ជាតិ
បោះឆ្នោត
គ.ជ.ប៖ ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត ដំណើរការដោយជោគជ័យ
15, Jun 2022 , 4:56 pm        
រូបភាព
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប។(រូបពីគ.ជ.ប)
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប។(រូបពីគ.ជ.ប)
ដោយ៖ ញឹក សំអូន 

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត ដំណើរការដោយជោគជ័យ ដោយតួលេខសន្លឹកឆ្នោតដូចគ្នាទៅនឹងការប្រកាសលទ្ធផលបណ្ដោះអាសន្ន របស់គណៈកម្មាការរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ និងថា្នក់រាជធានី/ខេត្ត។


លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណកម្មាការរៀបចំការបោះឆ្នោត គ.ជ.ប បានលើកឡើងថា ក្រុមការងាររបស់ គ.ជ.ប បានផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញហើយ ប៉ុន្តែរកមិនឃើញភាពអវិជ្ជមាននោះទេ កាលពីថ្ងៃទី១៣-១៤ មិថុនា។
 
សម្រាប់ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតនេះ គ.ជ.ប បានសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យឡើងវិញ ដោយយកចិត្តទុកដាក់ លើទិន្នន័យពីគណៈកម្មាការរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ និងថា្នក់រាជធានី/ខេត្ត។ នេះបើតាមសម្តីលោក ហង្ស ពុទ្ធា។
 
«កិច្ចការធ្វើដោយរលូន មិនបានរកឃើញនូវភាពមិនប្រក្រតីទេ ហើយសម្រេចថា ជាការជោគជ័យនៃដំណើរបោះឆ្នោតហើយ»។ លោក ពុទ្ធា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាព្រឹកថ្ងៃទី១៥យ៉ាងដូច្នេះ។
 
បើតាមអ្នកនាំពាក្យ គ.ជ.បរូបនេះ លទ្ធផលនៃការផ្ទៀងផ្ទាត់សន្លឹកនេះ មិនទាន់អាចបង្ហាញជាសាធារណៈបានទេ ដោយសារត្រូវការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយសិន ចៀសវាងការភ័ន្តច្រឡំ និងតវ៉ាជាថ្មី។
 
លទ្ធផលសន្លឹកឆ្នោតទាំងនេះ ក្រុមមន្ត្រីជំនាញ នឹងដាក់ឆ្លងទៅកាន់ គ.ជ.ប ដែលមានមន្ត្រីចំនួន ៩រូប ជាអ្នកទទួលខុសត្រូវលើការងារបោះឆ្នោតនេះ។
 
លោក ហង្ស ពុទ្ធា បានបន្ថែមថា៖ «អ៊ឹចឹងបើការផ្ទៀងផ្ទាត់ទៅអ្នកសង្កេតការណ៍ ឬគណបក្សនយោបាយណា គាត់តវ៉ាជុំវិញភាពមិនប្រក្រតីណាមួយ នោះ គ.ជ.ប មានពេលវេលាដោះស្រាយ។ គ.ជ.ប មានប្រតិទិនច្បាស់លាស់ក្នុងការរង់ចាំទទួលបណ្ដឹងផ្សេង ពាក់ព័ន្ធនឹងការបោះឆ្នោត»។
 
សូមជម្រាបថា គណៈកម្មាធិការរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២៕
 

Tag:
 បោះឆ្នោត
  គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com