ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកប្រឆាំងប្រមាណ៦០នាក់ ត្រូវកាត់ទោសជាមួយគ្នា ឲ្យជាប់ពន្ធនាគារពី៥ឆ្នាំដល់៨ឆ្នាំ
14, Jun 2022 , 11:26 am        
រូបភាព
អ្នកនាង សេង ធារី ទៅចូលរួមស្តាប់ការប្រកាសសាលក្រម នៅតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយអ្នកនាង តែងខ្លួនធ្វើជានាងសេរីភាព ដែលជារូបសំណាកតំណាងឲ្យសេរីភាព និងយុត្តិធម៌ នៅសហរដ្ឋអាម៉េរិក។ រូបពីវីដេអូលើគណនីហ្វេសប៊ុក ឈឿន ដារ៉ាវី (Da ravy)
អ្នកនាង សេង ធារី ទៅចូលរួមស្តាប់ការប្រកាសសាលក្រម នៅតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយអ្នកនាង តែងខ្លួនធ្វើជានាងសេរីភាព ដែលជារូបសំណាកតំណាងឲ្យសេរីភាព និងយុត្តិធម៌ នៅសហរដ្ឋអាម៉េរិក។ រូបពីវីដេអូលើគណនីហ្វេសប៊ុក ឈឿន ដារ៉ាវី (Da ravy)
ថ្នាក់ដឹកនាំប្រឆាំង សកម្មជនប្រឆាំង និងអ្នកគាំទ្រខាងប្រឆាំង ដែលសរុបមានគ្នាដល់ទៅប្រមាណ៦០នាក់ ត្រូវបានតុលាការភ្នំពេញ ដាក់ទោសឲ្យជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំ ដល់៨ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ សាលក្រមស្តីពីការដាក់ទោសលើពួកគេ ត្រូវបានប្រកាស នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។



ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក តុ វ៉ាន់ចាន់ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ុំ សំអាន លោក ម៉ោញ សារ៉ាត់ លោក អ៊ីសា ឧស្មាន និង លោក គង់ សភា ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវជាប់ពន្ធនាគារ៨ឆ្នាំ។ តុលាការ ចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ថ្នាក់ដឹកនាំប្រឆាំងទាំង១១នាក់នេះ យកទៅឃុំ។

សកម្មជនប្រឆាំង៣នាក់ គឺលោក ហេង ចាន់រិទ្ធី (ហេង ចាន់សុទ្ធី?) លោក ទុំ ប៊ុនថន និង លោក កាក់ កុម្ភា ដែលកំពុងជាប់ឃុំស្រាប់ ត្រូវជាប់ឃុំ៦ឆ្នាំ។

អ្នកនាង សេង ធារី និងមនុស្ស៤នាក់ទៀត ដែលនៅក្រៅពន្ធនាគារ ត្រូវជាប់ពន្ធនាគារ៦ឆ្នាំដែរ។ តុលាការ ចេញដីកាឲ្យចាប់ពួកគេយកទៅឃុំជាបន្ទាន់។ អ្នកនាង សេង ធារី ជាអ្នករៀនជំនាញផ្នែកច្បាប់ពីសហរដ្ឋអាម៉េរិក ដែលបានទៅចូលរួមស្តាប់ការប្រកាសសាលក្រមដែរនោះ ត្រូវសមត្ថកិច្ច ចាប់ខ្លួនភ្លាមៗ និងនាំយកទៅកាន់ពន្ធនាគារ បន្ទាប់ពីសាលក្រម ត្រូវបានប្រកាសចប់មួយរំពេច។

ចំណែក មនុស្សប្រមាណ៤០នាក់ទៀត ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែ ទោស៥ឆ្នាំនេះ ត្រូវបានព្យួរ ដែលមានន័យថា ពួកគេប្រមាណ៤០នាក់នេះ ត្រូវអនុញ្ញាតឲ្យរស់នៅក្រៅពន្ធនាគារ។

ចំនួនឆ្នាំ ដែលត្រូវជាប់ឃុំក្នុងពន្ធនាគារ ចំនួនមនុស្ស ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ និងចំនួនមនុស្ស ដែលត្រូវព្យួរទោសខាងលើនេះ ត្រូវបានបង្ហាញដោយលោក ជូង ជូងឺ ជាមេធាវីការពារក្តីឲ្យពួកគេ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដែលរង់ចាំនៅមុខតុលាការ។

ចំពោះអ្នកនាង សេង ធារី លោកមេធាវី ជូង ជូងី ប្រាប់អ្នកកាសែតថា លោក នឹងទៅតាមជួបអ្នកនាងនៅពន្ធនាគារ ដើម្បីពិភាក្សាពីការប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។ លោក ថ្លែងដូច្នេះថា៖«[ការកាត់ទោសនេះ] អត់ត្រឹមត្រូវ អត់យុត្តិធម៌សម្រាប់គាត់ទេ»។

លោក សំ សុគង់ ជាមេធាវីការពារក្តីឲ្យអ្នកខាងដែរនោះ ផ្តល់ព័តមានដល់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា អ្នកនាង សេង ធារី ត្រូវបានសមត្ថកិច្ច ដឹកយកទៅពន្ធនាគារព្រៃស។ 

លោក អំ សំអាត មន្រ្តីនៃអង្គការលីកាដូ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ការកាត់ទោសមនុស្សដល់ទៅប្រមាណ៦០នាក់ ក្នុងសំណុំរឿងតែមួយជាមួយគ្នាបែបនះ គឺជាការកាត់ទោសលក្ខណៈទ្រង់ទ្រាយធំ ដែលលោកទើបនឹងឃើញជាលើកទី១នៅកម្ពុជា។

បើតាមលោកមេធាវី ជូង ជូងី មនុស្សប្រមាណ៦០នាក់នោះ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ ពួកគេ ត្រូវចោទពីបទទាំង២នេះ ដោយសារពួកគេ បង្ហាញការគាំទ្រ និងចូលទៅពាក់ព័ន្ធក្នុងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី។

ផែនការ៩វិច្ឆិកា គឺជាការប្រកាសរបស់លោក សម រង្ស៊ី ថានឹងវិលចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រដ្ឋាភិបាលកម្ពុជា ចាត់ទុក ផែនការវិលត្រឡប់របស់លោក សម រង្ស៊ី ថាជាផែនការបដិវត្តពណ៌។ លោក សម រង្ស៊ី ខ្លួនឯង ក៏ត្រូវចោទពីបទរួមគំនិតក្បត់ជាតិនេះដែរ។ យ៉ាងណា លោក ពុំបានវិលចូលស្រុកតាមផែនការនាពេលនោះឡើយ៕

Tag:
 កាត់ទោសអ្នកប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com