ជាតិ
យុទ្ធនាការ កំពតស្អាត ត្រូវបានរៀបចំឡើងក្រោមប្រធានបទ“ទម្លាប់ថ្មី ទម្លាប់ស្អាត”
× សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាមេគង្គ (JCI Cambodia-Mekong) កាលពីថ្ងៃទី១២ មិថុនា បានរៀបចំយុទ្ធនាការកំពតស្អាត ក្រោមប្រធានបទ “ទម្លាប់ថ្មី ទម្លាប់ស្អាត”។ នេះជាឆ្នាំទី៤ហើយដែលយុទ្ធនាការនេះត្រូវបានរៀបចំឡើង ក្រោយអាក់ខានដោយសារវិបត្តិកូវីដ-១៩។ ឆ្នាំនេះ យុទ្ធនាការនេះ រៀបចំនៅបរិវេណពហុកីឡដ្ឋាន ខេត្តកំពត ដោយមានអ្នកពាក់ព័ន្ធប្រមាណ៣០០នាក់ចូលរួម។
កំពតស្អាត២០២២ នៅតែឈរលើបេសកកម្ម និងចក្ខុវិស័យដដែល គឺលើកទឹកចិត្តដល់មនុស្សយុគសម័យថ្មី បន្តប្រតិ្តបត្តិគោលការណ៍សុវត្ថិភាព និងអនាម័យ ពិសេសការទុកដាក់ គ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ និងកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីចូលរួមលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានរស់នៅស្អាត នៅក្នុងក្រុងកំពត។
លោក អ៊ឹង ប៉ូឡា ប្រធានគម្រាងកំពតស្អាតឆ្នាំ២០២២ បានលើកឡើងថា ទាំងអស់គ្នាត្រូវចូលរួមគ្រប់គ្រងសំរាម ព្រោះសំរាមនៅលើផ្លូវសាធារណៈទាំងនោះ គឺកើតចេញពីសកម្មភាពរបស់ខ្លួន។ « បើយើងគ្រប់គ្រងសំរាមបានល្អ នោះទីសាធារណៈនឹងស្អាតដូចក្នុងផ្ទះរបស់យើង។ ហើយខេត្តកំពតនេះ គឺជាទីក្រុងស្អាត ដែលបុគ្គលម្នាក់ៗត្រូវចូលរួមគិតគូរក្នុងការគ្រប់គ្រងកាកសំណល់បានត្រឹមត្រូវ។ ហើយកិច្ចការនេះត្រូវការការចូលរួមពីយើងទាំងអស់គ្នា»។ លោក អ៊ឹង ប៉ូឡា បន្ថែមដូច្នេះ។
បន្ថែមពីនេះ លោក ឃឹម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២២ បានសង្កត់ធ្ងន់ថា បរិស្ថានស្អាត គឺផ្តើមចេញពីបុគ្គលម្នាក់ៗ ហើយលោកសង្ឃឹមថា យុទ្ធនាការកំពតស្អាត នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជន និងសាធារណជន ក្នុ្ងងទុកដាក់សំរាមមានសណ្តាប់ធ្នាប់ល្អ និងបង្កើតទម្លាប់កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន។
គួរជម្រាបជូនថា ក្នុងយុទ្ធនាការនេះ សភាយុវពាណិជ្ជករកម្ពុជាសាខាមេគង្គ ក៏បានចែកជូននូវថង់បរិស្ថាន និងដបទឹកបរិស្ថាន ដើម្បីបង្កើតទម្លាប់ថ្មី ទម្លាប់ស្អាត ក្នុងការថែរក្សាបរិស្ថានផងដែរ៕
Tag:
យុទ្ធនាការស្អាត
កំពតស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com