អត្ថបទពាណិជ្ជកម្ម
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ សហការគ្នាដាក់ធុងបែងចែកសំរាម ​​ក្នុងបរិ​វេណ​ពហុកីឡដ្ឋានជាតិមរតកតេជោ
14, Jun 2022 , 9:34 am        
រូបភាព
 រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ - ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការរៀបចំកម្មវិធី ប្រគល់ទទួលធុងបែងចែកសំរាមចំនួន ៥០ឈុត ដែលស្មើនឹង ១០០ធុង ដើម្បីដាក់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្មវិធីនេះ បានប្រព្រឹត្តឡើង នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ  ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  និងលោក Bruce Kidner នាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏ដូចជាមន្រ្តីក្រសួង និងកីឡដ្ឋាន។
 


កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការគ្រប់គ្រងកាកសំណល់រឹងនៅតាមទីសាធារណៈ ដោយផ្ដោតសំខាន់ទៅលើការញែកសំណល់ ដែលអាចកែច្នៃបាន និងមិនអាចកែច្នៃបានឲ្យបានត្រឹមត្រូវ  ក៏ដូចជាដើម្បីរួមចំណែកបង្កើតមេត្រីភាពបរិស្ថាន  ក្រោមសារបំផុសស្មារតី «ទម្លាប់ស្អាត ទីក្រុងស្អាត»។
 
លោក Bruce Kidner នាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ខេមប្រ៊ូវ បានសម្ដែងនូវក្តីពេញចិត្ត និងសាទរក្នុងការឧបត្ថម្ភធុងបែងចែកសំរាម ដោយលោកបានលើកឡើងថា៖«សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន រក្សាសោភ័ណភាពទីក្រុង និងការរស់នៅស្អាត។  លោកក៏បានបន្តទៀតថា ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន - ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក។ លោកជឿជាក់ថា ធុងបែងចែកសំរាមដែលក្រុមហ៊ុនបានផ្ដល់ជូននេះ នឹងរួមចំណែកក្នុងដំណោះស្រាយលើការគ្រប់គ្រងកាកសំណល់រឹង នៅព្រះរាជាណាចក្រកម្ពុជា»។


 
លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ដែរថា៖ «ការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមពីវិស័យឯកជន ក្នុងកិច្ចការពារបរិស្ថាន សោភ័ណភាពទីក្រុង គឺជាសកម្មភាពដ៏គួរឲ្យកោតសរសើរ និងបានបង្ហាញពីការចិត្តទុកដាក់ និងសាមគ្គីភាពរបស់វិស័យឯកជនលើបញ្ហាបរិស្ថាន។ លោករដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំជឿជាក់លើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយការចូលរួមពីវិស័យឯកជន ជាពិសេសគឺការយល់ដឹងរបស់ប្រជាជនគ្រប់រូប អំពីការទុកដាក់សំរាម នឹងជួយឲ្យបរិស្ថានល្អ ទីក្រុងមានសោភ័ណភាព ស្របតាមពាក្យស្លោក «កម្ពុជាស្អាត កម្ពុជាបៃតង»។
 
សូមជម្រាបជូនថា ក្រុមហ៊ុន ខេមប្រ៊ូវ  បានចូលរួមចំណែកក្នុងសង្គម  និងបានបង្ហាញពីភាព​ជាប្រតិបត្តិករអាជីវកម្មគំរូ ដែលដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងចីរភាព។ ក្នុងនាមជាក្រុមហ៊ុនស្រាបៀរ​ឈានមុខគេមួយនៅកម្ពុជា  ក្រុមហ៊ុន ខេមប្រ៊ូវ  បាន និងកំពុងបន្តយកចិត្តទុកដាក់ លើបញ្ហាប្រឈមក្នុងការអភិវឌ្ឍសង្គម និងតែងតែចូលរួមក្នុងសកម្មភាពនានាដែលជាប្រយោជន៍ និងអនាគតរួមគ្នារបស់យើងទាំងអស់គ្នា​៕










 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com