែលពីមុនមិនធ្លាប់ឃើញមាន។  លោក ភុំ តង មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ពេលឃើញវត្តមានពស់ថ្លាន់ ​នៅក្នុងតំបន់អភិរក្សរបស់ខ្ញុំ។ ​ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគតនឹងមានភ្ញៀវទេសចរមកទស្សនានៅក្នុងតំបន់នេះកាន់តែច្រើន»។
 
លោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានសម្តែងនូវសោមនស្សរីករាយ ចំពោះវត្តមានរបស់ពស់ថ្លាន់នេះ។ លោក កែវសុភៈ បានឱ្យដឹងថា កន្លងមក ខណ្ឌរដ្ឋបាលជលផលសៀមរាប  ធ្លាប់បានលែងពពួកសត្វអណ្តើក និងសត្វពស់ថ្លាន់នៅទីនេះដែរ។ លោក កែវសុភៈ មានប្រសាសន៍ថា៖ «ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលអ្វីដែលយើងបានធ្វើពីពេលកន្លងមក បានបង្ហាញ​លទ្ធផល នៅថ្ងៃនេះ»។ 
 
លោកស្រី កែវសុភៈ សង្ឃឹមថា ថ្ងៃអនាគត នៅក្នុងតំបន់នេះនឹងមានសត្វព្រៃច្រើនប្រភេទទៀតរស់នៅ ដែលជាកម្លាំងចលករមួយទាក់ទាញភ្ញៀវទេសចរមកកំសាន្តនៅក្នុងតំបន់នេះ។ លោក សុភៈ ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាកុំប្រមាញ់សត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់នេះ ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ។
 

ពងពស់ថ្លាន់​ក្នុងសម្បុក ​ក្នុងតំបន់អភិរក្សត្រពាំងច្រាំង ក្នុងសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
 
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលសៀមរាប និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្លាប់បានលែងពស់ថ្លាន់ចំនួន៥ក្បាល ចូលទៅក្នុងព្រៃលិចទឹកដែលជាទីជម្រកធម្មជាតិវិញ នៅតំបន់ចុងឃ្នៀស ស្រុកសៀមរាប ខេត្តសៀមរាប។ ការលែងនេះ ក្នុងគោលបំណងដើម្បីបង្កើនចំនួនពស់ថ្លាន់ក្នុងតំបន់ ដើម្បីទាក់ទាញទេសចរ។ 
 

ពស់ថ្លាន់មួយក្បាលក្នុងចំណោម ៥ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រៃលិចទឹក ក្នុងតំបន់ចុងឃ្នៀស ខេត្តសៀមរាប កាលពីឆ្នាំ ២០២១ កន្លងទៅនេះ ​ដោយក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយខណ្ឌរដ្ឋបាលជលផលសៀមរាប។
 
បឹងទន្លេសាប គឺចំណុចស្នូលនៃជីវៈចម្រុះដ៏សម្បូរបែប ដែលមានត្រីទឹកសាប ច្រើនជាង ៣០០ប្រភេទ។ ព្រៃលិចទឹក ភូមិបណ្តែតទឹក ផ្ទះជើងសសរខ្ពស់ៗ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជានេសាទ ​សត្វស្លាប ល្មូន និងប្រភេទសត្វផ្សេងៗទៀត គឺជាប៉ូលទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ បន្ទាប់ពីប្រាង្គប្រាសាទនានា ជាពិសេស ប្រាសាទអង្គរវត្ត។ ការបាត់បង់ព្រៃលិចទឹក និងជីវៈចម្រុះ ទេសចរក៏​អាច​បាត់បង់តាមដែរ។ សូមជួយថែរក្សាព្រៃលិចទឹក ដើម្បីនិរន្តរភាពនៃជីវៈចម្រុះ និងវិស័យទេសចរណ៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com